ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ ម៉ោង ០៤:១៩ នាទី រសៀល
👁 0
(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម ប៉ាន សូរស័ក្កិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមផ្តល់បាឋកថា ស្តីពី “សក្តានុពល និងអត្ថប្រយោជន៍ និងកាលានុវត្តភាពរបស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលកម្ពុជាបានចុះហត្ថលេខា និងដាក់ឱ្យចូលជាធរមាន” នៅសាលាភូមិន្ទរដ្ឋបាល។ កម្មវិធីបាឋកថានេះមានការចូលរួមពីគណៈប្រតិភូក្រសួងពាណិជ្ជកម្ម គណៈគ្រប់គ្រងសាលា មន្រ្តីរាជការ សិស្សមន្ត្រីជាន់ខ្ពស់ និងកម្មសិក្សាការីទាំងអស់ ឆ្នាំ២០២២ នៃសាលាភូមិន្ទរដ្ឋបាល សរុបប្រមាណ ៥៧៩អង្គ/នាក់។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្ត្រីបានសំដែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំសាលាភូមិន្ទរដ្ឋបាលដែលបានផ្តួចផ្តើមកម្មវិធីដ៏មានសារៈសំខាន់នេះ ក្នុងការចែករំលែកនូវព័ត៌មាន បទពិសោធ និងចំណេះដឹងអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលកម្ពុជាបានចុះហត្ថលេខា និងដាក់ឱ្យចូលជាធរមាន សម្រាប់ជាពុទ្ធិ និងការពង្រឹងសមត្ថភាពបន្ថែម ជូនដល់សិស្សមន្រ្តីជាន់ខ្ពស់ និងកម្មសិក្សាការី នៃសាលាភូមិន្ទរដ្ឋបាលដែលសុទ្ធសឹងជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការដែលមកពីបណ្ដាក្រសួង-ស្ថាប័ន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលកំពុងទទួលការបណ្ដុះបណ្ដាលនៅសាលាភូមិន្ទរដ្ឋបាល ក្នុងគោលបំណងចូលរួមក្នុងការងារកំណែទម្រង់ និងកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។
ថ្លែងក្នុងបាឋកថានោះ ឯកឧត្ដមរដ្ឋមន្ត្រីបានប្រគេនទូលថ្វាយ និងជម្រាបជូនអង្គពិធីនូវគោលនយោបាយជាតិសម្រាប់ការពិនិត្យលទ្ធភាពឱ្យកម្ពុជាចូលជាសមាជិករបស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលគោលនយោបាយជាតិនេះស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា ស្របតាមចំណុចទី៤ ស្តីពីការពង្រឹងសមត្ថភាពកម្ពុជា ដើម្បីបន្តសមាហរណកម្មខ្លួនចូលក្នុងសេដ្ឋកិច្ចតំបន់ និងពិភពលោក ដែលបានកំណត់ក្រោម ផ្នែកទី២.២.២ ស្តីពី បរិស្ថានគ្របដណ្តប់សម្រាប់ការអនុវត្តយុទ្ធសាស្រ្តទាំងមូល។ យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤នេះត្រូវបានរៀបចំឡើងជាឯកសារ និងបោះពុម្ភផ្សាយក្នុងឆ្នាំ២០១៨។ យុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលមានគោលបំណងបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងការផលិត និងនាំចេញទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។ បន្ថែមពីនោះដែរ ឯកឧត្តមរដ្ឋមន្រ្តីក៏បានជម្រាបជូនអង្គពិធីអំពីរបបគោលនយោបាយពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា សក្តានុពល អត្ថប្រយោជន៍ និងកាលានុវត្តភាពសំខាន់ៗដែលកម្ពុជាទទួលបាន និងអត្ថប្រយោជន៍ទៅលើការបើកទីផ្សារបន្ថែមក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន និងកម្ពុជា-កូរ៉េ ដែលទើបតែចូលជាធរមាននាពេលថ្មីៗនេះ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីទាំងពីរនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ធ្វើសេរីភាវូបនីយកម្ម និងសម្រួលពាណិជ្ជកម្មទំនិញរវាងភាគីទាំងពីរតាមរយៈការកាត់បន្ថយនិងលុបបំបាត់ពន្ធគយនិងរបាំងមិនមែនពន្ធគយ ដោយធានាថាស្តង់ដា បទប្បញ្ញត្តិបច្ចេកទេស និងនីតិវិធីវាយតម្លៃអនុលោមភាព មិនបង្កជាឧបសគ្គដល់ការធ្វើពាណិជ្ជកម្ម និងសម្រួលពាណិជ្ជកម្មសេវាកម្ម ការការពារ និងការជំរុញ និងទាក់ទាញវិនិយោគ ធ្វើពិពិធកម្មនិងលើកកម្ពស់ការតភ្ជាប់សេដ្ឋកិច្ច ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ និងបង្កើតរចនាសម្ព័ន្ធសម្រាប់អនុវត្តកិច្ចព្រមព្រៀង និងកំណត់យន្តការដោះស្រាយវិវាទ។
នៅកិច្ចបញ្ចប់ ឯកឧត្ដមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះអង្គពិធីសម្រាប់ការផ្តល់ឱកាសឱ្យឯកឧត្តម និងសហការី បានចូលរួមក្នុងកម្មវិធីផ្ដល់បាឋកថាដ៏មានសារៈសំខាន់នេះ ដែលជាចំណែកមួយក្នុងការផ្ដល់ពុទ្ធិ បទពិសោធ និងចំណេះដឹងដល់ការចូលរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្សក្នុងរដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣