ក្រសួងពាណិជ្ជកម្ម បានសម្ពោធដាក់ឱ្យអនុវត្តគម្រោង “កំណែទម្រង់ស្ថាប័នរបស់វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវពាណិជ្ជកម្ម និងការអភិវឌ្ឍមជ្ឍមណ្ឌលព័ត៍មានសម្រាប់ពាណិជ្ជកម្មសេរី និងលេខាធិការដ្ឋាននៃគណៈកម្មាធិការចរចាពាណិជ្ជកម្មជាតិ”

ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ ម៉ោង ០៧:៤៣ នាទី យប់

👁 9

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ភ្នំពេញ)៖ កាលពីរសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម សុខ សុភ័ក្រ្ត រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មការតម្រង់ទិសរបស់គម្រោង ARISE Plus Cambodia ដែលជាតំណាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានសម្ពោធដាក់ឱ្យអនុវត្តគម្រោង “កំណែទម្រង់ស្ថាប័នរបស់វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវពាណិជ្ជកម្ម និងការអភិវឌ្ឍមជ្ឍមណ្ឌលព័ត៍មានសម្រាប់ពាណិជ្ជកម្មសេរី និងលេខាធិការដ្ឋាននៃគណៈកម្មាធិការចរចាពាណិជ្ជកម្មជាតិ” ដោយមានវត្តមានរបស់តំណាងអន្តរក្រសួង-ស្ថាប័ន តំណាងសហភាពអឺរ៉ុបនៅកម្ពុជា នាយកគម្រោង ARISE Plus Cambodia ឯកឧត្តមរដ្ឋលេខាធិការ ឯកឧត្តមអនុរដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម។ គម្រោងនេះ គឺទទួលបានជំនួយឥតសំណងផ្តល់ដោយទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) សម្រាប់ការអនុវត្តចំនួន១២ ខែ លើសកម្មភាព ៣ សំខាន់ៗ៖ ១) កំណែទម្រង់ស្ថាប័នសម្រាប់វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវពាណិជ្ជកម្ម ២) ការបង្កើតមជ្ឈមណ្ឌលចំណេះដឹងសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និង ៣) ការបង្កើតលេខាធិការដ្ឋានសម្រាប់គណៈកម្មាធិការចរចាពាណិជ្ជកម្មជាតិ។

ក្នុងសុទ្ទរកថាបើក ឯកឧត្តមរដ្ឋលេខាធិការ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានអ្នកចូលរួមទាំងអស់ និងបានថ្លែងអំណរគុណចំពោះសហភាពអឺរ៉ុបនៅកម្ពុជា និងគម្រោង ARISE Plus Cambodia ដែលបានផ្តល់ការគាំទ្រក្រសួងពាណិជ្ជកម្មនាពេលកន្លងមក។ ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍ថា ការអនុវត្តគម្រោងនេះ គឺស្របតាមកាលៈទេសៈ ដែលប្រទេសកម្ពុជាជាសមាជិកនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP)  កិច្ចព្រមព្រៀងទ្វេភាគីជាមួយប្រទេសចិន និងកិច្ចព្រមព្រៀងទ្វេភាគីជាមួយប្រទេសកូរ៉េ។ គម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ជាអតិបរមាសម្រាប់ការកសាងសមត្ថភាពរបស់មន្រី្តរាជការក្រសួងពាណិជ្ជកម្ម និងអន្តរក្រសួង-ស្ថាប័នទាក់ទងនឹងការចរចាពាណិជ្ជកម្មសេរី និងជាមជ្ឍមណ្ឌលសម្រាប់ចែករំលែកព័ត៍មាន និងចំណេះដឹងពាក់ព័ន្ធនឹងការចរចាពាណិជ្ជកម្មសេរីនានា។

ជាកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ពីពីជំហរយ៉ាងមុតមាំរបស់ក្រសួងពាណិជ្ជកម្មក្នុងការអនុវត្តគម្រោងប្រកបដោយជោគជ័យ និងលើកពីការធ្វើសហប្រតិបត្តិការជាមួយជាមួយដៃគូអភិវឌ្ឍន៍ និងបានស្នើសុំឱ្យក្រសួងស្ថាប័នពាក់ព័ន្ធបន្តចូលរួមក្នុងការសហការអនុវត្តគម្រោងបន្តទៀត។

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ