ឯកឧត្តម សុខ សុភ័ក្រ្ត រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម អនុញ្ញាតឱ្យលោក WADA Yuhei អតីតប្រធានតំណាងគណៈកម្មាធិការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងឧស្សាហកម្មអាស៊ាន-ជប៉ុន(AMEICC) ចូលជួបសម្តែងការគួរសម

ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ ម៉ោង ០៦:០៤ នាទី ព្រឹក

👁 1

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ភ្នំពេញ) នារសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម សុខ សុភ័ក្រ្ត រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតឱ្យលោក WADA Yuhei អតីតប្រធានតំណាងគណៈកម្មាធិការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងឧស្សាហកម្មអាស៊ាន-ជប៉ុន(AMEICC) ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្មនៅកម្ពុជា។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋលេខាធិការ វាយតម្លៃខ្ពស់ចំពោះការគាំទ្រនិងការចូលរួមចំណែករបស់ AMEICC ក្នុងសមាហរណកម្មអាស៊ាន និងបានកោតសរសើរលោក WADA Yuhei ដែលកន្លងមកបានជួយសម្របសម្រួល និងជំរុញរាល់កិច្ចសហប្រតិបត្តិការនានាក្រោមគម្រោងរបស់ AMEICC ដល់កម្ពុជា និងសមាជិកដទៃទៀតឱ្យទទួលបានការឧបត្ថម្ភគាំទ្រទាំងធនធានហិរញ្ញវត្ថុ និងបច្ចេកទេស ពីប្រទេសជប៉ុន។ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានស្វាគមន៍និងអបអរលោក FUJIOKA Ryosuke ដែលទទួលបានការតែងតាំងមកបំពេញតួនាទីជំនួសលោក WADA Yuhei និងបានគូសបញ្ជក់ពីការបន្តគាំទ្រនិងចូលរួមយ៉ាងសកម្ម ព្រមទាំងផ្តល់រាល់កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយ AMEICC។ ទន្ទឹមនោះ ឯកឧត្តមរដ្ឋលេខាធិការ ស្នើឱ្យ AMEICC បង្កើតគម្រោងជំនួយបច្ចេកទេសជួយដល់ប្រទេសអភិវឌ្ឍន៍តិចតួចក្នុងអាស៊ានលើវិស័យថាមពលស្អាត និងឌីជីថល។

ជាការឆ្លើយតប លោក WADA Yuhei អតីតប្រធាន AMEICC បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ    ឯកឧត្តមរដ្ឋលេខាធិការ ចំពោះការគាំទ្រនិងកិច្ចសហការដ៏ល្អរវាងក្រសួងពាណិជ្ជកម្មកម្ពុជានិង AMEICC។ ឆ្លៀតក្នុងឱកាសនោះផងដែរ លោក FUJIOKA Ryosuke ប្រធានតំណាងថ្មី បានជម្រាបឯកឧត្តមរដ្ឋលេខាធិការ ពីការប្តេជ្ញាចិត្តក្នុងការបន្តអនុវត្តនិងជំរុញគំនិតផ្តួចផ្តើមនានា ក្រោមយន្តការ AMEICC ជាពិសេសការប្រើប្រាស់ថាមពលស្អាត (Clean Energy) ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុ និងដោះស្រាយបញ្ហារបស់ប្រទេសក្នុងអាស៊ាននិងក្នុងតំបន់ទន្លេមេគង្គ។

ក្នុងជំនួបនេះផងដែរ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានជំរុញឱ្យមានការត្រួតពិនិត្យនិងកែសម្រួលនូវគម្រោងមួយចំនួនក្រោមយន្តការនៃគណៈកម្មាធិការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងឧស្សាហកម្មអាស៊ាន-ជប៉ុន (AMEICC) ដើម្បីឆ្លើយតបនិងស្ថានភាពនិងការវិវត្តជាក់ស្ដែង ជាពិសេសការជួយគាំទ្រសហគ្រាសមីក្រូ តូច និងមធ្យម ការអភិវឌ្ឍខ្សែច្រវាក់តម្លៃ ក៏ដូចជាការផ្តល់ជំនួយបច្ចេកទេសនិងបណ្តុះបណ្តាលសមត្ថភាពមន្រ្តីជំនាញរបស់កម្ពុជា ឡាវ មីយ៉ាន់ម៉ា ជាដើម ដើម្បីកាត់បន្ថយគម្លាតអភិវឌ្ឍន៍នៅក្នុងតំបន់។  

ជាកិច្ចបញ្ចប់ ភាគីទាំងពីរបានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិក្របខ័ណ្ឌតំបន់ឱ្យកាប់តែស៊ីជម្រៅ ជាពិសេសការអភិវឌ្ឍលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ការអនុវត្តគំនិតផ្តួចផ្តើម និងគម្រោងនានាក្រោមកិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ