ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំប្រតិភូក្រសួង ចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម អាបេ ស៊ីន ហ្សូ (Abe Shinzo) អតីតនាយករដ្ឋមន្រ្តីជប៉ុន

ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ ម៉ោង ០៤:៣១ នាទី រសៀល

👁 6

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ នៅនិវេសនដ្ឋាន ឯកឧត្តម មីកាមិ ម៉ាសាហីរ៉ូ (Mikami Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម អាបេ ស៊ីនហ្សូ (Abe Shinzo) អតីតនាយករដ្ឋមន្រ្តីជប៉ុន ដែលបានទទួលមរណភាព កាលពីរសៀលថ្ងៃសុក្រ ទី០៨ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅ ក្នុងជន្មាយុ ៦៧ឆ្នាំ ដោយសារការធ្វើឃាតក្នុងកំឡុងពេលថ្លែងសុន្ទរកថាមួយក្នុងទីក្រុង Nara ភាគខាងលិចប្រទេសជប៉ុន។

ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូន ឯកឧត្តមឯកអគ្គរាជទូត ថាមរណភាពរបស់ ឯកឧត្តម អាបេ ស៊ីនហ្សូ (Abe Shinzo) គឺជាការបាត់បង់នូវរដ្ឋបុរសដ៏ឆ្នើមមួយរូបរបស់ជប៉ុន ដែលត្រូវបានគេទទួលស្គាល់ និងលើកសរសើរទូទាំងពិភពលោកចំពោះភាពជាអ្នកដឹកនាំប្រកបដោយសមត្ថភាព ក្នុងការជំរុញវឌ្ឍនភាពរបស់ជប៉ុន និងការចូលរួមចំណែកយ៉ាងសកម្មដល់សន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោកទាំងមូល។

ជាមួយគ្នានេះ ក្នុងនាមជាមិត្តល្អយូរលង់របស់កម្ពុជា ឯកឧត្តម អាបេ ស៊ីនហ្សូ បានធ្វើការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងជប៉ុនបន្ថែមទៀត នៅក្នុងអាណត្តិជានាយករដ្ឋមន្ត្រីរបស់ ឯកឧត្តម រួមទាំងការលើកកម្រិតកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរឱ្យទៅជាដៃគូយុទ្ធសាស្ត្រ កាលពីឆ្នាំ២០១៣ កន្លងទៅ។ ប្រការទាំងនេះ ទើបធ្វើឱ្យប្រជាជនខ្មែរគ្រប់រូប នៅតែចងចាំ និងនៅតែនឹករលឹកយ៉ាងខ្លាំងនូវស្នាដៃជាប្រវត្តសាស្រ្តរបស់គាត់ ជារៀងដរាប

ស្ថិតក្នុងបរិយាកាសដ៏សោកសង្រេង ប្រកបដោយសេចក្តីក្រៀមក្រំបំផុតនេះ គណៈប្រតិភូក្រសួងពាណិជ្ជកម្ម សូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារ ឯកឧត្តម អាបេ ស៊ីនហ្សូ ព្រមទាំងប្រជាជនជប៉ុន ចំពោះមរណភាព និងសូមបួងសួងដួងវិញ្ញាណក្ខន្ធរបស់ ឯកឧត្តម បានយោនយកកំណើតក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ