ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ ម៉ោង ០៨:៣៥ នាទី យប់
👁 0
(ភ្នំពេញ) នារសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្ដម សុខ សុភ័ក្រ្គ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលស្វាគមន៍ លោក Kensuke Molnar-Tanaka ប្រធានការិយាល័យទទួលបន្ទុកកិច្ចការតំបន់អាស៊ី នៃមជ្ឈមណ្ឌលអភិវឌ្ឍអង្គការ OECD ចូលជួបពិភាក្សាការងារ។
ជាកិច្ចចាប់ផ្តើម ឯកឧត្ដមរដ្ឋលេខាធិការ បានទទួលស្វាគមន៍លោក Kensuke Molnar-Tanaka យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណចំពោះការរួមចំណែកផ្ដល់នូវព័ត៌មាន ចំណេះដឹង និងទិន្នន័យផ្លូវការ ដែលមានសារៈសំខាន់ដល់ការកំណត់គោលនយោបាយ និងផ្សព្វផ្សាយអំពីការអភិវឌ្ឍរបស់ប្រទេសកម្ពុជាទៅកាន់សកលលោក ជាពិសេសតាមរយៈការបោះពុម្ពផ្សាយរបាយការណ៍ស្តីពីវឌ្ឍនភាពសេដ្ឋកិច្ចកម្ពុជាកន្លងមក។
ថ្លែងក្នុងកិច្ចពិភាក្សានេះ ឯកឧត្ដមរដ្ឋលេខាធិការ បានគូសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងពាណិជ្ជកម្មជាសេនាធិការ ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច សមាហរណកម្មពាណិជ្ជកម្មអន្តរជាតិ ស្របពេលជាមួយនឹងការធ្វើកំណែទម្រង់ស្ថាប័ន និងបទប្បញ្ញត្តិនានា ព្រមទាំងការបង្កើតគំនិត
ផ្តួចផ្តើមថ្មីៗសំខាន់ៗ ដែលសំដៅដល់កិច្ចសម្រួលពាណិជ្ជកម្ម និងវិនិយោគ។
បន្ថែមពីនេះ ឯកឧត្ដមរដ្ឋលេខាធិការ ក៏បានលើកឡើងអំពីការទទួលរងបច្ច័យអវិជ្ជមាន ដែលបណ្តាលមកពីការរីករាលដាលនៃជម្ងឺកូវីដ-១៩ ភាពតានតឹងក្នុងតំបន់ និងវិបត្តិប្រេងនិងថាមពល ក្នុងខ្សែច្រវាក់ផ្គត់ផ្គង់សកល ភាពប្រកួតប្រជែងទីផ្សារ បញ្ហាចំណាយប្រតិបត្តិការពាណិជ្ជកម្ម នៅក្នុងពិភពលោក រួមទាំងកម្ពុជា។
ជាកិច្ចឆ្លើយតប លោកប្រធានការិយាល័យ បានកោតសរសើរចំពោះវឌ្ឍនភាពគួរឱ្យកត់សម្គាល់នៃវិស័យពាណិជ្ជកម្មរបស់កម្ពុជា និងបង្ហាញពីការគាំទ្រដល់កម្ពុជា តាមរយៈការបោះពុម្ពផ្សាយរបាយការណ៍ និង
ឯកសារគោលនយោបាយ ដូចដែលបានគ្រោងធ្វើកន្លងមក។
ជាកិច្ចបញ្ចប់ ឯកឧត្ដមរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់ភាគី OECD ចំពោះឆន្ទៈដ៏មោះមុត ក្នុងការបន្តកិច្ចសហការយ៉ាងជិតស្និទ្ធិជាមួយក្រុមការងារបច្ចេកទេសនៃស្ថាប័នពាក់ព័ន្ធកម្ពុជា និងបានស្វាគមន៍ចំពោះគម្រោងបោះពុម្ពផ្សាយឯកសារពាក់ព័ន្ធនានា ក្នុងអំឡុងកិច្ចប្រជុំអាស៊ាននាពេលខាងមុខនេះ។
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣