លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងកម្មវិធីបិទវគ្គ និងប្រគល់វិញ្ញាបនប័ត្រជូនដល់សិក្ខាកាមវគ្គទី១ និងទី២ នៃ“កម្មវិធីបណ្តុះបណ្តាលស្តីពីអាជីវកម្មបែបឌីជីថល សម្រាប់សហគ្រាសធុនតូចនិងមធ្យម”

ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ម៉ោង ០១:៥៨ នាទី យប់

👁 1

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបិទវគ្គ និងប្រគល់វិញ្ញាបនប័ត្រ “កម្មវិធីបណ្តុះបណ្តាលស្តីពីអាជីវកម្មបែបឌីជីថល សម្រាប់សហគ្រាសធុនតូចនិងមធ្យម” ជូនដល់ម្ចាស់ និងតំណាងសហគ្រាសធុនតូចនិងមធ្យមកម្ពុជាចំនួន ៨០ នាក់។

កម្មវិធីបណ្តុះបណ្តាលស្តីពីអាជីវកម្មបែបឌីជីថលសម្រាប់សហគ្រាសធុនតូចនិងមធ្យម គឺជាកម្មវិធីមួយ ដែលស្ថិតនៅក្នុង សមាសភាគទី២ នៃគម្រោងអភិវឌ្ឍន៍ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក(Go4eCAM) ដែលកំពុងអនុវត្តដោយក្រសួងពាណិជ្ជកម្ម និងទទួលបានការគាំទ្រហិរញ្ញប្បទានពីកម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្មពាណិជ្ជកម្ម (EIF)។ កម្មវិធីបណ្តុះបណ្តាលនេះទទួលបានការគាំទ្រហិរញ្ញប្បទានរួមគ្នារវាងក្រសួងពាណិជ្ជកម្ម ក្រសួងសេដ្ចកិច្ចនិងហិរញ្ញវត្ថុ UNDP Cambodia និងសហគ្រិនខែ្មរ ក្នុងគោលបំណងបណ្តុះបណ្តាលជំនាញឌីជីថល និងសហគ្រិនភាពជូនដល់សហគ្រាសខ្នាតតូច និងមធ្យម (MSMEs) និងបង្កើនសមត្ថភាពរបស់ពួកគេ ក្នុងការទទួលយកបច្ចេកវិទ្យាឌីជីថល ដើម្បីលើកកម្ពស់ការប្រកួតប្រជែងអាជីវកម្មទាំងទីផ្សារក្នុងស្រុក និងឆ្លងកាត់ព្រំដែន។

ជាកិច្ចចាប់ផ្តើម លោកជំទាវរដ្ឋលេខាធិការ បានសម្តែងនូវគាវរកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានសហគ្រិនខ្មែរ តំណាងអង្គការ UNDP Cambodia សមាគមសហគ្រិនវ័យក្មេងកម្ពុជា និងតំណាងសហគ្រាសធុនតូច និងមធ្យមទាំងអស់ដែលបានទទួលបានជោគជ័យក្នុងការបណ្តុះបណ្តាល។ ក្នុងឱកាសនេះផងដែរ លោកជំទាវរដ្ឋលេខាធិការ បានបញ្ជាក់ពីសមិទ្ធិផលសំខាន់ៗរបស់ ក្រសួងពាណិជ្ជកម្ម ក្នុងការអនុវត្តច្បាប់គតិយុទ្ធ និងយុទ្ធសាស្ត្រជម្រុញសេដ្ឋកិច្ចឌីជីថល រួមមាន៖ ច្បាប់ស្ដីពីកិច្ចការការពារអ្នកប្រើប្រាស់ ច្បាប់ស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក សេចក្តីព្រាងច្បាប់ស្តីពីការប្រកួតប្រជែង យុទ្ធសាស្រ្តសមាហរណកម្មពាណិជ្ជកម្មកម្ពុជា២០១៩-២០២៣ យុទ្ធសាស្រ្តពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក គម្រោងអភិវឌ្ឍន៍ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (Go4eCAM) និងផ្សារពាណិជ្ជកម្មខេមបូឌាត្រេដ ដែលដឹកនាំ និងអនុវត្តដោយក្រសួងពាណិជ្ជកម្ម ស្របតាមយុទ្ធសាស្ត្រគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការចាប់យកសេដ្ឋកិច្ចឌីជីថល ឆ្លើយតបទៅនឹងបរិបទឧស្សាហកម្ម៤.០។

បន្ថែមពីនេះ លោកជំទាវរដ្ឋលេខាធិការ ក៏បានលើកពីយុទ្ធសាស្រ្តក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងក្របខ័ណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីសម្រាប់ការងើបឡើងវិញសេដ្ឋកិច្ចក្នុងបរិបទនៃការរស់នៅជាមួយកូវីដ-១៩ ក្នុងប្រក្រតីភាពថ្មី ២០២១-២០២៣ ផងដែរ។

ជាកិច្ចបញ្ចប់ លោកជំទាវរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់អង្គការ UNDP Cambodia សហគ្រិនខែ្មរ និង សមាគមសហគ្រិនវ័យក្មេងកម្ពុជា ដែលបានខិតខំប្រឹងប្រែងអនុវត្តរួមគ្នា ក្នុងការជម្រុញ អនុវត្តកម្មវិធីបណ្តុះបណ្តាលនេះឡើង ប្រកបដោយភាពជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់ដូចបានរំពឹងទុក។ លោកជំទាវរដ្ឋលេខាធិការ ក៏បានសម្តែងការអបអរសាទរដល់ម្ចាស់ និងតំណាងសហគ្រាសធុនតូច និងមធ្យមទាំងអស់ ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលដោយជោគជ័យ ក្នុងការទទួលបានចំណេះដឹងនិងជំនាញថ្មីដើម្បីបន្តពង្រឹង និងពង្រីកអាជីវកម្មរបស់ខ្លួនឲ្យកាន់តែមានសក្តានុពលក្នុងវិស័យពាណិជ្ជកម្មតាមប្រព័ន្ធឌីជីថលនេះ ៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ