ផ្សារខេមបូឌាត្រេដ នៃគម្រោងអភិវឌ្ឍន៍វិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា (Go4eCAM) របស់ក្រសួងពាណិជ្ជកម្ម ចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូ (Partnership Agreement) ក្នុងការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនរបស់ក្រុមហ៊ុន DHL Cambodia

ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ម៉ោង ០៧:០៥ នាទី យប់

👁 0

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ផ្សារខេមបូឌាត្រេដ នៃគម្រោងអភិវឌ្ឍន៍វិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា (Go4eCAM) របស់ក្រសួងពាណិជ្ជកម្ម បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូ (Partnership Agreement) ក្នុងការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនរបស់ក្រុមហ៊ុន DHL Cambodia ក្រោមអធិបតីភាព លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដែលនៃគម្រោងអភិវឌ្ឍន៍វិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា (Go4eCAM) នេះ បាននិងកំពុងអនុវត្តដោយក្រសួងពាណិជ្ជកម្ម និងទទួលបានការគាំទ្រហិរញ្ញប្បទានពីកម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្មពាណិជ្ជកម្ម (EIF)។

ក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ បានមានប្រសាសន៍ថា៖ "ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាដៃគូនេះ នឹងក្លាយជាព្រឹត្តិការណ៍ដ៏ពិសេសមួយនៅក្នុងកិច្ចសហប្រតិបត្តិការជាមួយវិស័យឯកជន ជាពិសេស ក្រុមហ៊ុន DHL Cambodia ដើម្បីបង្កើនឱកាសសេដ្ឋកិច្ចជូនដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាតាមរយៈការដាក់លក់ផលិតផលខ្មែរសម្រាប់អតិថិជន និងដៃគូអាជីវកម្មជាមួយប្រព័ន្ធដឹកជញ្ជូនដែលមានទំនុកចិត្តខ្ពស់"។

លោកជំទាវរដ្ឋលេខាធិការ បន្តថានៅក្រោមកិច្ចព្រមព្រៀងជាដៃគូនេះ ផ្សារខេមបូឌាត្រេដរបស់ក្រសួងពាណិជ្ជកម្ម នឹងត្រូវតភ្ជាប់ជាមួយប្រព័ន្ធដឹកជញ្ជូនសម្រាប់ទីផ្សារក្រៅប្រទេសរបស់ក្រុមហ៊ុន DHL Cambodia ដើម្បីជួយសម្រួលដល់សហគ្រាសធុនតូច និងមធ្យម (SMEs) ដើម្បីអាចលក់ និងនាំចេញផលិតផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិបានយ៉ាងងាយស្រួល និងប្រកបដោយសុវត្ថិ។ កិច្ចព្រមព្រៀងនេះ ក៏បានគូសបញ្ជាក់ផងដែរអំពីកិច្ចសហប្រតិបត្តិការក្នុងការចែករំលែកចំណេះដឹង និងការបណ្ដុះបណ្ដាលសម្រាប់ SMEs ដែលបានចុះឈ្មោះជាមួយផ្សារខេមបូឌាត្រេដទាក់ទងនឹងការដឹកជញ្ជូន។

លោកជំទាវរដ្ឋលេខាធិការ បានបន្ថែមថា ការតភ្ជាប់ប្រព័ន្ធទាំងពីរនេះ នឹងជួយដល់សហគ្រិនក្នុងស្រុក ជាពិសេស សហគ្រាសធុនតូចនិងមធ្យមកម្ពុជា ដែលលក់ផលិតខ្មែរ ក្នុងការពង្រីកការលក់ និងទីផ្សាររបស់ខ្លួន និងប្រាក់ចំណូលតាមរយៈការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកក្នុងផ្សារខេមបូឌាត្រេដ ខណៈដែលសកម្មភាពនេះ នឹងជំរុញដល់បរិយាប័ន្នហិរញ្ញវត្ថុ និងវឌ្ឍនភាពឌីជីថលបន្ថែមទៀតរបស់ប្រទេស។

ជាមួយគ្នានេះ លោក Prayag Chitrakar នាយកប្រចាំប្រទេសនៃក្រុមហ៊ុន DHL Cambodia បានមានប្រសាសន៍ថា៖ “ភាពជាដៃគូនេះ អនុញ្ញាតឱ្យយើងផ្ដល់ជូនសហគ្រាសធុនតូច និងមធ្យមនូវឱកាសធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកតាមរយៈផ្សារខេមបូឌាត្រេដរបស់ក្រសួងពាណិជ្ជកម្ម”។ លោកនាយក បានបន្តទៀតថា ក្រុមហ៊ុន DHL Cambodia បានត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួងពាណិជ្ជកម្ម ដើម្បីសម្រេចបាននូវគោលដៅ និងលទ្ធផលនៃកិច្ចព្រមព្រៀងជាដៃគូនេះ ៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ