ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Thit Linn Ohn ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ាប្រចាំកម្ពុជា និងសហការី

ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ ម៉ោង ១២:១១ នាទី ថ្ងៃត្រង់

👁 4

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ភ្នំពេញ)៖ នាពីរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តី ក្រសួងពាណិជ្ជកម្ម និងជាប្រធាននៃកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាននិងកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០២២ បានអនុញ្ញាតឱ្យ ឯកឧត្តម Thit Linn Ohn ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ាប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងគោលដៅពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តមឯកអគ្គរដ្ឋទូត ព្រមទាំងសហការី ដែលបានអញ្ជើញមកធ្វើទស្សនកិច្ចនៅក្រសួងពាណិជ្ជកម្ម និងបានថ្លែងអំណរគុណចំពោះប្រទេសមីយ៉ាន់ម៉ា ដែលបានផ្តល់ការគាំទ្រដល់កម្ពុជាក្នុងនាមជាប្រធានអាស៊ាន២០២២។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនអំពីវឌ្ឍនភាពនៃការរៀបចំសមិទ្ធផលសេដ្ឋកិច្ចអាទិភាពកម្ពុជាទាំង ១៩ ក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន និងស្នើឱ្យប្រទេសមីយ៉ាន់ម៉ាបន្តការចូលរួមរៀបចំ និងគំាទ្រ សំដៅអាចសម្រេចបានដោយជោគជ័យក្រោមភាពជាប្រធានអាស៊ានរបស់កម្ពុជា។

បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានស្នើឱ្យភាគីមីយ៉ាន់ម៉ា ពិនិត្យលទ្ធភាពជួយជំរុញឱ្យមានការនាំចូលផលិតផលកសិកម្ម មានសក្តានុពលពីកម្ពុជា ដូចជា៖ ស្វាយ ចេកសម្ងួត មៀន ផ្លែបឺរ គ្រាប់ស្វាយចន្ទី ដំឡូងជ្វា ម្ទេស ល្ង និងស្ករត្នោត ទៅកាន់ទីផ្សារមីយ៉ាន់ម៉ា បន្ថែមទៀត។ ជាមួយគ្នានេះផងដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានជម្រាប ឯកឧត្តមឯកអគ្គរដ្ឋទូត អំពីសក្តានុពលធុរកិច្ចនិងវិនិយោគនៅកម្ពុជា ក៏ដូចជាយុទ្ធសាស្រ្តដ៏មុតស្រួចរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការស្តារនិងអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ដែលធ្វើឱ្យសេដ្ឋកិច្ចកម្ពុជារំពឹងថានឹងមានកំណើន ៦.៦% សម្រាប់ឆ្នាំ២០២៣ និង ៧% នៅឆ្នាំបន្ទាប់។

ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណយ៉ាងក្រៃលែងដល់ ឯកឧត្តមរដ្ឋមន្រ្តី ព្រមទាំងថា្នក់ដឹកនាំនៃក្រសួងពាណិជ្ជកម្ម ដែលបានអនុញ្ញាតឱ្យ ឯកឧត្តម និងសហការី បានចូលជួបពិភាក្សាការងារ ហើយ ឯកឧត្តមឯកអគ្គរដ្ឋទូត បានបង្ហាញសារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ប្រទេសមីយ៉ាន់ម៉ាក្នុងការបន្តគាំទ្រកម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២។

ទន្ទឹមនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានបង្ហាញពីការប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និងពាំនាំនូវសំណើរបស់ ឯកឧត្តមរដ្ឋមន្រ្តី ទៅជម្រាបជូនដឹកនាំផងដែរ។ បន្ថែមពីនេះ ឯកឧត្តមឯកអគ្គរដ្ឋ ក៏បានស្នើសុំ ភាគីកម្ពុជាពិនិត្យលទ្ធភាពជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗដទៃទៀត រួមមាន៖ ការចៀសវាងការយកពន្ធត្រួតគ្នា និងការជំរុញនិងការពារការវិនិយោគ រវាងភាគីទាំងពីរ ផងដែរ។

នៅកិច្ចបញ្ចប់ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់ និងពិភាក្សាលើការជំរុញពាណិជ្ជកម្មទ្វេភាគី ការលើកកម្ពស់ការចូលរួមសហការឱ្យកាន់តែជិតស្និទ្ធរវាងសភាពាណិជ្ជកម្ម និងវិស័យឯកជននៃប្រទេសទាំងពីរ តាមរយៈការផ្គូរផ្គងធុរកិច្ច ការផ្លាស់ប្តូរទស្សនកិច្ចរវាងធុរជន សកម្មភាពពិព៍រណ៌ ព្រមទាំងការកំណត់ទំនិញសក្តានុពលរវាងប្រទេសទាំងពីរក្នុងការជំរុញការនាំចេញបន្ថែមទៀត។ ពិសេសជាងនេះទៅទៀត ភាគីទាំងពីរបានសម្តែងនូវការប្តេជ្ញាចិត្តបន្តកិច្ចសហការសម្របសម្រួល និងជំរុញសកម្មភាពធុរកិច្ចនិងវិនិយោគ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងប្រទេសទាំង២ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ