មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម លើកឡើងអំពីវឌ្ឍនភាពវិស័យកម្មសិទ្ធិបញ្ញានៅកម្ពុជា និងកោតសរសើរពីកិច្ចសហប្រតិបត្តិការប្រកបដោយអត្ថន័យ និងផ្លែផ្កា ជាមួយអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) ក្នុងអំឡុងកិច្ចប្រជុំមហាសន្និបាតលើកទី៦៣ របស់សមាជិកអង្គការ WIPO

ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២ ម៉ោង ០១:២៩ នាទី យប់

👁 4

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ហ្សឺណែវ, ស្វីស)៖ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងអំពីវឌ្ឍនភាពវិស័យកម្មសិទ្ធិបញ្ញានៅកម្ពុជា និងកោតសរសើរពីកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា និងអត្ថន័យជាមួយអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO)  ក្នុងអំឡុងកិច្ចប្រជុំមហាសន្និបាតលើកទី៦៣ របស់សមាជិកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។

ការថ្លែងបែបនេះ បានធ្វើឡើងនាឱកាសដែល ឯកឧត្តមរដ្ឋលេខាធិការ ដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំមហាសន្និបាតលើកទី៦៣ របស់សមាជិកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) ដែលប្រព្រឹត្តទៅពីថ្ងៃទី១៤-២២ ខែកក្កដា ឆ្នាំ២០២២ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ដែលមានសមាជិកចូលរួម១៨៦ប្រទេស និងអ្នកចូលរួមប្រមាណ ៩០០នាក់ ដោយផ្ទាល់ និងតាមអនឡាញ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានសម្ដែងនូវការអបអរសារទរចំពោះ ឯកឧត្តម Daren Tang ដែលត្រូវបានបោះឆ្នោតជ្រើសរើសអគ្គនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក និងបានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់អំពីចំណងកិច្ចសហប្រតិបត្តិការប្រកបដោយអត្ថន័យ និងផ្លែផ្កាលើវិស័យកម្មសិទ្ធិបញ្ញាជាមួយអង្គការ WIPO កន្លងមក ចាប់តាំងពីកម្ពុជាបានចូលជាសមាជិកអង្គការនេះកាលពីឆ្នាំ១៩៩៥។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានជម្រាបជូនអង្គប្រជុំអំពីការរីកចម្រើនក្នុងវិស័យកម្មសិទ្ធិបញ្ញា និងសារសំខាន់នៃវិស័យកម្មសិទ្ធិបញ្ញាក្នុងវិស័យពាណិជ្ជកម្ម បច្ចេកវិទ្យា កសិកម្ម បរិស្ថាន ឧស្សាហកម្ម និងក្នុងការជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន និងចីរភាព ព្រមទាំងចូលរួមសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ តាមរយៈការជំរុញនុវានុវត្តន៍ ភាពច្នៃប្រឌិត និងដំណោះស្រាយប្រកបដោយចីរភាពដើម្បីកាត់បន្ថយភាពអត់ឃ្លាន កិច្ចការពារបរិស្ថាន និងលើកកម្ពស់សុខភាពសាធារណៈជាដើម។

បន្ថែមពីនេះ ឯកឧត្តមប្រធានគណៈប្រតិភូ បានថ្លែងកោតសរសើរ និងអរគុណចំពោះ ឯកឧត្តម Daren Tang ដែលតែងតែជួយគាំទ្រ និងជ្រោមជ្រែងការអភិវឌ្ឍវិស័យកម្មសិទ្ធិបញ្ញានៅក្នុងតំបន់អាស៊ានជារួម និងពិសេសវឌ្ឍនភាពលើវិស័យកម្មសិទ្ធិបញ្ញានៅកម្ពុជា តាមរយៈការចូលរួមគាំទ្រ និងការផ្តល់ជំនួយបច្ចេកទេស ក្នុងនោះរួមមាន៖ ការដាក់ឱ្យដំណើរការ IPAS4, គម្រោង Branding Project ការកសាងសមត្ថភាពមន្ត្រីជំនាញ ការចុះបញ្ជីទំនិញសម្គាល់ភូមិសាស្រ្ត (ក្រូចថ្លុងកោះទ្រង់ និងអំបិលនិងផ្កាអំបិលកំពតជាដើម) ការចុះបញ្ជីម៉ាកសមូហភាព (គុយទាវភ្នំពេញ) ព្រមទាំងការកសាង និងកែលម្អបរិយាកាសគតិយុត្តិលើវិស័យកម្មសិទ្ធិបញ្ញាកម្ពុជា ជាដើម។  

នៅកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ បានបង្ហាញពីការប្តេជ្ញារបស់កម្ពុជាក្នុងការបន្តចូលរួមយ៉ាងសកម្មជាមួយនឹងអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ក្នុងនាមជាសមាជិក និងបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ