ឯកឧត្តម រដ្ឋ សារ៉ាវុធ អគ្គនាយកពាណិជ្ជកម្មអន្តរជាតិ និងជាប្រធានកិច្ចប្រជុំឧត្តមមន្រ្តីសេដ្ឋកិច្ចអាស៊ានសម្រាប់ឆ្នាំ២០២២ ដឹកនាំគណៈប្រតិភូអាស៊ានចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម José Ramos-Horta ប្រធានាធិបតីនៃប្រទេសទីម័រខាងកើត។

ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ ម៉ោង ១១:២៧ នាទី ថ្ងៃត្រង់

👁 1

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ទីម័រខាងកើត) កាលពីរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម រដ្ឋ សារ៉ាវុធ អគ្គនាយកពាណិជ្ជកម្មអន្តរជាតិ និងជាប្រធានកិច្ចប្រជុំឧត្តមមន្រ្តីសេដ្ឋកិច្ចអាស៊ានសម្រាប់ឆ្នាំ២០២២ ដឹកនាំគណៈប្រតិភូអាស៊ានចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម José Ramos-Horta ប្រធានាធិបតីនៃប្រទេសទីម័រខាងកើត ក្នុងអំឡុងបេសកកម្មស្វែងរកការពិតក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចដើម្បីវាយតម្លៃភាពស្រេចបាច់ក្នុងការស្នើសុំរបស់ទីម័រចូលជាសមាជិកអាស៊ាន។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមប្រធានាធិបតី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ជូនចំពោះឯកឧត្តមអគ្គនាយកនិង

គណៈប្រតិភូអាស៊ាន ដែលបានអញ្ជើញមកបំពេញបេសកកម្មនៅទីម័រខាងកើត នាពេលនេះ និងបានថ្លែងអំណរគុណចំពោះកម្ពុជា ដែលបានផ្តល់ការគាំទ្រដល់ទីម័រក្នុងការចូលជាសមាជិកអាស៊ាន។ ឯកឧត្តមប្រធានាធិបតី ក៏បានជម្រាបជូនពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលទីម័រខាងកើតក្នុងការរៀបចំខ្លួន ជាពិសេសការអភិវឌ្ឍធនធានមនុស្ស ដើម្បីអាចទាញយកប្រយោជន៍នៅពេលចូលជាសមាជិកអាស៊ានទី១១។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមប្រធានាធិបតី ក៏បានស្នើកម្ពុជា ក្នុងនាមជាប្រធានប្តូរវេនអាស៊ានឆ្នាំ២០២២ ដើម្បីជួយពន្លឿននីតិវិធីស្នើសុំចូលជាសមាជិកអាស៊ានរបស់

ទីម័រខាងកើត។

ជាការឆ្លើយតប ឯកឧត្តមអគ្គនាយក បានថ្លែងអំណរគុណឯកឧត្តមប្រធានាធិបតី ដែលបានចំណាយពេលវេលាដ៏មានតម្លៃទទួលគណៈប្រតិភូនៅពេលនេះ។ បេសកកម្មនេះ មានគោលបំណងស្វែងយល់និងផ្ទៀងផ្ទាត់ពីអនុលោមភាពរបស់បទប្បញ្ញត្តិ និងគោលនយោបាយជាតិទីម័រ ដើម្បីអាចចូលជាសមាជិកអាស៊ាន ។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមអគ្គនាយក ក៏បានចែករំលែកពីបញ្ហាប្រឈម ក៏ដូចជាបទពិសោធន៍របស់កម្ពុជានៅពេលស្នើសុំចូលជាសមាជិកអាស៊ាន ដើម្បីទីម័រអាចរៀនសូត្រ និងត្រៀមខ្លួនបានល្អក្នុងយុទ្ធនាការចរចាស្នើសុំចូលជាសមាជិកនេះ។

នារសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ នេះដែរ ឯកឧត្តមអគ្គនាយក ក៏បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Domingos Lopes Antunes អនុរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៃប្រទេសទីម័រខាងកើត នៅទីក្រុង Dili ប្រទេសទីម័រខាងកើត ដើម្បីពិភាក្សានិងពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត។

ក្នុងជំនួបនេះផងដែរ ភាគីទាំងពីរ បានផ្លាស់ប្តូរយោបល់លើការជំរុញពាណិជ្ជកម្មទ្វេភាគី និងកិច្ចសហការឱ្យកាន់តែជិតស្និទ្ធរវាងវិស័យឯកជននៃប្រទេសទាំងពីរ តាមរយៈការផ្គូរផ្គងធុរកិច្ច ការផ្លាស់ប្តូរទស្សនកិច្ចរវាងធុរជន សកម្មភាព

ពិព៍រណ៌ និងជាពិសេសការកំណត់ទំនិញសក្តានុពលរវាងប្រទេសទាំងពីរក្នុងការជំរុញការនាំចេញ ជាពិសេសអង្ករកម្ពុជា ផងដែរ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអនុរដ្ឋមន្រ្តី ក៏បានស្នើសុំ ភាគីកម្ពុជាពិនិត្យលទ្ធភាពជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗដទៃទៀតរួមមាន ការចៀសវាងការយកពន្ធត្រួតគ្នា ផងដែរ ។ ជាកិច្ចបញ្ចប់ ភាគីទាំងពីរបានសម្តែងសារជាថ្មីនូវការប្តេជ្ញាចិត្តបន្តកិច្ចសហការសម្របសម្រួលនិងជំរុញសកម្មភាពធុរកិច្ច និងវិនិយោគ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងប្រទេសទាំង២ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ