ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ ម៉ោង ០៧:៤៨ នាទី យប់
👁 9
(ប៉ៃលិន)៖ នារសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានដឹកនាំប្រតិភូក្រសួងពាណិជ្ជកម្ម ចុះពិនិត្យរំហូរនៃការនាំចេញកសិផលពោតក្រហមនិងមៀនប៉ៃលិន ដើម្បីសិក្សាពីលទ្ធភាពនៃការធ្វើពិពិធកម្មទីផ្សារនិងបន្ថែមតម្លៃកែច្នៃទៅក្នុងខ្សែច្រវាក់តម្លៃផ្គត់ផ្គង់កសិផលនៅតាមបណ្តាខេត្តជាប់ព្រំដែនថៃ រួមមាន៖ ខេត្តប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ និងពោធិ៍សាត់។
ក្នុងដំណើរចុះពិនិត្យនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ឯកឧត្តមប្រធានមន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិន ខេត្តបាត់ដំបង និងបន្ទាយមានជ័យ ដោយមានការចូលរួមផងដែរ ពីតំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន តំណាងម្ចាស់សៃឡូមកពីខេត្តប៉ៃលិន បាត់ដំបង និងបន្ទាយមានជ័យ ព្រមទាំងមន្រ្តីរាជការនៃក្រសួង-មន្ទីរពាណិជ្ជកម្ម ជាច្រើនរូបទៀត។
នៅក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្រ្តីនិងប្រតិភូក្រសួងបានចុះទៅពិនិត្យផ្ទាល់នូវស្ថានភាពនៃការនាំចេញកសិផលនៅតាមច្រកព្រំដែនកម្ពុជា-ថៃ និងពិនិត្យផ្ទាល់នៅតាមទីតាំងសៃឡូមួយចំនួន នៅក្នុងខេត្តប៉ៃលិន បាត់ដំបង និងបន្ទាយមានជ័យ ព្រមទាំងបានជួបសំណេះសំណាល និងស្តាប់សំណូមពររបស់តំណាងសៃឡូ ដើម្បី សិក្សាស្វែងយល់បន្ថែមពីបញ្ហាប្រឈមនានា ជុំវិញការអភិវឌ្ឍខ្សែច្រវាក់តម្លៃ និងការនាំចេញផលិតផលពោតក្រហមនិងមៀនប៉ៃលិនទៅកាន់ទីផ្សារក្រៅប្រទេស។
ក្រុមកសិករផលិត តំណាងសៃឡូ បានជម្រាបជូន ឯកឧត្តមរដ្ឋមន្រ្តី អំពីបញ្ហាដែលកំពុងជួបប្រទះ និងស្នើសុំឱ្យជួយសម្របសម្រួលរកដំណោះស្រាយលើបញ្ហាមួយចំនួន រួមមាន៖ តម្លៃវត្ថុធាតុដើមបម្រើឱ្យកសិកម្មមានតម្លៃខ្ពស់ ជួបបញ្ហាបច្ចេកទេសនិងស្តង់ដារសម្រាប់ផលិតផលពោតក្រហមនិងមៀនប៉ៃលិន ដោយមិនទាន់មានការយល់ដឹងបានល្អិតល្អន់អំពីអត្ថប្រយោជន៍នៃការចុះបញ្ជីចម្ការសម្រាប់ផលិតផលពោតក្រហម និងការចុះបញ្ជីការអនុវត្តកសិកម្មល្អ (Good Agriculture Practice-GAP) សម្រាប់ផលិតផលមៀនប៉ៃលិន ព្រមទាំងការស្នើសុំភូតគាមអនាម័យ (SPS) ជាដើម ទោះបីជាកន្លងមកមានមន្ត្រីជំនាញបានចុះណែនាំ និងផ្សព្វផ្សាយរួចហើយក៏ដោយ។ ក្រុមផលិតករតំណាងសៃឡូ ស្នើសុំឱ្យក្រសួងពាណិជ្ជកម្មជួយសម្របសម្រួលជាមួយបណ្តាក្រសួង និងស្ថាប័នពាក់ព័ន្ធ ពិនិត្យនិងជួយដោះស្រាយនូវសំណូមពរទាំងនេះ រួមទាំងជួយរកដំណោះស្រាយដល់ការកំណត់ស្តង់ដារទម្ងន់រថយន្តផ្ទុកខុសគ្នារវាងកម្ពុជា និងថៃផងដែរ ដើម្បីឱ្យការផលិតមានស្ថិរភាព ការដឹកជញ្ជូនកសិផល និងនាំចេញពោតដំណើរការបានរលូន។
ជាការឆ្លើយតបទៅនឹងសំណូមពរដែលបានលើកឡើង ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានផ្តល់អនុសាសន៍ណែនាំឱ្យអគ្គនាយកពាណិជ្ជកម្មក្នុងប្រទេស និងអគ្គនាយកដ្ឋានពាក់ព័ន្ធពិនិត្យ និងដោះស្រាយបញ្ហាដែលស្ថិតក្រោមសមត្ថកិច្ចរបស់ក្រសួងពាណិជ្ជកម្មឱ្យបានឆាប់បំផុត រីឯបញ្ហាទាក់ទងនឹងអន្តរវិស័យ ក្រសួងពាណិជ្ជកម្ម នឹងពាំនាំយកសំណូមពរទាំងនេះទៅពិនិត្យជាមួយបណ្តាក្រសួង និងស្ថាប័នពាក់ព័ន្ធ ហើយរកដំណោះស្រាយសមស្របជូនតាមការជាក់ស្តែង សំដៅចៀសវាងការជួបបញ្ហាប្រឈមដដែលៗ ដែលជាឧបសគ្គដល់ការផលិត និងការនាំចេញ។
ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបថា៖
-ការពិតណាស់ដែលវិបត្តិនៃជំងឺកូវីដ-១៩ និងសង្គ្រាមនៅប្រទេសអ៊ុយក្រែន បានបង្កឱ្យទំនិញមួយចំនួនឡើងថ្លៃ តែទោះជាយ៉ាងនេះក៏ដោយ ក្រសួងពាណិជ្ជកម្មនៅតែបន្តឃ្លាំមើលសទ្ទស្សន៍ថ្លៃទំនិញ ដោយមិនបណ្តោយឱ្យមានអតិផរណាកើតឡើងពីការឆ្លៀតឱកាសដំឡើងថ្លៃទំនិញពីជនឬឈ្មួញខិលខូចនោះឡើយ។
-ចំពោះការយល់ដឹងពីអត្ថប្រយោជន៍នៃការចុះបញ្ជីចម្ការ ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបថា ក្រោយកម្ពុជាចុះហត្ថលេខាលើពិធីសារជាមួយភាគីចិនរួច មន្ត្រីជំនាញនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះផ្សព្វផ្សាយដល់កសិករអំពីអត្ថប្រយោជន៍នៃការចុះបញ្ជីចម្ការសម្រាប់ផលិតផលមៀនប៉ៃលិន ហើយបានចុះបញ្ជីចម្ការបានមួយចំនួនធំហើយ
-សម្រាប់ផលិតផលពោតក្រហម ការយល់ដឹងអំពីការអនុវត្តកសិកម្មល្អ (GAP) នីតិវិធីសម្រាប់ការស្នើសុំភូតគាមអនាម័យ (SPS) និងការបំពេញបែបបទសម្រាប់ការនាំចេញ គឺមានការតម្រូវឱ្យអនុវត្តតាមគោលការណ៍ច្បាប់ និងកិច្ចព្រមព្រៀងតំបន់និងអន្តរជាតិ ដែលក្រសួងពាណិជ្ជកម្មនឹងបញ្ជូនសំណូមពរនេះ ទៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីពិនិត្យ និងធ្វើការឆ្លើយតបតាមការប្រញាប់ដែលអាចធ្វើទៅបាន ផងដែរ។
-ចំពោះការកំណត់ស្តង់ដារទម្ងន់រថយន្តផ្ទុកខុសគ្នារវាងកម្ពុជានិងថៃ ក្រសួងពាណិជ្ជកម្មនឹងពាំនាំយកសំណូមពរនេះជូនក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីពិនិត្យនិងឆ្លើយតបលើលទ្ធភាពនៃការធ្វើសុខដុមនីយកម្មលើរថយន្តដឹកទំនិញរបស់ឈ្មួញថៃដែលមកទិញពោតក្រហមដោយធ្វើយ៉ាងណាឱ្យស្របទៅតាមស្តង់ដារកំណត់។
បន្ទាប់ពីបានពិភាក្សាគ្នារួចមក ក្រុមអ្នកផលិត តំណាងក្រុមហ៊ុនកែច្នៃ និងតំណាងសៃឡូទាំង៣ខេត្ត មានការសប្បាយរីករាយ និងពេញចិត្តយ៉ាងខ្លាំង ចំពោះការពន្យល់ និងកិច្ចសម្របសម្រួលរបស់ក្រសួងពាណិជ្ជកម្ម ហើយសង្ឃឹមថានឹងមានដំណោះស្រាយ និងការឆ្លើយតបពីក្រសួងពាណិជ្ជកម្ម និងពីបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធ លើបញ្ហាប្រឈម និងសំណូមពរនានាដែលបានលើក សំដៅជួយដល់ការផលិត ការដឹកជញ្ជូន និងពង្រីកការនាំចេញផលិតកសិកម្ម និងផលិតផលសក្តានុពលផ្សេងទៀត ដែលជាប្រភពចំណូលរបស់ប្រជាកសិករយើង។ ពួកគាត់ក៏បានផ្តល់ក្តីសង្ឃឹមផងដែរថា ក្រសួងនឹងខិតខំបើកច្រកទីផ្សារបន្តទៀត ដើម្បីកសិករអាចពង្រីកផលិតកម្មសម្រាប់ការផ្គត់ផ្គង់ទៅតាមតម្រូវការទីផ្សារក្នុងស្រុក និងនាំចេញទៅទីផ្សារក្រៅប្រទេសដូចជា ប្រទេសថៃ និងចិនជាដើម។
ពោតក្រហម គឺជាដំណាំឧស្សាហកម្មមួយប្រភេទ ដែលមានសក្តានុពលទីផ្សារខ្ពស់សម្រាប់យកទៅកែច្នៃធ្វើជាចំណីសត្វសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស។ ផ្អែកតាមការស្រង់ស្ថិតិដោយក្រុមការងារ បច្ចុប្បន្នផ្ទៃដីដាំដុះពោតក្រហមមានចំនួនប្រមាណ ១៤៥.៩៨៣ ហិកតា នៅក្នុងខេត្តមួយចំនួនដូចជា ខេត្តបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន ពោធិ៍សាត់ កំពង់ចាម ត្បូងឃ្មុំ ក្រចេះ ព្រះវិហារ ព្រៃវែង និងខេត្តកណ្តាលជាដើម និងមានទីផ្សារទៅក្រៅប្រទេស ដូចជា ថៃ វៀតណាម កូរ៉េ និងបង់ក្លាដេស ដោយនាំចេញទៅតាមច្រករបៀងទៅប្រទេសជិតខាង។ ដោយឡែក តាមរយៈពិធីចុះអនុស្សរណៈយោគយល់គ្នារវាង ក្រុមហ៊ុនស៊ី ភី ខេមបូឌា ចំកាត់ និងតំណាងសៃឡូនៅប៉ៃលិន ពោតក្រហមជាច្រើនរយពាន់ហិតតាត្រូវបានប្រជាកសិករត្រៀមដាំដុះដោយហេតុថា ក្រុមហ៊ុននឹងដាក់ការបញ្ជារទិញពោតក្រហម ក្នុងតម្លៃតម្លៃ ៦៣៦.៦៤រៀល/គក្រ (៥.៧បាត/គ្រក) សម្រាប់ពោតស្នូលសំណើម៣០% និងតម្លៃ ៦៤៧.៨១រៀល/គ្រក (៥.៨បាត/គ្រក) សម្រាប់ពោតស្នូលសំណើម ២៩%។ ចំពោះមៀនប៉ៃលិន ក៏មានការប្រកាសតម្លៃបញ្ជាទិញមៀនរវាងក្រុមហ៊ុនឆាយណា ជិនវ័រយាន អ៊ឹមផត អិចថត ជាមួយសហគមន៍មៀនប៉ៃលិនទាំង៤ខេត្ត កាលពីនេះព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ ដោយបានប្រារព្ធពិធីចុះកិច្ចសន្យាទិញមៀនប៉ៃលិននៅមន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិនរួចហើយ ដោយ ក្រុមហ៊ុន ឆាយណា ជិនវ័រយាន អ៊ីមផតអិចផត នឹងទិញក្នុងតម្លៃជាក់លាក់ ចាប់ពីចាប់ពី ៣ ៣០០ ទៅ ៤ ៥០០រៀល/គក្រ គិតចាប់ពីខែកញ្ញា ឆ្នាំ២០២២ រហូតដល់ខែមិថុនា ឆ្នាំ២០២៣៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣