មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ចូលរួមជាវាគ្មិនក្នុងកិច្ចពិគ្រោះយោបល់របស់គណៈកម្មការអន្តរ រដ្ឋាភិបាលអាស៊ានទទួលបន្ទុកការងារសិទ្ធិមនុស្ស (អាយឆា) ស្តីពីការចែករំលែកនូវការអនុវត្តល្អៗស្តីពីធុរកិច្ចនិងសិទ្ធិមនុស្ស និងភាពធូរស្រាលឡើងវិញពីកូវីដ-១៩ នៅអាស៊ាន

ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ ម៉ោង ០៧:២៧ នាទី យប់

👁 3

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ នៅទីស្តីការក្រសួងពាណិជ្ជកម្ម មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ឯកឧត្តម ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងក្រសួងពាណិជ្ជកម្ម បានចូលរួមជាវាគ្មិនក្នុងកិច្ចពិគ្រោះយោបល់របស់គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកការងារសិទ្ធិមនុស្ស (អាយឆា) ស្តីពីការចែករំលែកនូវការអនុវត្តល្អៗស្តីពីធុរកិច្ចនិងសិទ្ធិមនុស្ស និងភាពធូរស្រាលឡើងវិញពីកូវីដ-១៩ នៅអាស៊ាន តាមប្រព័ន្ធវីដេអូ។

កិច្ចពិគ្រោះយោបល់នេះប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ ឯកឧត្តម កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជាតំណាងកម្ពុជាប្រចាំអាយឆា និងជាប្រធានអាយឆាឆ្នាំ២០២២ និងមានការអញ្ជើញចូលរួមជាវាគ្មិនមកពីតំណាងរដ្ឋសមាជិកអាស៊ាន ៦ រួមមាន៖ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីន ថៃ និងលេខាធិការដ្ឋានអាស៊ានផងដែរ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានថ្លែងសុន្ទរកថាស្វាគមន៍ និងអំណរអរគុណចំពោះការចូលរួមកិច្ចពិគ្រោះយោបល់នេះ ព្រមទាំងបានជម្រាបដល់កិច្ចពិគ្រោះយោបល់នេះពីសារៈប្រយោជន៍នៃកិច្ចសហប្រតិបត្តិការ បច្ចុប្បន្នភាព និងផ្តល់គំនិតផ្តួចផ្តើមផ្សេងៗ ដែលទាក់ទងទៅនឹងធុរកិច្ច និងការងារសិទ្ធិមនុស្ស និងភាពធូរស្រាលឡើងវិញក្រោយវិបត្តិកូវីដ-១៩។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងសុន្ទរកថាចែករំលែកថា៖ កម្ពុជា បានប្តេជ្ញាចិត្តក្នុងការចូលរួមប្រកបដោយប្រសិទ្ធភាព ដោយប្រើប្រាស់គោលការណ៍ជាមូលដ្ឋាននៃធុរកិច្ច និងសិទ្ធិមនុស្សតាមរយៈការត្រួតពិនិត្យ ការការពារ កិច្ចសហប្រតិបត្តិការបច្ចេកទេស ការកសាងសមត្ថភាពរបស់តួអង្គពាក់ព័ន្ធក្នុងស្រុក និងពង្រឹងគណនេយ្យភាពរបស់រដ្ឋ និងសហគ្រាសធុរកិច្ច ដើម្បីអនុវត្តតាមគោលការណ៍ណែនាំរបស់អង្គការសហប្រជាជាតិ។

ឯកឧត្តមរដ្ឋលេខាធិការ បន្តថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចតេជានាយករដ្ឋមន្រ្តី ហ៊ុន សែន បានខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រង និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋកម្ពុជា និងជនបរទេសគ្រប់រូប ប្រកបដោយជោគជ័យដ៏ធំធេងដែលជាកត្តាសំខាន់ក្នុងការសម្រេចបានការស្តារឡើងវិញនូវ សកម្មភាពសង្គម-សេដ្ឋកិច្ច រួមជាមួយការខិតខំប្រឹងប្រែងធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា។

បន្ថែមពីនេះ ឯកឧត្តមរដ្ឋលេខាធិការ បានជម្រាបដល់កិច្ចពិគ្រោះយោបល់ថា កម្ពុជាបានកោតសរសើរដល់គោលការណ៍ណែនាំរបស់អង្គការសហប្រជាជាតិ ដែលបានផ្តល់ការណែនាំក្នុងការឆ្លើយតបដល់រដ្ឋសមាជិក និងធុរកិច្ចក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ-១៩ ហើយសសរស្តម្ភទាំងបីនៃគោលការណ៍ណែនាំ “ការពារ គោរព និង ដោះស្រាយ” គឺជាមូលដ្ឋានសាកលរួមដែលរាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងអនុវត្ត។

នៅកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងកោតសរសើពីកិច្ចសហប្រតិបត្តិការ និងគំនិតផ្តួចផ្តើមផ្សេងៗ ពីបណ្តារដ្ឋសមាជិក អាស៊ាន ដែលតែងតែគាំទ្រ និងសហការគ្នាទៅវិញទៅមក ក្នុងការស្តារសេដ្ឋកិច្ចតំបន់ឡើងវិញ៕

 

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ