ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ ម៉ោង ០៧:៣៨ នាទី យប់
👁 3
(ភ្នំពេញ)៖ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូឥណ្ឌាដឹកនាំដោយ ឯកឧត្តម Karthik Tallam កុងស៊ុលកិត្តិយស កម្ពុជាប្រចាំទីក្រុង Bangalore នៃសាធារណរដ្ឋឥណ្ឌា ដែលមានការចូលរួមពី តំណាងអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម តំណាងនាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារ តំណាងនាយកដ្ឋានកិច្ចការពិព័រណ៍ តំណាងនាយកដ្ឋានគោលនយោបាយពាណិជ្ជកម្ម តំណាងសភាពពាណិជ្ជកម្មឥណ្ឌាប្រចាំកម្ពុជា និងមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ជាច្រើនរូប។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះគណៈប្រតិភូឥណ្ឌាមកកាន់ប្រទេសកម្ពុជា និងជាពិសេសមកកាន់ក្រសួងពាណិជ្ជកម្ម ព្រមទាំងបានថ្លែងថា កម្ពុជា-ឥណ្ឌា មានទំនាក់ទំនងជាមួយគ្នាជាប្រវត្តិសាស្រ្តជាយូរណាស់មកហើយ ជាពិសេសឆ្នាំ២០២២នេះ ជាខួបគម្រប់៧០ឆ្នាំនៃ ចំណងការទូតរវាងព្រះរាជាណាចក្រកម្ពុជា នឹងសាធារណរដ្ឋឥណ្ឌាផងដែរ។
ឯកឧត្តមរដ្ឋលេខាធិការ បានបន្តថាក្រសួងពាណិជ្ជកម្មគាំទ្រ និងផ្តល់កិច្ចសហការជាមួយស្ថានទូតឥណ្ឌាប្រចាំកម្ពុជា និងសភាពពាណិជ្ជកម្មឥណ្ឌាប្រចាំកម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍នានា ក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការ លើវិស័យពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំងពីរបន្ថែមទៀត។
ជាមួយគ្នានេះ ឯកឧត្តម Karthik Tallam កុងស៊ុលកិត្តិយសកម្ពុជាប្រចាំទីក្រុង Bangalore នៃសាធារណរដ្ឋឥណ្ឌា បានថ្លែងអំណរគុណចំពោះ ឯកឧត្តមរដ្ឋលេខាធិការ ក្នុងការទទួលជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូឥណ្ឌានាពេលនេះ។ ទទឹមនិងនេះ ឯកឧត្តម Karthik Tallam បានជម្រាបជូន ឯកឧត្តមរដ្ឋលេខាធិការ អំពីគោលបំណងនៃគណៈប្រតិភូឥណ្ឌាមកកាន់ក្រសួងពាណិជ្ជកម្មថា គឺដើម្បីស្វែងរកការគាំទ្រ និងកិច្ចសហប្រតិបត្តិការពីក្រសួងពាណិជ្ជកម្មក្នុងការរៀបចំកម្មវិធី Business Excellence Awards 2022 ដែលរៀបចំដោយសភាពពាណិជ្ជកម្មឥណ្ឌាប្រចាំកម្ពុជា ក្នុងគោលបំណងអបអរសាទរខួបគម្រប់៧០ឆ្នាំ នៃចំណងការទូតកម្ពុជា-ឥណ្ឌា ដែលព្រឹត្តិការណ៍នឹងប្រព្រឹត្តទៅចាប់ពី ថ្ងៃទី៨-១០ ខែធ្នូ ឆ្នាំ២០២២ខាងមុខនេះ នៅរាជធានីភ្នំពេញ ដោយមានការ ចូលរួមពីស្ថាប័នរដ្ឋរបស់កម្ពុជា ព្រមទាំងវិស័យឯកជនឥណ្ឌាជាង២០០ក្រុមហ៊ុនផងដែរ។
នៅកិច្ចបញ្ចប់ ភាគីទាំងពីរបានសម្តែងនូវការប្តេជ្ញាចិត្តបន្តកិច្ចសហការសម្របសម្រួល និងជំរុញសកម្មភាពធុរកិច្ចនិងវិនិយោគ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងប្រទេសទាំង២ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។
គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២១ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ឥណ្ឌាមានទំហំទឹកប្រាក់ជាង ៣១១លានដុល្លារអាមេរិក ដែលក្នុងនោះកម្ពុជានាំចេញទៅឥណ្ឌាក្នុងទំហំទឹកប្រាក់ជាង ១២៦លានដុល្លារអាមេរិក និងឥណ្ឌានាំចេញមកកម្ពុជា ក្នុងទំហំទឹកប្រាក់ជាង ១៨៥លានដុល្លារអាមេរិក៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣