ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ ម៉ោង ០៧:៥២ នាទី យប់
👁 1
(នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស)៖ ឆ្លៀតក្នុងឱកាសនៃកិច្ចប្រជុំមហាសន្និបាទលើកទី៦៣ របស់អង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) ដែលបាននឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញាកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជាជួបពិភាក្សាការងារផ្ទាល់ជាមួយ ឯកឧត្តម Daren Tang អគ្គនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក កាលពីថ្ងៃអាទិត្យ ទី១៧ ខែកក្កដា ឆ្នាំ២០២២ នៅទីស្នាក់ការកណ្តាលអង្គការកម្មសិទ្ធិបញ្ញាពិភពលោក នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។
នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអបអរសារទរ ឯកឧត្តម Daren Tang ជាថ្មីដែលត្រូវបានបោះឆ្នោតជ្រើសរើសអគ្គនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក និងបានកោតសរសើរលើវឌ្ឍនភាពនៃគំនិតផ្តួចផ្តើមនានារបស់អង្គការកម្មសិទ្ធិបញ្ញាពិភពលោកក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតជាសកលកូវីដ-១៩ ពិសេសកិច្ចសហប្រតិបត្តិការត្រីភាគីរវាងអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) អង្គការពាណិជ្ជកម្មពិភពលោក (WTO) និងអង្គការសុខភាពពិភពលោក (WHO) ព្រមទាំងការចូលរួមពីភាគីពាក់ព័ន្ធនានាដើម្បីគាំទ្រដល់ការចែករំលែកចំណេះដឹង ក៏ដូចជាការផ្ទេរបច្ចេកវិទ្យាសម្រាប់ផលិតកម្មវ៉ាក់ស៊ាំងជម្ងឺកូវីដ-១៩។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការប្រធានគណៈប្រតិភូ បានសំដែងការវាយតម្លៃខ្ពស់និងមានភាពជឿជាក់ចំពោះការដឹកនាំរបស់ឯកឧត្តមអគ្គនាយកអង្គការកម្មសិទ្ធិបញ្ញា ដែលនឹងជួយលើកកម្ពស់ប្រព័ន្ធកម្មសិទ្ធិបញ្ញាជាសកល ពិសេសការគាំទ្រប្រទេសអភិវឌ្ឍន៍តិចតួចក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធកម្មសិទ្ធិបញ្ញា និងពង្រឹងការអនុវត្តច្បាប់កម្មសិទ្ធិបញ្ញា។
បន្ថែមពីនេះ ឯកឧត្តមរដ្ឋលេខាធិការ បានជម្រាបអគ្គនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោកអំពីវឌ្ឍនភាពនៃវិស័យកម្មសិទ្ធិបញ្ញាកម្ពុជា ពិសេសការចូលរួមនៃវិស័យកម្មសិទ្ធិបញ្ញាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាប្រកបដោយបរិយាប័ន្ន និងចីរភាព ព្រមទាំងចូលរួមសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ តាមរយៈការជំរុញនុវានុវត្តន៍ ភាពច្នៃប្រឌិត និងដំណោះស្រាយប្រកបដោយចីរភាពដើម្បីកាត់បន្ថយភាពអត់ឃ្លាន កិច្ចការពារបរិស្ថាន និងលើកកម្ពស់សុខភាពសាធារណៈជាដើម។
ជាងនេះទៅទៀត ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់អង្គការកម្មសិទ្ធិបញ្ញាពិភពលោក លើការគាំទ្រគម្រោងចុះបញ្ជីក្តាមកោះកុងកម្ពុជាក្នុងបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ(GI) និងការគាំទ្រជំនួយបច្ចេកទេស នានាសម្រាប់អភិវឌ្ឍន៍វិស័យកម្មសិទ្ធិបញ្ញានៅកម្ពុជា ដូចជាគម្រោងដាក់ឱ្យដំណើរការប្រព័ន្ធ IPAS4, គម្រោង Branding Project គម្រោងកសាងសមត្ថភាពមន្ត្រីជំនាញ និងភាគីពាក់ព័ន្ធ គម្រោងចុះបញ្ជីទំនិញសម្គាល់ភូមិសាស្រ្ត (ក្រូចថ្លុងកោះទ្រង់ អំបិលនិងផ្កាអំបិលកំពត និងក្តាមថ្មកោះកុង) ការចុះបញ្ជីម៉ាកសមូហភាព (គុយទាវភ្នំពេញជាដើម) និងការកសាងនិងកែលម្អបរិយាកាសគតិយុត្តិលើវិស័យកម្មសិទ្ធិបញ្ញាកម្ពុជា។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការប្រធានគណៈប្រតិភូ បានស្នើសុំឯកឧត្តមអគ្គនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោកបន្តគាំទ្រ និងផ្តល់ជំនួយបច្ចេកទេស ក្នុងការអនុវត្តផែនការសកម្មភាពរបស់គណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញាកម្ពុជា ឆ្នាំ២០២១-២០២៣ ដូចជាការចុះបញ្ជីទំនិញសម្គាល់ភូមិសាស្រ្ត ការធ្វើនិយ័តកម្មលិខិតបទដ្ឋានគតិយុត្តកម្មសិទ្ធិបញ្ញា និងការបង្កើតវិទ្យាស្ដានបណ្តុះបណ្តាលកម្មសិទ្ធិបញ្ញាជាតិ និងគម្រោងបង្កើតមជ្ឈបណ្ឌលគាំទ្រព័ត៌មានបច្ចេកវិទ្យា (TISC) ជាអាទិ៍។
ជាការឆ្លើយតប ឯកឧត្តម Daren Tang អគ្គនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពបានសំដែងការស្វាគមន៍ចំពោះគណៈប្រតិភូកម្ពុជាដែលបានចូលរួមក្នុងមហាសន្និបាតកម្មសិទ្ធិបញ្ញាពិភពលោកលើកទី៦៣ និង បានចូលរួមក្នុងជំនួបពិភាក្សានេះ។ ទន្ទឹមនឹងនេះ ឯកឧត្តម Daren Tang ក៏បានកោតសសើរដល់កម្ពជាក្នងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជម្ងឺកូវីដ-19 ដោយទទួលបានជោគជ័យ និងមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ក្នុងនោះក៏មានវិស័យកម្មសិទ្ធិបញ្ញាផងដែរ។ ឯកឧត្តមក៏បានថ្លែងអំណរគុណដល់កម្ពុជាដែលតែងតែចូលរួមយ៉ាងសកម្ម ក្នុងកិច្ចសហប្រតិបត្តិការជាមួយកម្មសិទ្ធិបញ្ញាពិភពលោក(WIPO)កន្លងមក។ ឯកឧត្តមបានបញ្ជាក់បន្ថែមថា ឯកឧត្តមបន្តគាំទ្រចំពោះកម្ពុជាក្នុងការពង្រឹង វិស័យកម្មសិទ្ធិបញ្ញាកម្ពុជា និងជួយបណ្តុះបណ្តាល ការយល់ដឹងនៃវិស័យឯកជនពីសារៈសំខាន់នៃការប្រើប្រាស់វិស័យកម្មសិទ្ធិបញ្ញា ពិសេសសម្រាប់យុវជន សហគ្រិនស្ត្រី អ្នកច្នៃប្រឌិត សហគ្រាសធុនតូច និងមធ្យម។
នៅកិច្ចបញ្ចប់ ឯកឧត្តមអគ្គនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោកសន្យានឹងបន្តជួយគាំទ្រគម្រោងនានារបស់កម្ពុជាបន្ថែមទៀត ដើម្បីជួយលើកកម្ពស់វិស័យកម្មសិទ្ធិបញ្ញានៅកម្ពុជា៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣