ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំសមាជិកក្រុមការងារចរចាពាណិជ្ជកម្មសេរីអន្តរក្រសួង ស្ថាប័ន ជួបប្រជុំជាមួយក្រុមការងារ ARISE Plus Cambodia

ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ ម៉ោង ០៩:៣៥ នាទី យប់

👁 1

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(រាជធានីភ្នំពេញ)៖ កាលពីរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំសមាជិកក្រុមការងារចរចាពាណិជ្ជកម្មសេរីអន្តរក្រសួង ស្ថាប័ន ជួបប្រជុំជាមួយក្រុមការងារ ARISE Plus Cambodia និងអ្នកជំនាញការ ដើម្បីពិនិត្យ និងប្រមូលធាតុចូលលើសេចក្តីព្រាងរបាយការណ៍ស្តីពីការសិក្សាទុកជាមុនលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA Foresight Study)  និងសៀវភៅសម្រាប់ការសិក្សាស្តីពីការវិភាគពាណិជ្ជកម្មសេរី (Handbook on Trade Analysis) ដោយមានការចូលរួមដោយផ្ទាល់ និងតាមរយៈប្រព័ន្ធវីឌីអូ ពីអ្នកចរចាមកពីក្រសួងពាណិជ្ជកម្ម ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក្រុមការងារគម្រោង ARISE Plus Cambodia និងCEO របស់ក្រុមហ៊ុនប្រឹក្សាសេដ្ឋកិច្ចអន្តរជាតិ (IEC)។

នៅក្នុងកិច្ចពិភាក្សានេះ ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការ បានថ្លែងអំណរគុណចំពោះក្រុមការងារអន្តរក្រសួង ស្ថាប័ន ក្រុមអ្នកជំនាញការរបស់ ARISE Plus Cambodia និងតំណាង IEC ដែលបានគាំទ្រ និងផ្តល់កិច្ចសហការក្នុងការរៀបចំការសិក្សាស្រាវជ្រាវនេះ ដែលនឹងផ្តល់ជាមាគ៌ា និងវិធីសាស្រ្តដ៏ល្អសម្រាប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ព្រមទាំងបានលើកទឹកចិត្តឲ្យភាគីពាក់ព័ន្ធទាំងអស់ចូលរួមពិនិត្យផ្តល់យោបល់ដើម្បីឲ្យការសិក្សានេះមានលក្ខណៈលម្អិតនិងគ្រប់ជ្រុងជ្រោយ ដោយរួមបញ្ចូលនូវការវិភាគពីគ្រប់កត្តាពាក់ព័ន្ធដែលជះឥទ្ធិពលដល់ការអភិវឌ្ឍរបស់កម្ពុជានាពេលអនាគត ព្រោះថាការសិក្សាស្តីពីស្តីពីការសិក្សាទុកជាមុនលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA Foresight Study)  និងសៀវភៅសម្រាប់ការសិក្សាស្តីពីការវិភាគពាណិជ្ជកម្មសេរី (Handbook on Trade Analysis) នេះ នឹងផ្តល់សារៈសំខាន់ណាស់សម្រាប់អ្នកចរចារបស់កម្ពុជាក្នុងការវិភាគសក្តានុពលពាណិជ្ជកម្ម និងវិស័យដែលមានភាពប្រកួតប្រជែងទាំងពាណិជ្ជកម្មទំនិញ និងពាណិជ្ជកម្មសេវាកម្មជាមួយដៃគូ FTAs ព្រមទាំងសម្រាប់អភិវឌ្ឍន៍សមត្ថភាពក្រុមអ្នកចរចាកម្ពុជាលើការចរចាកិច្ចព្រមព្រៀងដែលមានភាពស៊ីជម្រៅ និងគ្របដណ្តប់លើបញ្ហាទាំងអស់ រួមទាំងការបើកច្រកទីផ្សារ ការសន្យាក្រៅពីការបើកច្រកទីផ្សារ (Non-Market Access Commitment) បញ្ហាសង្គម បរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាព .ល.។

បន្ទាប់ពីបានស្តាប់បទបង្ហាញដោយក្រុមការងារស្រាវជ្រាវ នៃគម្រោង ARISE Plus Cambodia តំណាង IEC អង្គប្រជុំក៏បានផ្តល់ធាតុចូល សម្រាប់ក្រុមការងារយកទៅកែសម្រួលបន្ថែម និងឯកភាពនឹងរៀបចំសិក្ខាសាលាស្តីពី Dissemination Workshop for Free Trade Agreement Foresight Study and Handbook on Trade Analysis នៅសប្តាហ៍ទី៣ នៃខែសីហា ឬសប្តាហ៍ទី១ នៃខែកញ្ញា ឆ្នាំ២០២២ ខាងមុខនេះ។ កិច្ចប្រជុំនេះ ទទួលបានជោគជ័យជាផ្លែផ្កាដោយបានការចូលរួមផ្តល់មតិដ៏មានខ្លឹមសារពីអន្តរក្រសួងស្ថាប័នសំខាន់ៗ ដូចជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងមានការចូលរួមយ៉ាងសកម្មពីអ្នកចូលរួមទាំងអស់ ផងដែរ។

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ