ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ម៉ោង ០៧:១០ នាទី យប់
👁 5
(ភ្នំពេញ)៖ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ នៅទីស្តីការក្រសួងពាណិជ្ជកម្ម មានកិច្ចប្រជុំក្រុមការងារដើម្បីត្រៀមរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធសម្រាប់ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានអនុគណៈកម្មការក្រុមការងារពីធីការ ដឹកជញ្ជូន សន្តិសុខ សុខាភិបាល និងសិល្បៈ ។ ក្នុងកិច្ចប្រជុំនេះ មានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក-លោកស្រី ជាប្រធាន-អនុប្រធាន និងសមាជិក-សមាជិកានៃក្រុមការងារក្រសួងពាណិជ្ជកម្ម ព្រមទាំងមានការចូលរួមពីក្រសួងស្ថាប័ន ពាក់ព័ន្ធ រួមមាន ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងសុខាភិបាល ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាបផងដែរ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមប្រធានអង្គប្រជុំ បានលើកឡើងថា ក្រុមការងារចំណុះអនុគណៈកម្មការ ពិតជាដើរតួរ យ៉ាងសំខាន់ក្នុងរៀបចំកិច្ចប្រជុំ រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធនៅអំឡុងខែកញ្ញា ឆ្នាំ២០២២ ខាងមុខនៅខេត្តសៀមរាបឱ្យប្រព្រឹត្តទៅដោយរលូន និងទទួលបាន ជោគជ័យ ដូចនេះក្រុមការងារ ត្រូវបែងចែកភារកិច្ចនិងពិនិត្យតាមដាន វឌ្ឍនភាពការងារ របស់សមាជិកនីមួយៗ ដើម្បីឱ្យការងារ ដំណើរការទៅមុខ ហើយប្រសិនបើមានបញ្ហាប្រឈម អ្វីមួយត្រូវចូលរួម ដោះស្រាយឱ្យបាន ទាន់ពេលវេលា។ ឯកឧត្តមប្រធានអង្គប្រជុំ បានបន្ថែមថា ក្រុមការងារនីមួយៗ មានភារកិច្ច និងការទទួល ខុសត្រូវរៀងៗខ្លួន ដូចមានក្នុងប្រកាសស្តីពីការ បង្កើតក្រុមការងារចំណុះអនុគណៈកម្មការ ពិធីការដឹកជញ្ជូន សន្តិសុខ សុខាភិបាល រៀបចំកន្លែងប្រជុំ និងសិល្បៈ សម្រាប់កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីសេដ្ឋកិច្ច អាស៊ាន លើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ។ ឯកឧត្តមស្នើឱ្យប្រធាន ក្រុមការងារនីមួយៗ ត្រៀមរៀបចំរបាយការណ៍ វឌ្ឍនភាពការងារ របស់ខ្លួនដើម្បីចូលរួម កិច្ចប្រជុំបន្តនៅខែសីហា ឆ្នាំ២០២២ ទទួលបានលទ្ធផលល្អ។
ក្នុងកិច្ចប្រជុំនេះដែរ តំណាងក្រុមការងារក្រសួងពាណិជ្ជកម្ម ក្រុមការងារអន្តរក្រសួង ដែលបានអញ្ជើញមកពី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រុមការងារក្រសួងសុខាភិបាល ក្រុមការងារក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប បានលើកឡើងនូវមតិយោបល់ កិច្ចការការងារបច្ចេកទេស និងសំណូមពរ ជូនឯកឧត្តមប្រធានអង្គប្រជុំដើម្បីពិនិត្យសម្រេច និងគោរពស្នើសុំការអនុញ្ញាតពីឯកឧត្តមរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។ ឯកឧត្តម លោកជំទាវប្រធាន-អនុប្រធានក្រុមការងារក្រសួងពាណិជ្ជកម្មបានលើកពីវឌ្ឍនភាពការងាររបស់ខ្លួន និងចំណុចដែលត្រូវអនុវត្តបន្តពាក់ព័ន្ធនឹងការធ្វើដំណើរទៅខេត្តសៀមរាបជួបផ្ទាល់ជាមួយម្ចាស់សណ្ឋាគារ ក្រុមហ៊ុនដើម្បីពិនិត្យទីកន្លែងរៀបចំកិច្ចប្រជុំជាក់ស្តែង។ ពាក់ព័ន្ធនឹងក្រុមការងារតំណាងពីក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ បានលើកឡើងអំពីភ្ញៀវបរទេសត្រូវអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ និងបែបបទនៃការរៀបចំពិធីការក្នុង កិច្ចប្រជុំ។ ដោយឡែកចំពោះ ក្រុមការងារតំណាងពីក្រសួងសុខាភិបាលបានលើកឡើងអំពីវិធានការសុខាភិបាលសម្រាប់ភ្ញៀជាតិ-អន្តរជាតិ និងអ្នកពាក់ព័ន្ធចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ព្រមទាំងកិច្ចប្រជុំពាក់ព័ន្ធ។ ជាមួយគ្នានេះដែរ ក្រុមការងារតំណាងពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងពីការត្រៀមក្រុមសិល្បករ សិល្បការិនីទាំងនៅក្នុងក្រសួង និងអញ្ជើញមកពីខាងក្រៅដើម្បីសម្តែងជូនភ្ញៀវទស្សនាក្រោយពេលសម្រាកពីកិច្ចប្រជុំ។ បន្ថែមពីលើនេះ ក្រុមការងារតំណាងពីរដ្ឋបាលខេត្តសៀមរាប បានលើកឡើងអំពីប្រភេទម៉ាស៊ីនឧបករណ៍ស្គែន និងចំនួនកងកម្លាំងសម្រាប់ដាក់ ការពារគណៈប្រតិភូនៅតាមទីតាំង និងគោលដៅនៃការធ្វើដំណើរ កន្លែងកិច្ចប្រជុំ និងសណ្ឋាគារស្នាក់នៅ។
ជាកិច្ចបញ្ចប់ ឯកឧត្តមប្រធានអង្គប្រជុំ បានស្នើក្រុមការងារទាំងអស់ខិតខំពន្លឿនការងាររបស់ ខ្លួនដែលនៅសេសសល់ និងមានបញ្ហាអ្វីមួយ សូមលើកជូនប្រធានក្រុមការងារដោះស្រាយឱ្យបាន ទាន់ពេលវេលាដើម្បីឱ្យកិច្ចប្រជុំរដ្ឋមន្រ្តី សេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ សម្រាប់ឆ្នាំ២០២២ ដំណើរការទៅបានដោយរលូន និងទទួលបានជោគជ័យ៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣