ឯកឧត្តម រដ្ឋ សារ៉ាវុធ ជាប្រធានគណៈកម្មាធិការប្រឹក្សាយោបល់ចម្រុះស្តីពីកិច្ចសម្រួលពាណិជ្ជកម្មអាស៊ាន បានដឹកនាំកិច្ចប្រជុំលើកទី២៤នៃគណៈកម្មាធិការប្រឹក្សាយោបល់ចម្រុះស្តីពីកិច្ចសម្រួលពាណិជ្ជកម្មអាស៊ាន (24th ATF-JCC) តាមប្រព័ន្ធវីដេអូ។

ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ម៉ោង ១០:២៤ នាទី យប់

👁 10

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(រាជធានីភ្នំពេញ)៖ នៅថ្ងៃទី២៧-២៨ ខែកក្កដា ឆ្នាំ២០២២ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម រដ្ឋ សារ៉ាវុធ អគ្គនាយកពាណិជ្ជកម្មអន្តរជាតិ និងជាប្រធានគណៈកម្មាធិការប្រឹក្សាយោបល់ចម្រុះស្តីពីកិច្ចសម្រួលពាណិជ្ជកម្មអាស៊ាន (ATF-JCC Chair) បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី២៤នៃគណៈកម្មាធិការប្រឹក្សាយោបល់ចម្រុះស្តីពីកិច្ចសម្រួលពាណិជ្ជកម្មអាស៊ាន (The Twenty Fourth Meeting of the ASEAN Trade Facilitation Joint Consultative Committee – 24th ATF-JCC) តាមរយៈប្រព័ន្ធវីដេអូ។ កិច្ចប្រជុំនេះ មានការចូលរួមដោយតំណាងជាតិ សម្រាប់ ATF-JCC (ATF-JCC Leads) នៃប្រទេសសមាជិកអាស៊ានទាំងអស់ រួមទាំងគណៈប្រតិភូរបស់ខ្លួន និងមន្ត្រីលេខាធិការដ្ឋានអាស៊ានផងដែរ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមប្រធានអង្គប្រជុំបានសម្តែងមតិស្វាគមន៍យ៉ាងកក់ក្តៅ ជូនសមាជិកអង្គប្រជុំទាំងអស់ និងបានស្នើឱ្យសមាជិកគណៈកម្មាធិការទាំងអស់ចូលរួមផ្លាស់ប្តូរមតិយោបល់យ៉ាងសកម្ម និងផ្តល់នូវការឆ្លើយតបចំពោះបញ្ហានានាប្រកបដោយភាពទន់ភ្លន់ និងស្មារតីទទួលខុសត្រូវខ្ពស់។

អង្គប្រជុំ បានធ្វើការកត់សម្គាល់ និងពិភាក្សាលើរបៀបវារៈសំខាន់ៗ រួមមាន ៖ (១) ការពន្យារសុពលភាពអនុស្សរណៈយោគយល់ស្តីពីការអនុវត្តវិធានការមិនមែនពន្ធគយលើមុខទំនិញចាំបាច់ ក្រោមផែនការសកម្មភាពហាណូយ (២) ការពិភាក្សាលើតារាងម៉ាទ្រីសនៃករណីជាក់ស្តែង ពាក់ព័ន្ធនឹងការអនុវត្តវិធានការមិនមែនពន្ធគយ ដែលចាត់ឡើងដោយប្រទេសសមាជិកអាស៊ានពាក់ព័ន្ធ (៣) កម្មវិធីការងារអាស៊ានស្តីពីកិច្ចសម្រួលពាណិជ្ជកម្ម រួមមានការពង្រីកបញ្ជីទំនិញសំខាន់ៗ និងអាទិភាពប្រចាំឆ្នាំ២០២២ ស្តីពីកិច្ចសម្រួលពាណិជ្ជកម្មអាស៊ាន (៤) ការពង្រឹងវិធានការមិនមែនពន្ធគយ រួមមានការធ្វើបច្ចុប្បន្នភាពពីសំណាក់គណៈកម្មាធិការកិច្ចសម្រួលពាណិជ្ជកម្មជាតិ (NTFC) ស្តីពីកិច្ចសម្រួលនៃវិធានការមិនមែនពន្ធគយ (៥) អនុសាសន៍ពីវិស័យផ្នែកឯកជន (៦) ជំនួយបច្ចេកទេសលើគំនិតផ្តួចផ្តើមគាំទ្រដល់កិច្ចសម្រួលពាណិជ្ជកម្ម និង (៧) បញ្ហាផ្សេងៗ។  

សមាជិកទាំងអស់នៃកិច្ចប្រជុំ បានធ្វើការផ្លាស់ប្តូរមតិយោបល់ ពិភាក្សា ផ្តល់បច្ចុប្បន្នភាព និងចូលរួមយ៉ាងសកម្មទៅលើរបៀបវារៈនីមួយៗ ដែលធ្វើឱ្យកិច្ចប្រជុំនេះបញ្ចប់ទៅយ៉ាងរលូន និងប្រកបដោយផ្លែផ្កាគួរឱ្យកត់សម្គាល់។ កិច្ចប្រជុំលើកទី២៥នៃគណៈកម្មាធិការប្រឹក្សាយោបល់ចម្រុះស្តីពីកិច្ចសម្រួលពាណិជ្ជកម្មអាស៊ាន (25th ATF-JCC) នឹងធ្វើជាប្រធានដោយប្រទេសឥណ្ឌូនេស៊ី ដោយប្រទេសឥណ្ឌូនេស៊ីជាប្រធានអាស៊ានឆ្លាស់វេននៅឆ្នាំ២០២៣។  

អត្ថបទ៖ នាយកដ្ឋានអាស៊ីប៉ាស៊ីហ្វិក

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ