ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ ម៉ោង ០១:១៥ នាទី រសៀល
👁 0
(សៀមរាប)៖ កាលពីថ្ងៃទី៣១ ខែកក្កដា ដល់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាសៀមរាប ឯកឧត្តម រដ្ឋ សារ៉ាវុធ អគ្គនាយកពាណិជ្ជកម្មអន្តរជាតិ ក្នុងនាមជាប្រធានកិច្ចប្រជុំឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន (SEOM Chair) បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៣ នៃឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន សម្រាប់កិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី៥៣ (The Third Meeting of the ASEAN Senior Economic Officials for the Fifty-Third Meeting of the ASEAN Economic Ministers (SEOM 3/53) and Related Meetings) នៅខេត្តសៀមរាប។ កិច្ចប្រជុំនេះ មានការចូលរួមដោយអគ្គលេខាធិការរងអាស៊ានទទួលបន្ទុកសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន ឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាននៃប្រទេសសមាជិកអាស៊ានទាំងអស់ និងប្រទេសដៃគូរបស់អាស៊ាន និងគណៈប្រតិភូនៃប្រទេសនីមួយៗ ព្រមទាំងមន្ត្រីលេខាធិការដ្ឋានអាស៊ានផងដែរ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមប្រធានអង្គប្រជុំ បានសម្តែងមតិស្វាគមន៍យ៉ាងកក់ក្តៅ និងបានថ្លែងអំណរគុណចំពោះសមាជិកអង្គប្រជុំទាំងអស់ ដែលតែងតែផ្តល់នូវការគាំទ្រយ៉ាងសកម្ម ក្នុងការចូលរួមផ្លាស់ប្តូរមតិយោបល់លើបញ្ហាដែលមានក្នុងរបៀបវារៈនីមួយៗ យ៉ាងផុសផុល និងផ្តល់នូវការឆ្លើយតបចំពោះបញ្ហានានាប្រកបដោយភាពទន់ភ្លន់ និងស្មារតីទទួលខុសត្រូវខ្ពស់។
ឯកឧត្តមអគ្គនាយក បញ្ជាក់ថា អង្គប្រជុំបានកត់សម្គាល់ និងពិភាក្សាលើរបៀបវារៈសំខាន់ៗ រួមមាន៖ (១) ការតាមដានសកម្មភាពពីសេចក្តីសម្រេចដែលបានធ្វើឡើងកាលពីកិច្ចប្រជុំលើកទី១ នៃឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន (SEOM 2/53), (២) វឌ្ឍនភាពសមិទ្ធផលអាទិភាពសេដ្ឋកិច្ច (Priority Economic Deliverables – PEDs) របស់កម្ពុជាសម្រាប់ភាពជាប្រធានអាស៊ានឆ្នាំ២០២២ (៣) កិច្ចព្រមព្រៀងសេដ្ឋកិច្ចអាស៊ាន, (៤) ការត្រៀមរៀបចំកិច្ចប្រជុំលើកទី៥៤ ថ្នាក់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន កិច្ចប្រជុំលើកទី២១នៃក្រុមប្រឹក្សាសសរស្តម្ភសេដ្ឋកិច្ចអាស៊ាន និងការត្រៀមរៀបចំឯកសារសំខាន់ៗដាក់ជូនកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១, (៥) វឌ្ឍនភាពនៃការចរចាដំឡើងកម្រិតនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន (ATIGA Upgrade), (៦) ការស្នើសុំចូលជាសមាជិកអាស៊ានរបស់ទីម័រខាងកើត (៧)អនុស្សរណៈយោគយល់ស្តីពីការអនុវត្តវិធានការមិនមែនពន្ធគយលើមុខទំនិញចាំបាច់ និងការពង្រីកបញ្ជីទំនិញចាំបាច់, (៨) គំនិតផ្តួចផ្តើមលើគម្រោងមូលដ្ឋានអាស៊ាន, (៩) កិច្ចព្រមព្រៀងអាស៊ានស្តីពីចលនារបស់បុគ្គល (៩) កម្មវិធីការងាររបស់ឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន ប្រចាំឆ្នាំ២០២២, (១០) កិច្ចពិភាក្សាផ្ទៃក្នុងត្រៀមសម្រាប់ការជួបប្រជុំពិគ្រោះយោបល់ជាមួយដៃគូសន្ទនាសំខាន់ៗ និងបញ្ហាផ្សេងៗទៀត។
ជាមួយគ្នានេះ ឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ានបានជួបពិភាក្សាពិគ្រោះយោបល់ជាមួយប្រទេសដៃគូសន្ទនាចំនួន ១១ រួមមាន៖
១. កិច្ចប្រជុំឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន-កាណាដាលើកទី១៦។ ២. កិច្ចប្រជុំឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន-កូរ៉េលើកទី៣៧។ ៣. កិច្ចប្រជុំឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន-អាមេរិកលើកទី៣៦ ។ ៤. កិច្ចប្រជុំឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន-អង់គ្លេសលើកទី៣។ ៥. កិច្ចប្រជុំឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន-អូស្ត្រាលី-នូវែលហ្សេឡង់លើកទី៤១។ ៦. កិច្ចប្រជុំឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន-ចិនលើកទី៤១។ ៧. កិច្ចប្រជុំឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន-ជប៉ុនលើកទី២៧។ ៨. កិច្ចប្រជុំឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន-រុស្សី លើកទី១៤។ ៩. កិច្ចប្រជុំឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ានបូកបី លើកទី៣៩។ ១០. កិច្ចប្រជុំឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ីបូព៌ា លើកទី៣៩។
១១. កិច្ចប្រជុំឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន-ហុងកុងលើកទី២៧។ ក្នុងឱកាសនោះ សមាជិកទាំងអស់នៃកិច្ចប្រជុំ បានធ្វើការផ្លាស់ប្តូរមតិយោបល់ ពិភាក្សា ផ្តល់បច្ចុប្បន្នភាព និងចូលរួមយ៉ាងសកម្មទៅលើរបៀបវារៈនីមួយៗ ដែលធ្វើឱ្យកិច្ចប្រជុំនេះបញ្ចប់ទៅយ៉ាងរលូន និងប្រកបដោយផ្លែផ្កាគួរឱ្យកត់សម្គាល់។ កិច្ចប្រជុំនៃឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន ដែលប្រទេសឥណ្ឌូនេស៊ីក្នុងតួនាទីជាប្រធានកិច្ចប្រជុំឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន ដោយប្រទេសឥណ្ឌូនេស៊ីជាប្រធានអាស៊ានឆ្លាស់វេននៅឆ្នាំ២០២៣៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣