ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ ម៉ោង ០៤:០៣ នាទី រសៀល
👁 2
(ភ្នំពេញ)៖ កាលព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម រដ្ឋ សារ៉ាវុធ អគ្គនាយកពាណិជ្ជកម្មអន្តរជាតិ និងជាប្រធានកិច្ចប្រជុំឧត្តមមន្រ្តីសេដ្ឋកិច្ចអាស៊ានឆ្នាំ២០២២ (SEOM Chair) តំណាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមថ្លែងសុន្ទរកថាស្តីពី «គំនិតផ្តួចផ្តើមការវិនិយោគអាស៊ី-ជប៉ុនសម្រាប់ពេលអនាគត» តាមប្រព័ន្ធវីដេអូ។ ក្នុងកម្មវិធីនេះផងដែរក៏មានការចូលរួមពី ឯកឧត្តម Hidetoshi Nishimura ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ច សម្រាប់អាស៊ាននិងអាស៊ីបូព៌ា (ERIA) ឯកឧត្តម Tetsuya Watanabe ទីប្រឹក្សាពិសេសរបស់ ក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន (METI) តំណាងក្រុមហ៊ុនជប៉ុននៅកម្ពុជា និងនៅបណ្តាប្រទេសសមាជិក AMEICC និងមន្ត្រីលេខាធិការដ្ឋានអាស៊ានផងដែរ។
ឯកឧត្តមអគ្គនាយក បានថ្លែងសុន្ទរកថាស្វាគមន៍ និងកោតសសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តម Kouichi Hagiuda រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ដែលបានស្នើឱ្យមានគំនិតផ្តួតផ្តើមការវិនិយោគអាស៊ី-ជប៉ុនសម្រាប់ពេលអនាគត តាំងពីដើមឆ្នាំ២០២២ ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវភាពទាក់ទាញក្នុងតំបន់ក៏ដូចជាមជ្ឈមណ្ឌលនៃខ្សែច្រវាក់ផ្គត់ផ្គង់ពិភពលោក បង្កើតការច្នៃប្រឌិតដើម្បីបង្កើននិរន្តរភាពនិងដោះស្រាយបញ្ហាប្រឈមក្នុងសង្គម តាមរយៈកិច្ចសហការរវាងស្ថាប័នរដ្ឋ និងវិស័យឯកជនរបស់អាស៊ាន-ជប៉ុន។
ឯកឧត្តម បានគូសបញ្ជាក់ផងដែរថា ឆ្នាំ២០២២នេះ ជាឆ្នាំដែលអាស៊ានឆ្ពោះទៅមុខជាមួយនឹងផែនការអនុវត្តសម្រាប់ក្របខណ្ឌសេដ្ឋកិច្ចវិលជុំសម្រាប់សហគមន៍សេដ្ឋកិច្ចអាស៊ាន ដែលជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកកំណើនប្រកបដោយចីរភាពរបស់អាស៊ាន។ ជាមួយគ្នានេះដែរ ឯកឧត្តម ក៏បានសង្កតធ្ងន់ពីសារៈសំខាន់នៃឌីជីថលនិងស្នើឱ្យក្រុមហ៊ុនឯកជនរបស់ជប៉ុនដែលចូលរួមកម្មវិធីនេះ រួមមាន DENSO, DMG MORI និង FUJIFILM ធ្វើបទបង្ហាញនិងចែករំលែកអំពីការផ្លាស់ប្តូរទៅឌីជីថលដែលមានប្រយោជន៍ និងកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ដើម្បីឆ្ពោះទៅរកសង្គមឌីជីថលពេញលេញ។ ក្នុងវេទិកានេះផងដែរ ឯកឧត្តមក៏បានលើកពីការចូលជាធរមាននៃកិច្ចព្រមព្រៀងអាសិប ដែលនឹងពន្លឿនសមាហរណកម្មសេដ្ឋកិច្ចតំបន់និងធ្វើឱ្យអាស៊ានក្លាយជាតំបន់ដ៏ទាក់ទាញមួយសម្រាប់វិនិយោគ។
គួរបញ្ជាក់ផងដែរថា វេទិកានេះមិនត្រឹមតែបង្ហាញពីម៉ូឌែលជោគជ័យនិងការអនុវត្តល្អៗក្នុងវិស័យឧស្សាហកម្មសំខាន់ៗនោះទេ ប៉ុន្តែក៏បានត្រួសត្រាយផ្លូវដើម្បីធ្វើឱ្យស៊ីជម្រៅបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការក្នុងចំណោមមន្រ្តីរដ្ឋាភិបាល អ្នកស្រាវជ្រាវ ក៏ដូចជាតំណាងវិស័យឧស្សាហកម្ម ផងដែរ៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣