ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ ម៉ោង ០៤:២៥ នាទី រសៀល
👁 1
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាតំណាងរបស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធីប្រគល់សម្ភារៈព័ត៌មានវិទ្យាដល់សហគ្រាសធុនតូច និងមធ្យមចំនួន ៣៦ ក្រុមហ៊ុន ដែលមានតម្រូវការចាំបាច់ ដើម្បីជំរុញការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធឌីជីថលជាមួយផ្សារពាណិជ្ជកម្មខេមបូឌាត្រេដ ដែលក្នុងនោះមាន ២១ ក្រុមហ៊ុន ដឹកនាំដោយស្ត្រី (Women-led SMEs) និងមាន ១៩ ក្រុមហ៊ុន កំពុងដំណើរការអាជីវកម្មរបស់ខ្លួននៅតាមបណ្តាខេត្តនានាក្នុងប្រទេសកម្ពុជា (Provincial SMEs) ក្រោមថវិកាឧបត្ថម្ភរបស់គម្រោងអភិវឌ្ឍន៍ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ឬហៅកាត់ថា (Go4eCAM) ។
ក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ បានសម្តែងនូវគាវរកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ និងសម្តែងការអបអរសាទរដល់សហគ្រាសធុនតូច និងមធ្យមទាំងអស់ដែលបានចូលរួមជាមួយផ្សារខេមបូឌាត្រេដ ជាពិសេសសហគ្រាសធុនតូច និងមធ្យមដែលដឹកនាំដោយស្រ្តី និងកំពុងដំណើរការអាជីវកម្មរបស់ខ្លួននៅតាមបណ្តាខេត្តនានាក្នុងប្រទេសកម្ពុជា។
ជាមួយគ្នានេះ លោកជំទាវរដ្ឋលេខាធិការ បានជំរុញលើកទឹកចិត្តដល់សហគ្រាសធុនតូច និងមធ្យមឱ្យបន្តខិតខំពង្រឹង និងពង្រីកអាជីវកម្មរបស់ខ្លួនឱ្យកាន់តែមានភាពល្អប្រសើរក្នុងបរិបទឧស្សាហកម្ម៤.០ និងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។
លោកជំទាវ ក៏បានបន្ថែមទៀតថា កិច្ចជំនួបប្រជុំផ្ទាល់ជាមួយសហគ្រាសធុនតូច និងមធ្យមពិតជាមានសារសំខាន់ណាស់ ដើម្បីស្វែងយល់អំពីតម្រូវការជាក់ស្តែងក្នុងការចូលរួមជាមួយផ្សារខេមបូឌាត្រេដ។ លើសពីនេះ លោកជំទាវរដ្ឋលេខាធិការ ក៏បានលើកទឹកចិត្តដល់ក្រុមការងារគម្រោងបន្តកិច្ចសហការ និងផ្តល់វគ្គបណ្តុះបណ្តាលបន្ថែមដល់សហគ្រាសធុនតូច និងមធ្យមដែលកំពុងមានតម្រូវការផ្នែកពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនេះ ជាពិសេសជួយជំរុញការផ្សព្វផ្សាយផលិតផលរបស់ពួកគាត់ទៅកាន់ទីផ្សារឱ្យបានទូលំទូលាយ ទាំងក្នុងស្រុក និងក្រៅស្រុក។
នៅកិច្ចបញ្ចប់ លោកជំទាវរដ្ឋលេខាធិការ បានប្រគល់សម្ភារៈកុំព្យុទ័រដល់សហគ្រាសធុនតូច និងមធ្យមទាំង ៣៦ ក្រុមហ៊ុន និងបានសំណូមពរដល់សហគ្រាសធុនតូច និងមធ្យមទាំងអស់ឱ្យបន្ថែមការយកចិត្តទុកដាក់ និងចូលរួមយ៉ាងសកម្មជាមួយផ្សារខេមបូឌាត្រេដ ព្រោះថាបច្ចុប្បន្ននេះ ផ្សារខេមបូឌាត្រេដ កំពុងចាប់ផ្តើមមានការបញ្ជារទិញជាហូរហែ ពីទីផ្សារក្នុងស្រុក និងក្រៅស្រុក ជាពិសេសពីប្រទេសអាមេរិក ហូឡង់ អូស្ត្រាលី ជប៉ុន និងស្វីសជាដើម។
សូមបញ្ជាក់ផងដែរថា សហគ្រាសធុនតូច និងមធ្យមដែលបានចូលរួមក្នុងកម្មវិធីនេះ បានដាក់តាំងលក់ផលិតផលរបស់ខ្លួននៅលើផ្សារខេមបូឌាត្រេដ (www.cambodiatrade.com) និងបានត្រៀមខ្លួនរួមជាស្រេចក្នុងការទទួលការបញ្ជារទិញ ការទូរទាត់សាច់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក និងការដឹកជញ្ជូនដល់ដៃអតិថិជនទាំងក្នុង និងក្រៅស្រុក ក្នុងទំរង់ពីអ្នកលក់ទៅកាន់អ្នកលក់ (B2B) និងពីអ្នកលក់ទៅកាន់អ្នកប្រើប្រាស់ផ្ទាល់ (B2C) ។ ផលិតផលរបស់ពួកគាត់ រួមមាន៖ តុត្កតាចាក់ផ្ទាល់ដៃ ស្រាអំពិល ដំណាប់ស្ករចេក និងស្រាចេក ទឹកត្រី ទឹកស៊ីអ៊ីវ ប្រេងខ្យង ធ្យូងអានាម័យ តែខ្ញីខ្មៅ គ្រឿងទេសសាតេ ទាន រូបចំលាក់ឈើ កាបូប ស្បែកជើង ចន្ទីលីង ម្រេច ទឹកឃ្មុំ តែផ្លែទៀបបារាំង នំនិងកាហ្វេ ដំណាប់ផ្លែឈើ ម្សៅពន្លៃ រមៀតនិងខ្ញី សាច់ក្រកនិងសាច់ងៀត សូត្រ ម្រុំ កន្សែង ខ្នើយធ្វើពីក្រចៅ ស្ក្រាប់ពន្លៃ ក្រមួនដួង ប្រេងម្រុំ ថ្នាំនិងជីកសិកម្ម សាប៊ូដុំដុសខ្លួន ជីធម្មជាតិ ស្ព្រៃយ៍សំលាប់មេរោគការពារសត្វល្អិត បំពងបឺតធ្វើអំពីអង្ករ ប្រេងកូឡា និងសាប៊ូកក់សក់ ។ល។ ក្រៅអំពីសហគ្រាសធុនតូច និងមធ្យមដែលមានវត្តមានក្នុងកម្មវិធីនេះ ផ្សារខេមបូឌាត្រេដ មានក្រុមហ៊ុនចុះឈ្មោះរហូតមកដល់បច្ចុប្បន្ននេះចំនួន ១៣៥ ក្រុមហ៊ុន ដែលមានផលិតផលដាក់លក់សរុបចំនួន ១.២០០ប្រភេទ៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣