ឯកឧត្តម ប៊ុន ចន្ធី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមថ្លែងសន្ទរកថាបើកកិច្ចប្រជុំស្ដីពីការរៀបចំការសិក្សាពីភាពងាយរងគ្រោះរបស់កម្ពុជា នៅពេលចាកចេញពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួច

ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ ម៉ោង ០៧:០៤ នាទី យប់

👁 8

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ភ្នំពេញ)៖ កាលពីព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៊ុន ចន្ធី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួម និងអញ្ជើញថ្លែងសន្ទរកថាបើក កិច្ចប្រជុំស្ដីពីការរៀបចំការសិក្សាពីភាពងាយរងគ្រោះរបស់កម្ពុជា (Vulnerability Profile-VP) នៅពេលចាកចេញពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួច (LDC) ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១០-១២ ខែសីហា ឆ្នាំ២០២២ ដោយមានការចូលរួមពីក្រុមការងារសន្និសីទស្ដីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ (UNCTAD) និងបណ្ដាអន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើន។

ដោយមានការស្នើសុំពីក្រុមការងារ UNCTAD ស្របតាមអាណត្តិរបស់គណៈកម្មការអង្គការសហប្រជាជាតិស្ដីពីគោលនយោបាយអភិវឌ្ឍន៍ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងផ្តល់ព័ត៌មាន ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ អំពីតួនាទី និងគុណតម្លៃនៃ VP ជាពិសេស រំលេចអំពីផលប៉ះពាល់សំខាន់ៗនៃការចាកចេញពី LDC ដើម្បីត្រៀមរៀបចំយុទ្ធសាស្ដ្រជាតិ សម្រាប់រយៈពេលអន្ដរកាលនៃការចាកចេញឱ្យបានរលូន (National Smooth Transition Strategy)។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមអនុរដ្ឋលេខាធិការ បានថ្លែងអំណរគុណ និងស្វាគមន៍ក្រុមការងារ UNCTAD ដែលបានអញ្ជើញមកបំពេញបេសកកម្មនៅរាជធានីភ្នំពេញ ព្រមទាំងតំណាងអន្ដរក្រសួង-ស្ថាប័ន ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំដ៏មានសារសំខាន់នេះ។ ឯកឧត្តមអនុរដ្ឋលេខាធិការ បានលើកឡើងអំពីការខិតខំប្រឹងប្រែង និងសមិទ្ធផលយ៉ាងច្រើនរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្ដារ និងកសាងប្រទេសកម្ពុជា ជាងបីទសវស្សន៍ បន្ទាប់ពីសង្គ្រាមស៊ីវិល ដើម្បីទទួលបានសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចយ៉ាងឆាប់រហ័ស។ ជាលទ្ធផល តាមរយៈការត្រួតពិនិត្យ (triennial review) ដោយគណៈកម្មការអង្គការសហប្រជាជាតិស្ដីពីគោលនយោបាយអភិវឌ្ឍន៍ ក្នុងឆ្នាំ២០២១ កម្ពុជាត្រូវបានរកឃើញ ថាបានជាប់ចំណាត់ថ្នាក់ចាកចេញពី LDC ជាលើកទី១។ ដើម្បីអាចចាកចេញពី LDC បាន កម្ពុជាត្រូវជាប់ចំណាត់ថ្នាក់ជាលើកទី២ តាមរយៈការត្រួតពិនិត្យរាល់បីឆ្នាំម្ដង (triennial review) ដោយគណៈកម្មការអង្គការសហប្រជាជាតិស្ដីពីគោលនយោបាយអភិវឌ្ឍន៍ ក្នុងឆ្នាំ២០២៤។ ឯកឧត្ដមអនុរដ្ឋលេខាធិការបានទាញចំណាប់អារម្មណ៍អង្គប្រជុំមកលើការបាត់បង់ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម និងវិធានការពាក់ព័ន្ធនឹងជំនួយអន្ដរជាតិ នៅពេលកម្ពុជាចាកចេញពី LDC។ មានន័យថា កម្ពុជាត្រូវរៀបចំយុទ្ធសាស្ដ្រថ្នាក់ជាតិ ក្នុងការចាកចេញពី LDC ដោយរលូន និងមិនមានផលប៉ះពាល់ធ្ងន់ធ្ងរ។

ជាកិច្ចបន្ទាប់ លោក Junior Davis នាយកផ្នែកស្រាវជ្រាវ និងវិភាគនៃអង្គការ UNCTAD បានធ្វើបទបង្ហាញស្ដីពី ដំណាក់កាលនៃការចាកចេញពីឋានៈ LDC របស់កម្ពុជា។ លោក Junior បានបង្ហាញទិន្នន័យមួយចំនួនរបស់កម្ពុជាដែលបានជាប់ចំណាត់ថ្នាក់ចាកចេញពី LDC ជាលើកទី១ ក្នុងឆ្នាំ២០២១ ដែលទិន្នន័យទាំងនោះមានដូចជា សន្ទស្សន៍ចំណូលជាតិសរុប ធនធានមនុស្ស និងភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ចនិងបរិស្ថាន។ លោកបានបន្ដជម្រាបជូនថា កម្ពុជានឹងត្រូវបានត្រួតពិនិត្យម្ដងទៀតនៅឆ្នាំ២០២៤ ដើម្បីសម្រេចថាតើកម្ពុជាអាចចាកចេញពី LDC ដោយជោគជ័យ ឬទេ។ លោកបានលើកឡើងដែរថា នៅពេលកម្ពុជាចាកចេញពី LDC កម្ពុជានឹងបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ ក្របខណ្ឌជំនួយបច្ចេកទេស និងកម្ចីសម្បទានជាដើម។ ដូច្នេះ ដើម្បីឱ្យកម្ពុជាអាចចាកចេញពី LDC បានដោយរលូន ក្រុមការងារ UNCTAD នឹងរៀបចំការសិក្សាភាពងាយរងគ្រោះ ដែលមាន ៤ ផ្នែកដូចជា៖ (១)ការវិភាគស្ថានការណ៍ទូទៅនៃសមត្ថភាពផលិតធៀបនឹងតំបន់; (២)កំណត់ភាពងាយរងគ្រោះផ្អែកលើភាពចម្រើនរុងរឿង, សន្ដិភាព, មនុស្ស, បរិស្ថាន, និងភាពជាដៃគូ; (៣)ផលប៉ះពាល់នៃភាពងាយរងគ្រោះ; (៤)គោលនយោបាយសម្រាប់ភាពធន់សេដ្ឋកិច្ចនិងបរិស្ថាន។ ការសិក្សាស្ដីពីភាពងាយរងគ្រោះនេះ មានគោលដៅប្រមូលព័ត៌មាននិងទិន្នន័យពីក្រសួង-ស្ថាប័នកម្ពុជា ដើម្បីជួយសិក្សាស្រាវជ្រាវនិងផ្តល់ជាអនុសាសន៍ជូនរាជរដ្ឋាភិបាលកម្ពុជាត្រៀមរៀបចំយុទ្ធសាស្ដ្រជាតិដើម្បីអាចចាកចេញពី LDC បានដោយរលូន។ គួរបញ្ជាក់ផងដែរថា ក្នុងបេសកកម្មរយៈពេលបីថ្ងៃនេះ ក្រុមការងារ UNCTAD នឹងជួបផ្ទាល់ពិភាក្សាដោយឡែកជាមួយអន្តរក្រសួង-ស្ថាប័ន ដើម្បីពិភាក្សាបន្ថែមលើការរៀបចំការសិក្សា VP នេះ និងការព្រួយបារម្ភក្នុងវិស័យរបស់ស្ថាប័ននីមួយៗ នៅពេលកម្ពុជាចាកចេញពី LDC។

ជាកិច្ចបញ្ចប់ ឯកឧត្តមអនុរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់ក្រុមការងារ UNCTAD និងអង្គប្រជុំទាំងមូល ព្រមទាំងស្នើសុំដល់អន្ដរក្រសួង-ស្ថាប័ន ចូលរួមឱ្យបានសកម្មក្នុងកិច្ចពិភាក្សាដោយឡែក៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ