កិច្ចប្រជុំក្រុមការងារចំណុះអនុគណៈកម្មការពិធីការ ដឹកជញ្ជូន សន្តិសុខ សុខាភិបាល រៀបចំកន្លែងប្រជុំ និងសិល្បៈ សម្រាប់ត្រៀមរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន លើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ

ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ ម៉ោង ០៩:២១ នាទី ព្រឹក

👁 1

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ភ្នំពេញ)៖ នៅទីស្តីការក្រសួងពាណិជ្ជកម្ម នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានអនុគណៈកម្មការពិធីការ ដឹកជញ្ជូន សន្តិសុខ សុខាភិបាល រៀបចំកន្លែងប្រជុំ និងសិល្បៈ សម្រាប់កិច្ចប្រជុំ រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ បានដឹកនាំកិច្ចប្រជុំ ក្រុមការងារចំណុះអនុគណៈកម្មការនេះ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវជាអនុប្រធាន លោក លោកស្រី ជាសមាជិក-សមាជិកាអនុគណៈកម្មការនេះជាច្រើនរូប។  

ជាកិច្ចចាប់ផ្តើម ឯកឧត្តមប្រធានអង្គប្រជុំ បានលើកឡើងថាក្រុមការងារនីមួយៗត្រូវធ្វើការបន្តសកម្មភាពការងារ និងត្រៀមរបាយការណ៍សម្រាប់ធ្វើការរាយការណ៍ជូន ឯកឧត្តមរដ្ឋមន្រ្តី ក្នុងកិច្ចប្រជុំគណៈកម្មការត្រៀមរៀបចំកិច្ចប្រជុំ រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ខាងមុខនេះ។ ចំពោះកិច្ចការងារពិនិត្យកន្លែងផ្ទាល់នៅខេត្តសៀមរាប ក្រុមការងារបានសម្រេចជ្រើសរើសយកថ្ងៃទី១៧-១៨ ខែសីហា ឆ្នាំ២០២២ ដើម្បីធ្វើការចុះទៅត្រួតពិនិត្យទីតាំងជាក់ស្តែង ក្នុងការត្រៀមរៀបចំឱ្យបានត្រឹមត្រូវ និងតាមការគ្រោងទុក។  

ជាកិច្ចបន្ទាប់ ឯកឧត្តម លោកជំទាវ លោកប្រធានក្រុមការងារ និងប្រធានផ្នែកទទួលបន្ទុកកិច្ចការងារនីមួយៗបានរាយការណ៍អំពីវឌ្ឍនភាពការងាររបស់ក្រុមការងាររៀងខ្លួនដែលរួមមាន៖ ១-ការជ្រើសរើសមន្រ្តីសម្របសម្រួល (សម្រាប់ជំនួស-សម្រាប់បម្រុង) ការបំពេញតួនាទីភារៈរបស់មន្រ្តីសម្របសម្រួលត្រូវការអនុវត្ត (ការស្លៀកពាក់និងទទួលព័ត៌មានផ្សេងៗក្នុងការត្រៀមទទួលឯកឧត្តមរដ្ឋមន្រ្តីអាស៊ាន និងដៃគូ) និងការត្រៀមហ្វឹកហាត់សម ២-រៀបចំក្រុមការងារពិធីការទៅតាមផ្នែកតូចៗ សម្រាប់បដិសណ្ឋាកិច្ចឯកឧត្តមរដ្ឋមន្រ្តីអាស៊ាន និងដៃគូ (ប្រលានយន្តហោះ បន្ទប់ប្រជុំ បន្ទប់រងចាំ និងពិធីចុះហត្ថលេខា) ៣-ការត្រៀមរថយន្តសម្រាប់ឯកឧត្តមរដ្ឋមន្រ្តីអាស៊ាន និងដៃគូ និងរថយន្តផ្សេងៗជូនគណៈប្រតិភូតាមប្រទេសនីមួយៗ ៤-ការត្រៀមរៀបចំកម្មវិធីសម្រាប់ភរិយាឯកឧត្តមរដ្ឋមន្រ្តីអាស៊ាន (ការអញ្ជើញទស្សនកិច្ចប្រាសាទ និងកន្លែងនានានៅខេត្តសៀមរាប) ៥-ការត្រៀមរៀបចំសន្តិសុខ និងសុខាភិបាលនៅខេត្តសៀមរាប ៦-ការត្រៀមរៀបចំកន្លែងប្រជុំ និងសិល្បៈ (ការតុបតែងរៀបចំពិធីបើកនៃកិច្ចប្រជុំ បន្ទប់ប្រជុំ ពិធីជប់លៀង សិល្បៈសម្តែង និងម្ហូបអាហារ) និង៧-ការត្រៀមថវិកាចំណាយសម្រាប់ក្រុមការងារអនុគណៈកម្មការពិធីការ ដឹកជញ្ជូន សន្តិសុខ សុខាភិបាល រៀបចំកន្លែងប្រជុំ និងសិល្បៈ សម្រាប់រៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន លើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ។  

ជាកិច្ចបញ្ចប់ ឯកឧត្តមប្រធានអង្គប្រជុំ បានស្នើក្រុមការងារទាំងអស់ពន្លឿន និងតាមដានការងាររបស់ខ្លួន ដើម្បីឱ្យកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន លើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធសម្រាប់ឆ្នាំ២០២២ ដែលគ្រោងរៀបចំឡើងចាប់ពីថ្ងៃទី១១-១៨ ខែកញ្ញា ឆ្នាំ២០២២ នៅខេត្តសៀមរាប ដំណើរការទៅបានដោយរលូន និងទទួលបានជោគជ័យ៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ