ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ម៉ោង ០៦:០៩ នាទី ល្ងាច
👁 7
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្ដម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន ព្រមទាំងជាប្រធានគណៈកម្មការរៀបចំកិច្ចប្រជុំក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ានសម្រាប់ឆ្នាំ២០២២ និងកិច្ចប្រជុំពាក់ព័ន្ធ បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំត្រៀមលើកទី៣ នៃគណៈកម្មការរៀបចំកិច្ចប្រជុំក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្ដម លោកជំទាវ ជាប្រធាន អនុប្រធាន និងសមាជិកអនុគណៈកម្មការ និងក្រុមការងារលេខាធិការដ្ឋាន មន្រ្តីជំនាញពាក់ព័ន្ធ ព្រមទាំងឯកឧត្ដម លោកជំទាវ និងមន្ត្រីជំនាញមកពីអន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធផងដែរ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្រ្តី ក្នុងនាមជាប្រធានអង្គប្រជុំ បានមានមតិស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណ ព្រមទាំងកោតសរសើរជូនចំពោះសមាជិកអង្គប្រជុំទាំងអស់ ដែលបានចូលរួមបំពេញកិច្ចការពាក់ព័ន្ធនឹងការត្រៀមរៀបចំកិច្ចប្រជុំនានា ក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ានយ៉ាងសស្រាក់សស្រាំ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ នាពេលកន្លងមក។ កិច្ចប្រជុំត្រៀមនេះ មានគោលបំណងតាមដានវឌ្ឍនភាពក្នុងការរៀបចំត្រៀមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១-១៨ ខែកញ្ញា ឆ្នាំ២០២២ នៅទីក្រុងសៀមរាប នាពេលខាងមុខនេះ។
ឯកឧត្តមរដ្ឋមន្រ្តីបន្តថា កិច្ចប្រជុំនេះ ផ្តោតសំខាន់លើរបៀបវារៈសំខាន់ៗរួមមាន៖ (១) របាយការណ៍វឌ្ឍនភាព បញ្ហាប្រឈម និងសំណូមពររបស់អនុគណៈកម្មការទាំងអស់ ក្នុងការត្រៀមរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ (២) អនុសាសន៍ណែនាំដោះស្រាយបញ្ហាប្រឈម និងទិសដៅការងារបន្តជូនដល់គណៈកម្មការនិងអនុគណៈកម្មការនីមួយៗ និង (៣) បញ្ហាផ្សេងៗ។
ក្នុងនោះផងដែរ ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍មួយចំនួនសម្រាប់ជាទិសដៅការងារបន្ទាប់ ជូនអនុគណៈកម្មការនីមួយៗ ព្រមទាំងក្រុមការងារលេខាធិការដ្ឋាន ដូចខាងក្រោម៖
• អនុគណៈកម្មការខ្លឹមសារ និងឯកសារ និងក្រុមការងារលេខាធិការដ្ឋាន រៀបចំបញ្ចប់វីដេអូស្តីពីវឌ្ឍនភាព PEDs របស់កម្ពុជា និងត្រៀមរៀបចំឯកសារកិច្ចប្រជុំនិងឯកសារពាក់ព័ន្ធ ជូនប្រធានកិច្ចប្រជុំ AEM លើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ និងកិច្ចប្រជុំទ្វេភាគី តាមការស្នើសុំជំនួបទ្វេភាគី ជាក់ស្ដែង។
• អនុគណៈកម្មការពិធីការ ដឹកជញ្ជូន សន្តិសុខ សុខាភិបាល រៀបចំកន្លែងប្រជុំនិងសិល្បៈ ត្រូវចុះពិនិត្យមើលទីតាំងរៀបចំកិច្ចប្រជុំ សណ្ឋាគារស្នាក់នៅ សន្តិសុខ ការរៀបចំ Backdrop បដាផ្សព្វផ្សាយព័ត៌មាន ទីតាំងធ្វើតេស្តយកសំណាក PCR និង Facilities សង្គ្រោះបន្ទាន់ បន្ទប់បន់ស្រន់ (Prayer Rooms) និងបន្ទប់ចំាបាច់ដទៃទៀត និងការត្រៀមរៀចំសម្រាប់អាហារការងារ អាហារស្វាគមន៍ និងការថតរូបផ្សព្វផ្សាយផ្សេងៗ។
• អនុគណៈកម្មការពិធីការ ដឹកជញ្ជូន សន្តិសុខ សុខាភិបាល រៀបចំកន្លែងប្រជុំនិងសិល្បៈ តាមដានបញ្ជីជើងហោះហើររបស់គណៈប្រតិភូចូលរួមកិច្ចប្រជុំ និងចាត់ចែងឱ្យមន្រ្តី LOs និង SOs ត្រៀមទទួលឱ្យបាន ល្អប្រសើរ និងការត្រៀមរៀបចំកម្មវិធី Spouse និងសំណូមពរផ្សេងៗ។
• អនុគណៈកម្មការផ្សព្វផ្សាយព័ត៌មាន គួរយកចិត្តទុកដាក់តាមដានវឌ្ឍនភាពកិច្ចប្រជុំទាំងអស់ និងការតាមដានព័ត៌មានទូទៅ ដើម្បីរៀបចំផ្សព្វផ្សាយឱ្យបានគ្រប់ជ្រុងជ្រោយ។
• លើកទឹកចិត្តឱ្យរាយការណ៍ជាបន្តបន្ទាប់នូវវឌ្ឍនភាពនៃដំណើរការរៀបចំកិច្ចប្រជុំ AEM លើកទី៥៤ និងលើកផែនការចំណាយ ក៏ដូចជារាយការណ៍នូវបញ្ហាប្រឈម និងលើកជាសំណូមពរ ដើម្បីអាចដោះស្រាយបានទាន់ពេលវេលា។
ជាកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្រធាន និងអនុប្រធានអនុគណៈកម្មការទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់បំពេញកាតព្វកិច្ច និង តួនាទី ក្នុងស្មារតីបុរេសកម្ម និងទទួលខុសត្រូវខ្ពស់ ក្នុងការរៀបចំកិច្ចប្រជុំនានាក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចឱ្យប្រព្រឹត្តទៅបានយ៉ាងរលូន និងទទួលបានលទ្ធផលជូនជាតិយ៉ាងល្អប្រសើរ៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣