ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ ម៉ោង ១០:១៣ នាទី យប់
👁 5
(ភ្នំពេញ)៖ នារសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ប៉ាវ ហេងតារា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាតំណាង ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំប្រតិភូក្រសួង ចូលរួមគោរព ព្រះអដ្ឋិ សម្តេចព្រះបរមរាមា នរោត្តម យុវនាថ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានយាងចូលព្រះទីវង្គតនៅថ្ងៃព្រហស្បតិ៍ ១កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ នៅសហរដ្ឋអាម៉េរិក ក្នុងព្រះជន្មាយុ៧៨ព្រះវស្សា ដោយព្រះរោគាពាធ។
ក្នុងឱកាសប្រកបដោយក្តីខ្សឹកខ្សួលរំជួលចិត្ត ដ៏មហាក្រៀមក្រំនេះ ឯកឧត្តម ប៉ាវ ហេងតារា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម ព្រមទាំងថ្នាក់ដឹកនាំនិងមន្រ្តីរាជការនៃក្រសួងពាណិជ្ជកម្ម សូមសម្តែងនូវសមានទុក្ខប្រកបដោយអនិច្ចលក្ខណធម៌ ដ៏មហាជ្រាលជ្រៅ ព្រមទាំងក្តីសង្វេគដ៏មហាធំធេង និងពោរពេញដោយក្តី សោកស្តាយស្រណោះអាឡោះអាល័យជាអនេកប្បការចំពោះការបាត់បង់ សម្តេចព្រះបរមរាមា នរោត្តម យុវនាថ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា គឺជាការបាត់បង់ដ៏ធំធេងនូវព្រះស្វាមី និងព្រះបិតា ជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅ និងប្រកបដោយព្រហ្មវិហារធម៌ដ៏ថ្លៃថ្លាជាទីបំផុត ក៏ដូចជាការបាត់បង់នូវអង្គព្រះរាជវង្សដ៏ឆ្នើមមួយព្រះអង្គរបស់ព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមរដ្ឋលេខាធិការ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងពាណិជ្ជកម្ម សូមលំឱនកាយឧទ្ទិសបួងសួងដល់ដួងព្រះវិញ្ញាណក្ខន្ធរបស់ សម្តេចព្រះបរមរាមា នរោត្តម យុវនាថ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់យាងទៅកាន់សុខគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣