ក្រសួងពាណិជ្ជកម្មរៀបចំសិក្ខាសាលាស្ដីពីជំនួយសម្រាប់ពាណិជ្ជកម្មដើម្បីអភិវឌ្ឍន៍វិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ក្នុងវេទិកាត្រួតពិនិត្យជំនួយសម្រាប់ពាណិជ្ជកម្មប្រចាំឆ្នាំ២០២១ របស់អង្គការពាណិជ្ជកម្មពិភពលោក

ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ ម៉ោង ០៥:០៥ នាទី ល្ងាច

👁 37

Thumbnail (ក្រសួងពាណិជ្ជកម្ម)

នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែមីនា ឆ្នាំ២០២១ ក្រសួងពាណិជ្ជកម្ម សហការជាមួយកម្មវិធីពង្រឹងក្របខ័ណ្ឌសមាហរណកម្ម (Enhanced Integrated Framework-EIF) បានរៀបចំសិក្ខាសាលាតាមប្រព័ន្ធវីឌីអូស្តីអំពី “នវានុវត្តន៍ ផែនការស្តារឡើងវិញ វិវត្តកម្មឌីជីថលឆ្ពោះទៅរកការធ្វើពាណិជ្ជកម្មដែលមានលក្ខណៈបរិយាប័ន្ន និងប្រកបដោយនិរន្តរភាព” ក្នុងវេទិកាត្រួតពិនិត្យជំនួយសម្រាប់ពាណិជ្ជកម្មប្រចាំឆ្នាំ២០២១ របស់អង្គការពាណិជ្ជកម្មពិភពលោក។ កម្មវិធីនេះត្រូវបានដឹកនាំ និងថ្លែងសុន្ទរកថាបើកដោយ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងបានការចូលរួមពី លោកបណ្ឌិត Ratnakar Adhikari នាយកប្រតិបត្តិនៃកម្មវិធី EIF ក្នុងគោលបំណងចែករំលែក និងរំលេចទស្សនៈរបស់កម្ពុជាក្នុងវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ជាពិសេសកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ក្នុងការអភិវឌ្ឍ និងប្រើប្រាស់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកក្នុងកំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីដ១៩ ក៏ដូចជាចូលរួមវិភាគទានដល់ការប្រែក្លាយកម្ពុជាទៅជាសេដ្ឋកិច្ចឌីជីថលក្នុងពេលអនាគត។ សិក្ខាសាលាតាមប្រព័ន្ធវីឌីអូនេះ ចូលរួមជាវាគ្មិនពីតំណាងក្រសួងពាណិជ្ជកម្ម តំណាងអង្គការ UNDP នៅកម្ពុជា តំណាងក្រសួងការបរទេស និងពាណិជ្ជកម្មនៃប្រទេសអូស្ត្រាលី តំណាងរបស់ក្រុមហ៊ុន Khmum eShop និងសាធារណៈជនសរុបចំនួន ១៦៥ នាក់។

ថ្លែងក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ បានជម្រាបជូនថា ក្រសួងពាណិជ្ជកម្មបានអនុវត្តគោលនយោបាយដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦ ពិសេស “ការរៀបចំខ្លួនសម្រាប់ការរីកចម្រើននៃសេដ្ឋកិច្ចឌីជីថល និងឆ្លើយតបទៅនឹងបដិវដ្តន៍ឧស្សាហកម្ម៤.០” ក្នុងមុំទី៣ ចតុកោណទី២ នៃយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤។ ក្រសួងពាណិជ្ជកម្ម បានរៀបចំច្បាប់ស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកដើម្បីបង្កើតជាមូលដ្ឋានច្បាប់សម្រាប់អភិវឌ្ឍន៍វិស័យនេះ ព្រមទាំងបានចរចាលើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកក្នុងក្របខ័ណ្ឌតំបន់ និងពិភពលោកផងដែរ។ ជាមួយនោះដែរ ដើម្បីបង្កើតជាផែនទីបង្ហាញផ្លូវសម្រាប់អភិវឌ្ឍន៍ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកក្នុងរយៈពេលខ្លី និងមធ្យម ក្រសួងពាណិជ្ជកម្មក៏បានរៀបចំ និងអនុវត្តយុទ្ធសាស្រ្តពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ក៏ដូចជាគម្រោងអភិវឌ្ឍន៍ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា (Go4eCAM) ដើម្បីឆ្លើយតបទៅនឹងលក្ខខណ្ឌតម្រូវនៃការជឿនលឿន និងការចាប់យកយ៉ាងឆាប់រហ័សនៃពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ព្រមទាំងបង្កើនឱកាសសេដ្ឋកិច្ចសម្រាប់សហគ្រាសកម្ពុជាក្នុងការចូលរួមក្នុងសេដ្ឋកិច្ចឌីជីថល ជាពិសេសសហគ្រាសធុនតូច និងមធ្យម ដែលជាស្តី្រនិងយុវជនផងដែរ។  

លោកបណ្ឌិត Ratnakar Adhikari បានរំលេចពីការគាំទ្រជាជំនួយសម្រាប់ពាណិជ្ជកម្មដែលបានផ្តល់ទៅប្រទេសអភិវឌ្ឍន៍តិចតួច រួមទាំងកម្ពុជាផងដែរក្រោមកម្មវិធី EIF ដើម្បីពង្រឹងខ្លួនសម្រាប់ចូលរួមក្នុងពាណិជ្ជកម្មអន្តរជាតិ ក៏ដូចជាការប្រែក្លាយទៅសេដ្ឋកិច្ចឌីជីថល។ កម្មវិធី EIF បានជួយគាំទ្រកម្ពុជាក្នុងការអភិវឌ្ឍវិស័យពាណិជ្ជកម្មរបស់ខ្លួនតាមរយៈគម្រោងជាច្រើន ហើយតែងតែចាត់ទុកកម្ពុជាជាប្រទេសគំរូក្នុងការអនុវត្តគម្រោងជំនួយសម្រាប់ពាណិជ្ជកម្ម ក្រោមកម្មវិធី EIF។  

ក្រៅពីនោះ វាគ្មិនទាំងអស់នៃសិក្ខាសាលាតាមប្រព័ន្ធវីឌីអូនេះ បានធ្វើបទបង្ហាញពីចូលរួមគាំទ្ររបស់វិស័យសាធារណៈលើវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក តួនាទី និងការរីកចម្រើនរបស់វិស័យឯកជន ការរួមចំណែកពីអង្គការអភវិឌ្ឍន៍តាមរយៈគំនិតផ្តួចផ្តើមនានា និងការចូលរួមឧបត្ថម្ភពីប្រទេសដែលជាដៃគូអភិវឌ្ឍន៍ក្នុងការគាំទ្រកម្មវិធីនានាក្នុងតំបន់ និងទ្វេភាគីលើវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា។ សិក្ខាសាលាតាមប្រព័ន្ធវីឌីអូនេះ បានបើកឱកាសឱ្យមានកិច្ចពិភាក្សាយ៉ាងផុសផុលរវាងវាគ្មិន និងអង្គសិក្ខាកាមទាំងមូល និងបានបិទបញ្ចប់ដោយជោគជ័យផងដែរ។

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ