ឯកឧត្តម ប៊ុន ចន្ធី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ជួបពិភាក្សាការងារជាមួយគណៈប្រតិភូមជ្ឈមណ្ឌលសហប្រតិបត្តិការសេដ្ឋកិច្ចក្រៅប្រទេស នៃក្រសួងកសិកម្ម និងកិច្ចការជនបទចិន

ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ ម៉ោង ១១:៣៩ នាទី ថ្ងៃត្រង់

👁 4

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ភ្នំពេញ)៖ កាលពីព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៊ុន ចន្ធី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយលោក ZHANG Lubiao អគ្គនាយកនៃមជ្ឈមណ្ឌលសហប្រតិបត្តិការសេដ្ឋកិច្ចក្រៅប្រទេស នៃក្រសួងកសិកម្ម និងកិច្ចការជនបទចិន លើការរៀបចំផែនការមេទំនើបកម្មកសិកម្ម កម្ពុជា-ចិន។

កិច្ចពិភាក្សាបានផ្តោតសំខាន់លើ ១-សិក្សាបន្ថែមអំពីស្ថានភាពនៃពាណិជ្ជកម្មនាំចេញ-ចូល ផលិតផលកសិកម្ម និងទីផ្សារផលិតផលកសិកម្មក្នុងស្រុក ២-សិក្សាបន្ថែមអំពីគោលនយោបាយនិងផែនការគាំទ្រការអភិវឌ្ឍន៍វិស័យកសិកម្ម ៣-ប្រឹក្សាយោបល់នានាលើគម្រោងផែនការអភិវឌ្ឍន៍វិស័យកសិកម្ម សម្រាប់ជាធាតុចូលក្នុងការរៀបចំផែនការទំនើបកម្មវិស័យកសិកម្មកម្ពុជា-ចិនឱ្យចំគោលដៅ សំដៅអភិវឌ្ឍវិស័យកសិកម្មកម្ពុជានិងជំរុញការនាំចេញផលិតផលកសិកម្មរបស់កម្ពុជាទៅទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារប្រទេសចិន។  

ជាកិច្ចចាប់ផ្តើម ឯកឧត្តមអនុរដ្ឋលេខាធិការ បានថ្លែងអំណរគុណ និងស្វាគមន៍គណៈប្រតិភូមជ្ឈមណ្ឌលសហប្រតិបត្តិការសេដ្ឋកិច្ចក្រៅប្រទេស នៃក្រសួងកសិកម្ម និងកិច្ចការជនបទចិន ដែលបានអញ្ជើញមកបំពេញបេសកកម្មនៅរាជធានីភ្នំពេញ និងចូលរួមក្នុងកិច្ចពិភាក្សាដ៏មានសារសំខាន់នេះ។ ឯកឧត្តមអនុរដ្ឋលេខាធិការ បានជម្រាបអំពីការអភិវឌ្ឍន៍និងភាពរីកចម្រើនវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម ឧស្សាហកម្ម ជាពិសេសច្បាប់វិនិយោគថ្មីរបស់កម្ពុជា ស្ថានភាពនៃការនាំចេញផលិតផលកសិកម្មកម្ពុជាទៅកាន់ទីផ្សារចិន និងបញ្ហាភូតគាមអនាម័យដែលនៅជារបាំងនៃការនាំចេញ។

បន្ថែមពីនេះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានលើកអំពីផលិតផលកសិកម្មសក្តានុពលរបស់កម្ពុជា ដូចជា៖ ចេក ស្វាយ អង្ករ ពោត ដំឡូងមី និងស្វាយចន្ទី ជាដើម ក៏ដូចជាបញ្ហាប្រឈមនានាក្នុងការផលិតនិងនាំចេញទៅកាន់ទីផ្សារចិន។

ជាមួយគ្នានេះ ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានលើកអំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្មក្នុងការចរចាបើកទីផ្សារថ្មីៗ ជាពិសេស ក្រោមក្របខណ្ឌកិច្ចព្រមព្រៀងអាសិប កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ និងការដាក់ចេញនូវវិធានការសម្រួលពាណិជ្ជកម្ម ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍនិងលើកកម្ពស់សកម្មភាពធុរកិច្ច ជីវភាពរស់នៅរបស់ប្រជាជន និងសេដ្ឋកិច្ចជាតិទាំងមូល។

នៅក្នុងឱកាសនោះដែរ លោក ZHANG Lubiao បានជម្រាបអំពីគោលបំណងនៃដំណើរបេសសកកម្មនេះ ដោយផ្តោតសំខាន់លើការស្វែងយល់បន្ថែមអំពីកាលានុវត្តភាព និងបញ្ហាប្រឈមក្នុងវិស័យកសិកម្មរបស់កម្ពុជា ដើម្បីជាមូលដ្ឋានក្នុងការរៀបចំផែនការធ្វើទំនើបកម្មកសិកម្មកម្ពុជា-ចិន ក៏ដូចជាដើម្បីបង្កើនការនាំចេញផលិតផលកសិកម្មកម្ពុជាទៅទីផ្សារអន្តរជាតិ និងប្រទេសចិន។

លោកក៏បានចែករំលែកបទពិសោធន៍ដែលបានអនុវត្តនិងទទួលបានលទ្ធផលល្អប្រសើរក្នុងការលើកកម្ពស់វិស័យកសិកម្មនៅប្រទេសចិននិងប្រទេសជិតខាងផងដែរ និងបានលើកជាយោបល់សម្រាប់កម្ពុជាពិចារណាដើម្បីលើកកម្ពស់វិស័យកសិកម្មរបស់កម្ពុជា រួមមាន ការបង្កើតក្រុមការងារអន្តរក្រសួងសម្រាប់វិស័យកសិកម្ម ការរៀបចំឱ្យមានក្រុមការងារប្រចាំនៅស្ថានទូតកម្ពុជាដើម្បីដោះស្រាយបញ្ហាពាក់ព័ន្ធនឹងវិស័យកសិកម្មជាមួយភាគិចិនបានទាន់ពេលវេលា ការធ្វើឱ្យប្រសើរឡើងខ្សែច្រវាក់ផ្គត់ផ្គង់ និងការបង្កើតឱ្យមានតំបន់អនុគ្រោះពន្ធជាដើម ដែលទាំងនេះនឹងជួយទាក់ទាញវិនិយោគិនបរទេសបន្ថែមទៀត។

ទន្ទឹមនឹងនេះ លោកបានលើកផងដែរថា ទំនាក់ទំនងរវាងកម្ពុជានិងចិនមានភាពរឹងមាំនិងល្អប្រសើរតាំងពីយូរលង់ណាស់មកហើយ ហើយភាគីចិនប្តេជ្ញានឹងជួយគាំទ្រនិងធ្វើឱ្យប្រសើរឡើងនូវវិស័យកសិកម្មរបស់កម្ពុជា។

ជាកិច្ចបញ្ចប់ ឯកឧត្តមអនុរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់គណៈប្រតិភូមជ្ឈមណ្ឌលសហប្រតិបត្តិការសេដ្ឋកិច្ចក្រៅប្រទេស នៃក្រសួងកសិកម្ម និងកិច្ចការជនបទចិន ចំពោះការគាំទ្រនិងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ ព្រមទាំងការឯកភាពក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀតដើម្បីជាប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ៕

 

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ