ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ ម៉ោង ០៧:៥១ នាទី យប់
👁 2
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សាលើសេចក្តីព្រាងរបៀបវារៈ និងកំណត់ហេតុរួមនៃកិច្ចប្រជុំ ដើម្បីត្រៀមរៀបចំកិច្ចប្រជុំលើកទី៣ គណៈកម្មការសេដ្ឋកិច្ចចម្រុះកម្ពុជា-តួកគីយ៉េ ដែលគ្រោងនឹងធ្វើឡើងនៅកំឡុងខែតុលា ឆ្នាំ២០២២ នៅកម្ពុជា។ កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំ-មន្រ្តីជំនាញនៃក្រសួងពាណិជ្ជកម្ម និងអន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធចំនួន ១៣ស្ថាប័ន ផងដែរ។
ថ្លែងក្នុងកិច្ចប្រជុំនេះ លោកជំទាវប្រធានអង្គប្រជុំ បានស្នើដល់តំណាងអន្តរក្រសួងទាំង១៣ស្ថាប័ន ចូលរួមពិភាក្សានិងផ្តល់ធាតុចូលឱ្យបានផុសផុលលើសេចក្តីព្រាងកំណត់ហេតុរួម ដើម្បីត្រៀមរៀបចំកិច្ចប្រជុំលើកទី៣ គណៈកម្មការសេដ្ឋកិច្ចចម្រុះកម្ពុជា-តួកគីយ៉េ នាពេលខាងមុខ ឱ្យទទួលជោគជ័យ និងលទ្ធផលផ្លែផ្កា។
ជាលទ្ធផល អង្គប្រជុំបានពិភាក្សា និងផ្លាស់ប្តូរយោបល់លើសេចក្តីព្រាងកំណត់ហេតុរួម ដែលក្នុងនោះបង្ហាញពីវិស័យអាទិភាពដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-តួកគីយ៉េឱ្យកាន់តែស៊ីជម្រៅនិងទាញអត្ថប្រយោជន៍ឱ្យបានជាអតិបរមា រួមមានជាអាទិ៍៖ពាណិជ្ជកម្ម វិនិយោគ ធុរកិច្ច ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យានិងនវានុវត្តន៍ ហាឡាល សហគ្រាសធុនតូចនិងមធ្យម កសិកម្ម ដឹកជញ្ជូន អាកាសចរស៊ីវិល សុខាភិបាល អប់រំ ទេសចរណ៍ និងវិស័យពាក់ព័ន្ធដទៃទៀត។
គួរបញ្ជាក់ថា៖ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-តួកគីយ៉េ សម្រេចបាន ៤៦២,៦៣លានដុល្លារអាម៉េរិក ក្នុងរយៈពេល៥ឆ្នាំ(២០១៧-២០២១)។ ទោះបីស្ថិតក្នុងបរិបទនៃការរីករាលដាលជំងឺកូវីត-១៩ក្ដី ក៏ទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបានប្រមាណ ៩០,៦៣លានដុល្លារក្នុងឆ្នាំ២០២១ ដែលកើនឡើង ២,០៦% ធៀបនឹងឆ្នាំ២០២០។ ក្នុងនោះ កម្ពុជានាំចេញមុខទំនិញទៅតួកគីយ៉េ ដូចជា៖ សម្លៀកបំពាក់ វាយនភ័ណ្ឌ ស្បែកជើង សម្ភារៈធ្វើដំណើរ អង្ករ ឆ័ត្រ។ល។ ដោយឡែកការនាំចូលទំនិញពីតួកគីយ៉េ មានដូចជា៖ ម៉ាស៊ីន ផលិតផលឱសថ កញ្ចក់ ដែក ផលិតផលប្លាស្ទិក និងទំនិញដទៃទៀត៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣