ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ ម៉ោង ០៩:៣៣ នាទី យប់
👁 1
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាបណ្តុះបណ្តាលស្តីអំពី “ការត្រៀមសម្រាប់ការនាំចេញនិងពាណិជ្ជកម្មបែបប្រព័ន្ធអេឡិចត្រូនិកសម្រាប់ទីផ្សារអន្តរជាតិ” សម្រាប់សហគ្រាសធុនតូចនិងមធ្យម ប្រមាណជាង ១០០ សហគ្រាស ក្រោមគម្រោងអភិវឌ្ឍន៍វិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា (Go4eCAM) ដែលបានប្រារព្ធធ្វើនៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ។
កម្មវិធីសិក្ខាសាលាស្តីអំពីការត្រៀមសម្រាប់ការនាំចេញនិងពាណិជ្ជកម្មបែបប្រព័ន្ធអេឡិចត្រូនិកសម្រាប់ទីផ្សារអន្តរជាតិនេះត្រូវបានរៀបចំឡើងដោយមានការសហការរវាង ក្រសួងពាណិជ្ជកម្ម អង្គការ UNDP Cambodia និងសហគ្រិនខែ្មរ ក្នុងគោលបំណងផ្តល់ការ បណ្តុះបណ្តាលបន្ថែមដល់សហគ្រាសធុនតូច និងមធ្យមក្រោមគម្រោងអភិវឌ្ឍន៍ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកកម្ពុជា ឬ Go4eCAM រួមមានសហគ្រាសធុនតូច និងមធ្យម ដែលបានចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាលស្តីពីអាជីវកម្មបែបឌីជីថល(Incubation Programme) កម្មវិធីប្រកួតភាពច្នៃប្រឌិត (Innovation Challenge) និងសហគ្រាសធុនតូច និងមធ្យមដែលបានដំណើការក្នុងផ្សារពាណិជ្ជកម្មខេមបូឌាត្រេដ ដើម្បីពង្រឹងសមត្ថភាពបន្ថែមក្នុងការត្រៀមខ្លួនសម្រាប់ការនាំចេញប្រកបដោយការប្រកួតប្រជែងខ្ពស់ តាមរយៈផ្សារពាណិជ្ជកម្មបែបអេឡិចត្រូនិកឆ្លងកាត់ព្រំដែន ជាពិសេសការធ្វើប្រតិបត្តិការជាមួយផ្សារខេមបូឌាត្រេដ ក្នុងការនាំចេញផលិតផលខ្មែរទៅកាន់ទីផ្សារអន្តរជាតិ។
ជាកិច្ចចាប់ផ្តើម លោកជំទាវរដ្ឋលេខាធិការ បានសម្តែងនូវគាវរកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានសហគ្រិនខ្មែរ តំណាងអង្គការ UNDP Cambodia និងតំណាងសហគ្រាសធុនតូច និងមធ្យមក្រោមគម្រោង Go4eCAM ទាំងអស់ដែលមានវត្តមានក្នុងសិក្ខាសាលានេះ។ លោកជំទាវរដ្ឋលេខាធិការក៏បានលើកឡើងអំពីសារៈសំខាន់ និងកោតសរសើរដល់ វិស័យឯកជន និង ដៃគូរសហការណ៍ ជាពិសេសអង្គការ UNDP Cambodia ដែលតែងតែគាំទ្រនិងជាដៃគូរអភិវឌ្ឍន៍ដ៏សំខាន់របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងពាណិជ្ជកម្ម ក្នុងការជម្រុញវិស័យពាណិជ្ជកម្មនៅកម្ពុជា។
ក្នុងឱកាសនេះផងដែរ លោកជំទាវរដ្ឋលេខាធិការ បានលើកឡើងពីយុទ្ធសាស្ត្រគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការចាប់យកសេដ្ឋកិច្ចឌីជីថល រួមមាន៖ យុទ្ធសាស្រ្តក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីសម្រាប់ការងើបឡើងវិញសេដ្ឋកិច្ចក្នុងបរិបទនៃការរស់នៅជាមួយកូវីដ-១៩ ឆ្លើយតបទៅនឹងបរិបទឧស្សាហកម្ម៤.០ និងកំណើនសន្ទុះដ៏ខ្លាំងខ្លានៃបច្ចេកវិទ្យាឌីជីថលក្នុងបរិបទកូវីដ-១៩នេះ។ ក្នុងនេះផងដែរ លោកជំទាវបានលើកបញ្ជាក់ពីសមិទ្ធិផលសំខាន់ៗរបស់ ក្រសួងពាណិជ្ជកម្ម ក្នុងការអនុវត្តច្បាប់គតិយុទ្ធ និងយុទ្ធសាស្ត្រជម្រុញសេដ្ឋកិច្ចឌីជីថល ស្របតាមក្របខណ្ឌគោលនយោបាយរាជរដ្ឋាភិបាល រួមមាន ច្បាប់ស្តីអំពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ការរៀបចំយុទ្ធសាស្ត្រសមាហរកម្មពាណិជ្ជកម្ម យុទ្ធសាស្ត្រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងក្របខណ្ឌគោលនយោបាយផ្សេងៗទៀត។
ជាកិច្ចបញ្ចប់ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានថ្លែងអំណរគុណដល់តំណាងសហគ្រាសធុនតូចនិងមធ្យមដែលបានអញ្ញើញចូលរួមដោយផ្ទាល់និងតាមរយៈអនឡាញ និងជាពិសេសអរគុណដល់ អង្គការ UNDP Cambodia និងសហគ្រិនខែ្មរ ដែលបានសហការរៀបចំកម្មវិធីសិក្ខាសាលាបណ្តុះបណ្តាលនេះឡើងសម្រាប់សហគ្រាសធុនតូចនិងមធ្យម ក្នុងការលើកកម្ពស់ការយល់ដឹង ការត្រៀមខ្លួនសម្រាប់ការនាំចេញ និងការទាញយកអត្ថប្រយោជន៍ ពីវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងសេដ្ឋកិច្ចឌីជីថល៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣