ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ម៉ោង ០៨:៤៧ នាទី យប់
👁 1
ឯកឧត្តម សុខ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានគណៈកម្មាធិការជាតិកិច្ចសម្រួលពាណិជ្ជកម្ម (គ.ជ.ស.ព) តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូកម្ពុជាដែលមានសមាសភាពមកពីក្រសួងពាណិជ្ជកម្ម និងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ចូលរួមវេទិកាលើកទី១០ ស្តីពីកិច្ចសម្រួលពាណិជ្ជកម្មអាស៊ី-ប៉ាស៊ីហ្វិក (the 10th Asia-Pacific Trade Facilitation Forum 2022 - APTFF2022) ដែលប្រព្រឹត្តទៅពីថ្ងៃទី២៩ ខែសីហា ដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ នៅប្រទេសសឹង្ហបុរី។ វេទិកានេះ សហការរៀបចំដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB), ស្ថាប័ន UN-ESCAP និងក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មសិង្ហបុរី ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំតំណាងក្រសួងស្ថាប័នពាក់ព័ន្ធនៃបណ្ដាប្រទេសអាស៊ី-ប៉ាស៊ីហ្វិក តំណាងវិស័យឯកជន និងតំណាងដៃគូអភិវឌ្ឍន៍ ក្រោមមូលបទ “Next Generation Trade Facilitation for Sustainable Development”។
វេទិកានេះ ត្រូវបានរៀបចំឡើងផ្ដោតជាសំខាន់លើមធ្យោបាយដែលកិច្ចសម្រួលពាណិជ្ជកម្មអាចរួមចំណែកដើម្បីពង្រឹងភាពធន់នៃខ្សែច្រវ៉ាក់ផ្គត់ផ្គង់សកលនៅក្នុងបរិបទការរីករាលដាលនៃជំងឺកូវីដ-១៩ និងគាំទ្រការស្ដារឡើងវិញនូវសេដ្ឋកិច្ចនិងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ ការពិភាក្សាក៏បានផ្តោតលើវិធីសាស្ដ្រដែលឌីជីថលភាវូបនីយកម្មនិងបច្ចេកវិទ្យាថ្មីៗអាចត្រូវបានប្រើប្រាស់ ដើម្បីធានាថាវិធានការនានានៃកិច្ចសម្រួលពាណិជ្ជកម្មនៅក្នុងយុគសម័យថ្មីត្រូវបានដាក់ចេញប្រកបដោយបរិយាប័ន្ន និងចីរភាព ព្រមទាំងជួយពង្រឹងលទ្ធភាពរបស់ SMEs និងធុរកិច្ចនៅក្នុងប្រទេសអភិវឌ្ឍន៍តិចតួចអាចចូលរួមក្នុងពាណិជ្ជកម្មអន្ដរជាតិប្រកបដោយប្រសិទ្ធភាព និងស័ក្ដសិទ្ធភាព។
នៅក្នុងវេទិកានេះ មានកិច្ចពិភាក្សាតុមូល ការធ្វើបទបង្ហាញ ការថ្លែងសន្ទរកថាគន្លឹះ ករណីសិក្សា សិក្ខាសាលាកសាងសមត្ថភាព ព្រមទាំងការចែករំលែកបទពិសោធន៍និងទស្សនាទាន ទៅលើទិដ្ឋភាពផ្សេងៗនៃកិច្ចសម្រួលពាណិជ្ជកម្ម ការធ្វើពាណិជ្ជកម្មមិនប្រើក្រដាសស្នាម ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកឆ្លងកាត់ព្រំដែន ការដឹកជញ្ជូននិងផ្ទេរទំនិញឆ្លងកាត់ព្រំដែន ការទទួលបានហិរញ្ញប្បទានសម្រាប់ពាណិជ្ជកម្ម គំនិតផ្ដួចផ្ដើមកម្រិតតំបន់និងសកលក្នុងការអនុវត្តវិធានការកិច្ចសម្រួលពាណិជ្ជកម្ម និងការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗក្នុងកិច្ចសម្រួលពាណិជ្ជកម្ម។
ក្នុងឋានៈជាវាគ្មិនកិត្តិយសនៅក្នុងកិច្ចពិភាក្សាទី៥ (Session 5: Aid for sustainable trade facilitation: evolving needs and available support) ឯកឧត្តម សុខ សុភ័ក្រ្ត បានថ្លែងសន្ទរកថាគន្លឹះស្ដីអំពីការកត់សម្គាល់សំខាន់ៗពាក់ព័ន្ធនឹងស្ថានភាពនៃការអនុវត្តកិច្ចសម្រួលរបស់កម្ពុជា និងបញ្ហាប្រឈមមួយចំនួនដែលជាលទ្ធផលនៃការវាយតម្លៃភាពត្រៀមរួចរាល់សម្រាប់ពាណិជ្ជកម្មឆ្លងកាត់ព្រំដែនដោយមិនប្រើក្រដាសស្នាម (Readiness Assessment for Cross-border Paperless Trade for Cambodia)។ នៅក្នុងសន្ទរកថាគន្លឹះ ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ថាក្នុងរយៈពេល ៦ ឆ្នាំចុងក្រោមនេះ កម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងកិច្ចសម្រួលពាណិជ្ជកម្ម ទាំងការរៀបចំក្របខណ្ឌគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានពាក់ព័ន្ធ ការរៀបចំហេដ្ឋារចនាសម័្ពន្ធចាំបាច់ និងការរៀបចំស្ថាប័នតម្រូវ។ ទោះបីជាមានកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ក្នុងការធ្វើឱ្យប្រសើរឡើងនូវកិច្ចសម្រួលពាណិជ្ជកម្មនៅកម្ពុជា និងកិច្ចសម្រួលពាណិជ្ជកម្មឆ្លងកាត់ព្រំដែន ក៏ដោយ ក៏កម្ពុជានៅតែជួបប្រទះបញ្ហាប្រឈមជាច្រើនដែលទាមទារការយកចិត្តទុកដាក់បន្ថែម និងដោះស្រាយទៅតាមដំណាក់កាល។ ឯកឧត្តមក៏បានធ្វើការជូនពរដល់វេទិកានេះឱ្យប្រព្រឹត្តទៅដោយជោគជ័យ និងប្រកបដោយផ្លែផ្កា និងស្នើបានឱ្យ ADB និង ESCAP បន្តនូវការសហការគ្នាក្នុងការរៀបចំវេទិកានេះបន្តទៀត ហើយកម្ពុជានឹងអាចក្លាយជាម្ចាស់ផ្ទះក្នុងការរៀបចំវេទិកានេះនៅក្នុងឆ្នាំ២០២៤ ផងដែរ។
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣