កិច្ចប្រជុំ រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ

ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ ម៉ោង ០៩:០៩ នាទី យប់

👁 6

Thumbnail (ក្រសួងពាណិជ្ជកម្ម)

ក្នុងឆ្នាំ២០២២ កម្ពុជាមានកិត្តិយសក្នុងការទទួលធ្វើជាប្រធានអាស៊ានលើកទី៣ ក្រោម មូលបទ “អាស៊ានរួមគ្នាធ្វើ – ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា” (ASEAN A.C.T.: Addressing Challenges Together)។

ក្រសួងពាណិជ្ជកម្មកម្ពុជា ដែលជាតំណាងជាតិសម្រាប់ក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ាន នឹងទទួលធ្វើជាម្ចាស់ផ្ទះ​រៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធដែលនឹង ប្រារព្វទ្បើងចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ នៅសណ្ឋាគារ រីសត និងមជ្ឈមណ្ឌល សន្និបាតសុខាសៀមរាបខេត្តសៀមរាប ប្រទេសកម្ពុជា។

កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ និង​ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ ដែលក្នុងអំឡុងពេលនោះ សម្តេច​​​​​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន    នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ​កម្ពុជា នឹងផ្តល់​កិត្តិយសដ៏ខ្ពង់ខ្ពស់​ធ្វើជាអធិបតី ក្នុងពិធីបើកនៃកិច្ចប្រជុំនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២។

កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម និង​កិច្ចប្រជុំពិគ្រោះយោបល់ដទៃ ទៀត រវាងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាននិង​ដៃគូសន្ទនាអាស៊ាន នឹងប្រព្រឹត្តទៅ​ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២។ កិច្ចប្រជុំពិគ្រោះយោបល់ រវាងរដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាននិង​ដៃគូសន្ទនាអាស៊ាន រួមមាន៖ កិច្ចប្រជុំ​ពិគ្រោះ​យោបល់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន​និង​ប្រទេស​​​ឥណ្ឌា, រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និង​សហព័ន្ធរុស្ស៊ី,រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាននិង​ប្រទេស​កាណាដា, រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន​និងប្រទេស​អូស្ត្រាលីនិង​ណូវែល​សេឡង់, រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាននិងសាធារណៈរដ្ឋកូរ៉េ, រដ្ឋមន្ត្រី សេដ្ឋកិច្ចអាស៊ាន​និងប្រទេសចិន, រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ីបូព៌ា (រដ្ឋមន្ត្រីសេដ្ឋកិច្ច អាស៊ានបូកនឹង ៨ ប្រទេស), រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​បូក​នឹង​៣ប្រទេស, រដ្ឋមន្ត្រីសេដ្ឋកិច្ច​អាស៊ាន​និង​ហុងកុង​​​​​នៃប្រទេសចិន, រដ្ឋមន្ត្រីសេដ្ឋកិច្ច អាស៊ាននិងប្រទេសជប៉ុន, រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាននិងចក្រភពអង់គ្លេស, រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាននិងសហរដ្ឋអាមេរិក, រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាននិង​សហភាពអឺរ៉ុប, និងកិច្ចប្រជុំរដ្ឋមន្ត្រី​អាសិប (RCEP)។

កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និង​កិច្ចប្រជុំពាក់ព័ន្ធនឹងពិភាក្សាលើវឌ្ឍនភាពនៃ​សមាហរណកម្ម​សហគមន៍សេដ្ឋកិច្ចអាស៊ានដែលរួមបញ្ចូលទាំង សមិទ្ធផលសេដ្ឋកិច្ចអាទិភាពរបស់ កម្ពុជា, ការងើប​ឡើងវិញ​នៃ​សេដ្ឋកិច្ចក្រោយពីជំងឺកូវីដ១៩, ទំនាក់ទំនងសេដ្ឋកិច្ចក្រៅតំបន់របស់អាស៊ាន, ការស្នើសុំ​​​​​ចូលជា​សមាជិក​អាស៊ានរបស់ប្រទេសទីម៉រខាងកើត, និង​បញ្ហាពហុភាគីនិង​តំបន់ផ្សេងៗទៀត ជាដើម។

ក្រោមមូលបទ “អាស៊ានរួមគ្នាធ្វើ – ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា” (ASEAN A.C.T.: Addressing Challenges Together) កម្ពុជាត្រៀមខ្លួនជាស្រេច ក្នុងការធ្វើការយ៉ាងជិតស្និទ្ធ ជាមួយបណ្តារដ្ឋសមាជិកអាស៊ានទាំងអស់ ដៃគូនានារបស់អាស៊ាន និងលេខាធិការដ្ឋានអាស៊ាន ដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងដំណើរការកសាងសហគមន៍សេដ្ឋកិច្ចអាស៊ាន និងពន្លឿន ការស្តារសេដ្ឋកិច្ចឡើងវិញ ជំនះរាល់បញ្ហាដែលអាស៊ានកំពុងប្រឈម និងឆ្ពោះទៅមុខប្រកបដោយ ភាពរឹងមាំ សាមគ្គីភាព និងមិត្តភាព ស្របតាមស្មារតីស្នូលរបស់អាស៊ានគឺ៖ “ចក្ខុវិស័យតែមួយ អត្តសញ្ញាណតែមួយ សហគមន៍តែមួយ”។

ព័ត៌មានថ្មីៗ