លោកជំទាវ តឹករ៉េត កំរង បានអញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធីប្រគល់-ទទួលសម្ភារៈព័ត៌មានវិទ្យាជូនប្រៃសនីយ៍កម្ពុជា ក្រោមការគាំទ្រហិរញ្ញវត្ថុរបស់គម្រោងអភិវឌ្ឍន៍ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា (Go4eCAM)

ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ ម៉ោង ០៨:២១ នាទី យប់

👁 2

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធីប្រគល់-ទទួលសម្ភារៈព័ត៌មានវិទ្យាជូនប្រៃសនីយ៍កម្ពុជា ក្នុងគោលបំណងជំរុញការត្រៀមខ្លួនរបស់ប្រៃសណីយ៍កម្ពុជាក្នុងការដឹកជញ្ជូនសម្រាប់ការធ្វើប្រតិបត្តិការជាមួយពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា ក្រោមការគាំទ្រហិរញ្ញវត្ថុរបស់គម្រោងអភិវឌ្ឍន៍ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ឬហៅកាត់ថា (Go4eCAM)។

ឆ្លៀតក្នុងឱកាសនេះ លោកជំទាវរដ្ឋលេខាធិការ បានថ្លែងអំណរគុណចំពោះប្រៃសណីយ៍កម្ពុជាសម្រាប់កិច្ចសហការយ៉ាងជិតស្និតកន្លងមកក្នុងការចូលរួមអនុវត្តគម្រោង Go4eCAM។ លោកជំទាវរដ្ឋលេខាធិការ បានបន្តមានប្រសាសន៍ថា “កម្មពិធីប្រគល់-ទទួលសម្ភារៈព័ត៌មានវិទ្យានេះ គឺជាសក្ខីភាពមួយនៃកិច្ចសហប្រតិបត្តិការដ៏ល្អរវាងក្រសួងពាណិជ្ជកម្ម និងប្រៃសណីយ៍កម្ពុជាសម្រាប់ការត្រៀមខ្លួនរបស់ប្រៃសណីយ៍កម្ពុជាក្នុងវិស័យដឹកជញ្ជូនទំនិញ ដែលជាផ្នែកមួយយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា”។ ប្រៃសនីយ៍កម្ពុជា កំពុងដើរតួនាទីយ៉ាងសកម្មក្នុងផ្សារអេឡិចត្រូនិកខេមបូឌាត្រេដក្នុងការដឹកជញ្ជូនទំនិញរបស់សហគ្រាសធុនតូចនិងមធ្យមទាំងក្នុងស្រុក និងទាំងឆ្លងកាត់ព្រំដែន។ បច្ចុប្បន្ននេះ ផ្សារអេឡិចត្រូនិកខេមបូឌាត្រេដ កំពុងចាប់ផ្តើមមានការបញ្ជាទិញទាំងក្នុងស្រុក និងក្រៅស្រុកពីប្រទេសអាម៉េរិក ហូឡង់ អូស្ត្រាលី ជប៉ុន ដែលបង្ហាញពីសារៈសំខាន់នៃការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូន និងទូទាត់ប្រាក់ជាមួយនឹងផ្សារខេមបូឌាត្រេដ រួមមាន ប្រព័ន្ធដឹកជញ្ជូនរបស់ប្រៃសណីយ៍កម្ពុជា។

ជាកិច្ចបញ្ចប់ លោកជំទាវរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់ប្រៃសណីយ៍កម្ពុជា និងសហការី និងសូមលើកទឹកចិត្តបន្តការសហការ ក្នុងការអនុវត្តគម្រោងអភិវឌ្ឍន៍ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (Go4eCAM) ដើម្បីបង្កើនឱកាសសេដ្ឋកិច្ចជូនដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាតាមរយៈការដាក់លក់ផលិតផលខ្មែរសម្រាប់អតិថិជន និងដៃគូអាជីវកម្មជាមួយប្រព័ន្ធដឹកជញ្ជូនដែលមានទំនុកចិត្តខ្ពស់៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ