ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ ម៉ោង ០៤:០០ នាទី រសៀល
👁 5
(ភ្នំពេញ)៖ ឯកឧត្តម ឈួន ដារ៉ា រដ្ឋលេខាធិការ តំណាងរបស់ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាគណៈអធិបតីជាមួយលោក LIU DEPEI ប្រធានមន្ទីរពាណិជ្ជកម្មខេត្តហ្វូជាន ក្នុងពិធីផ្សព្វផ្សាយពីកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា-ខេត្តហ្វូជាន ប្រទេសចិន និងមានការចូលរួមពីសភាពាណិជ្ជកម្មចិនហ្វូនជាននៅកម្ពុជា គណៈប្រតិភូខេត្តហ្វូជាន និងពាណិជ្ជករខ្មែរជាច្រើននាក់។
ស្ថិតនៅការិយាល័យនៃក្រុមហ៊ុន Prince Holding Group នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋលេខាធិការបានជម្រាបជូននូវព័ត៌មានវិនិយោគនៅកម្ពុជាដល់វិនិយោគិន និងធុរជនខេត្តហ្វូជាននៃប្រទេសចិន អំពីសក្តានុពលនៃការអភិវឌ្ឍប្រទេសកម្ពុជា ដោយមានការរីកចម្រើនទាំងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងសេវាកម្ម។ ឯកឧត្តម បានគូសបញ្ជាក់ថា ស្របតាមយុទ្ធសាស្រ្តខ្សែក្រវ៉ាត់ និងផ្លូវមួយ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលជំរុញឱ្យកម្ពុជា-ចិន មានទំនាក់ទំនងគ្រប់ជ្រុងជ្រោយលើគ្រប់វិស័យ ដើម្បីពង្រឹង និងពង្រីកពាណិជ្ជកម្មឱ្យកាន់តែធំធាត់ពីមួយឆ្នាំទៅមួយឆ្នាំ។
ឯកឧត្តមក៏បានបន្ថែមទៀតថា រាជរដ្ឋាភិបាលកម្ពុជា ជំរុញ និងខិតខំប្រឹងប្រែងផ្តល់ជូនពាណិជ្ជករបរទេស ដែលមានបំណងវិនិយោគនៅកម្ពុជា នឹងទទួលកិច្ចសម្រួលបំពេញបែបបទងាយស្រួល ព្រមទាំងផ្តល់ឱកាសវិនិយោគនៅកម្ពុជាលើការលើកលែងពន្ធ និងពន្ធបង់នូវកម្រិតទាបសម្រាប់នាំចេញ-នាំចូលផលិតផលទៅកាន់ប្រទេសមួយចំនួនដូចជា សហភាពអ៊ឺរ៉ុប ជប៉ុន កាណាដា និងអាមេរិកជាដើម។ កម្ពុជាបានសម្រួលជូននូវពាណិជ្ជករបរទេសនូវការវិនិយោគលើការលើកលែងពន្ធចំនួនពី១-៩ឆ្នាំ ការអនុគ្រោះពន្ធលើការបង់ពន្ធអប្បបរិមា ពន្ធលើប្រាក់ចំណេញមិនលើសពី២០% អ្នកវិនិយោគអាចបង្វិលទុនមានភាពងាយស្រួល និងមានដើមទុនរបស់ខ្លួន១០០%។
ជាកិច្ចបន្ទាប់លោក LIU DEPEI បានសម្តែងនូវភាពរីករាយសម្រាប់វត្តមានចូលរួមរបស់ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ចំពោះកិច្ចស្វាគមន៍យ៉ាងកក់ក្តៅដល់គណៈប្រតិភូខេត្តហ្វូនជាន ដែលអញ្ជើញបំពេញទស្សនកិច្ចនៅកម្ពុជា។ លោកបានជម្រាបជូនអំពីសក្តានុពល និងការអភិវឌ្ឍនៃខេត្តហ្វូជាន ដែលស្ថិតតាមបណ្តោយឆ្នេរសមុទ្រចិន ដោយ៤០ឆ្នាំកន្លងមក ខេត្តនេះមានកម្រែទំរង់គ្រប់វិស័យ និងទំនាក់ទំនងល្អក្នុងការនាំចេញ-នាំចូលផលិតផលទៅកាន់ប្រទេសនានា ស្របតាមយុទ្ធសាស្រ្តខ្សែក្រវ៉ាត់ និងផ្លូវមួយ បានជំរុញឱ្យកម្ពុជា-ចិនមានកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅបន្ថែមទៀត។
លោក បានលើកនូវចំណុចសំខាន់៣ នៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ខេត្តហ្វូនជាន រួមមាន៖ ១. ពង្រីកទំហំពាណិជ្ជកម្ម ដោយវិនិយោគនៅកម្ពុជាលើឧស្សាហកម្មធុនស្រាស កសិកម្ម និងធនធានរ៉ែ ២. ពង្រីកកិច្ចសហប្រតិបត្តិការលើការវិនិយោគនៅកម្ពុជា នឹងដឹកនាំសហគ្រាសខេត្តហ្វូជាន ធ្វើពាណិជ្ជកម្មលើវិស័យវាយភណ្ឌ ស្បែកជើង សម្លៀកបំពាក់ និងអាហារ ព្រមទាំងស្វាគមន៍ចំពោះពាណិជ្ជករកម្ពុជាវិនិយោគនៅខេត្តហ្វូជាន ៣. ពង្រីក និងពង្រឹងការផ្លាស់ប្តូរ ការទំនាក់ទំនង និងទស្សនកិច្ចរវាងកម្ពុជា-ខេត្តហ្វូជាន ប្រទេសចិន។
អត្ថបទ និងរូបភាព៖ នាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារ
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣