ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ ម៉ោង ១០:៤៥ នាទី យប់
👁 2
(សៀមរាប)៖ នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម តំណាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Daren Tang អគ្គនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក និងសហការី ដើម្បីពិភាក្សាលើការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសហគ្រាសធុនតូចនិងមធ្យម និងជំនួយគាំទ្រអភិវឌ្ឍន៍វិស័យកម្មសិទ្ធិបញ្ញានៅកម្ពុជា។
កិច្ចប្រជុំនេះ បានធ្វើឡើង ក្នុងឱកាសនៃដំណើរទស្សនកិច្ចនៅកម្ពុជារបស់ ឯកឧត្តម Daren Tang និងគណៈប្រតិភូអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ដើម្បីមកចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលប្រព្រឹត្តិទៅនៅខេត្តសៀមរាប ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២។ កិច្ចប្រជុំរវាងរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងអង្គការកម្មសិទ្ធិបញ្ញាពិភពលោក មានសារៈសំខាន់ណាស់សម្រាប់អនុវត្តផែនការសកម្មភាពកម្មសិទ្ធិបញ្ញាអាស៊ាន ឆ្នាំ២០១៦-២០២៥ និងផែនការយុទ្ធសាស្រ្តរយៈពេលមធ្យម ឆ្នាំ២០២២-២០២៦។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា បានថ្លែងអបអរសារទរ ឯកឧត្តម Daren Tang ជាថ្មីដែលត្រូវបានបោះឆ្នោតជ្រើសរើសអគ្គនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក និងថ្លែងបានកោតសរសើរលើវឌ្ឍនភាពនៃគំនិតផ្តួចផ្តើមនានារបស់អង្គការកម្មសិទ្ធិបញ្ញាពិភពលោកក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតជាសកលកូវីដ-១៩ ជាពិសេសកិច្ចសហប្រតិបត្តិការត្រីភាគីរវាងអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) អង្គការពាណិជ្ជកម្មពិភពលោក (WTO) និងអង្គការសុខភាពពិភពលោក (WHO) ព្រមទាំងការចូលរួមពីភាគីពាក់ព័ន្ធនានាដើម្បីគាំទ្រដល់ការចែករំលែកចំណេះដឹង ក៏ដូចជាការផ្ទេរបច្ចេកវិទ្យាសម្រាប់ផលិតកម្មវ៉ាក់ស៊ាំងជម្ងឺកូវីដ-១៩។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា និងអង្គការកម្មសិទ្ធិបញ្ជាពិភពលោក តាមរយៈការផ្តល់ជំនួយបច្ចេកទេសសម្រាប់ប្រព័ន្ធ IPAS ការរៀបចំច្បាប់ និងបទប្បញ្ញត្តិកម្មសិទ្ធិបញ្ញា ការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ម៉ាកសមូហភាព ការកសាងកេរ្តិ៍ឈ្មោះម៉ាក ការកសាងសមត្ថភាពការលើកកម្ពស់ចំណេះសាធារណៈ និងការពង្រឹកការអនុវត្តច្បាប់កម្មសិទ្ធិបញ្ញា។
បន្ថែមពីនេះ ឯកឧត្តមរដ្ឋលេខាធិការ បានជម្រាបអគ្គនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពការចុះអនុស្សរណៈនៃការយោគយល់គ្នារវាងគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញានៃព្រះរាជាណាចក្រកម្ពុជា និងអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ស្តីពីការអនុវត្តផែនការរបស់ព្រះរាជាណាចក្រកម្ពុជាសម្រាប់កិច្ចសហប្រតិបត្តិការបច្ចេកទេស នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ ដែលមានរួមបញ្ចូលផែនការសកម្មភាពរបស់គណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញាឆ្នាំ២០២១-២០២៣ និងការអនុវត្តគោលនយោបាយជាតិកម្មសិទ្ធិបញ្ញា ដែលនឹងអនុម័តដោយរាជរដ្ឋាភិបាលក្នុងពេលឆាប់ៗខាងមុខ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការប្រធានគណៈប្រតិភូ បានស្នើសុំ ឯកឧត្តមអគ្គនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក បន្តគាំទ្រ និងផ្តល់ជំនួយបច្ចេកទេសក្នុងការអនុវត្តផែនការសកម្មភាពរបស់គណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញាកម្ពុជា ឆ្នាំ២០២១-២០២៣ ដូចជាការចុះបញ្ជីទំនិញសម្គាល់ភូមិសាស្រ្ត ការធ្វើនិយ័តកម្មលិខិតបទដ្ឋានគតិយុត្តកម្មសិទ្ធិបញ្ញា ការបង្កើតវិទ្យាស្ដានបណ្តុះបណ្តាលកម្មសិទ្ធិបញ្ញាជាតិ និងគម្រោងបង្កើតមជ្ឈបណ្ឌលគាំទ្រព័ត៌មានបច្ចេកវិទ្យា (TISC) និងបន្តគំាទ្រការអនុវត្តគោលនយោបាយជាតិកម្មសិទ្ធិបញ្ញា ដែលនឹងអនុម័តដោយរាជរដ្ឋាភិបាលក្នុងពេលឆាប់ៗខាងមុខ។
ជាការឆ្លើយតប ឯកឧត្តម Daren Tang អគ្គនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពបានសំដែងការកោតសសើរដល់កម្ពជាក្នងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជម្ងឺកូវីដ-19 ដោយទទួលបានជោគជ័យ និងមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ក្នុងនោះក៏មានវិស័យកម្មសិទ្ធិបញ្ញាផងដែរ។
ជាមួយគ្នានេះ ឯកឧត្តមអគ្គនាយក បានលើកទ្បើងពីភាពជោគជ័យរបស់កម្ពុជាក្នងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជម្ងឺកូវីដ-19 ការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា ក្នុងនោះក៏មានវិស័យកម្មសិទ្ធិបញ្ញាផងដែរ។
លើសពីនេះ ឯកឧត្តមអគ្គនាយក បានលើកទ្បើងភាពជោគជ័យនៃការអភិវឌ្ឍន៍របស់ព្រះរាជាណាចក្រកម្ពុជា និងតួនាទីសំខាន់របស់កម្មសិទ្ធិបញ្ញា រួមមាន៖ កំណើនសេដ្ឋកិច្ចដែលជំរុញដោយការនាំចេញសម្លៀកបំពាក់ និងទេសចរណ៍ ទទួលស្គាល់ថាការបង្កើនកម្រិតឌីជីថលភាវូបនីយកម្មមានសារៈសំខាន់ខ្លាំងណាស់សម្រាប់កិច្ចខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍប្រទេស។ ដោយទ្បែក សេចក្តីព្រាងគោលនយោបាយជាតិកម្មសិទ្ធិបញ្ញារបស់ព្រះរាជាណាចក្រកម្ពុជា និងការចូលរួមរបស់អង្គការកម្មសិទ្ធិបញ្ញាពិភពលោក ក្នុងការអភិវឌ្ឍ និងការអនុវត្តគោលនយោបាយជាតិកម្មសិទ្ធិបញ្ញា ដោយមានសារៈសំខាន់នៃការអនុវត្តប្រកបដោយប្រសិទ្ធភាព ដើម្បីលើកកម្ពស់ការរួមចំណែកជាវិជ្ជមានពីប្រព័ន្ធកម្មសិទ្ធិបញ្ញាដល់វិស័យសេដ្ឋកិច្ចសំខាន់ៗ រួមទាំងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ជាតិ តួនាទីដ៏មានសារៈសំខាន់របស់គណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញាដែលដឹកនាំដោយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងក្រសួងដទៃទៀតជាសមាជិក ព្រមទាំងសារៈសំខាន់នៃសហគ្រាសធុនតូច និងមធ្យមនៅព្រះរាជាណាចក្រកម្ពុជា និងចំណុចសំខាន់ៗនៃការចុះបញ្ជីម៉ាកអន្តរជាតិ តាមប្រព័ន្ធម៉ាឌ្រីដ ។ល។
នៅកិច្ចបញ្ចប់ ឯកឧត្តមអគ្គនាយក បានសម្ដែងនូវការប្ដេជ្ញាចិត្តក្នុងការបន្តជួយគាំទ្រគម្រោងនានារបស់កម្ពុជាបន្ថែមទៀត ដើម្បីជួយលើកកម្ពស់វិស័យកម្មសិទ្ធិបញ្ញានៅកម្ពុជា ឱ្យកាន់តែមានភាពល្អប្រសើបន្ថែមទៀត៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣