ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ទទួលជួបពិភាក្សាការងារទ្វេភាគីជាមួយ លោកជំទាវ Ambassador Katherine Tai តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR)

ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ ម៉ោង ០៤:១៨ នាទី រសៀល

👁 2

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(សៀមរាប)៖ កាលពីព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ទទួលជួបពិភាក្សាការងារទ្វេភាគីជាមួយលោកជំទាវ Ambassador Katherine Tai តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) ក្នុងអំឡុងពេលដែល       លោកជំទាវ Ambassador មកចូលរួមកិច្ចប្រជុំរដ្ឋមន្ដ្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១-១៨ ខែកញ្ញា ឆ្នាំ២០២២ កន្លងមកនេះ។  

ជាកិច្ចចាប់ផ្ដើម ឯកឧត្តមរដ្ឋមន្រ្តីបានសំដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅជូនចំពោះលោកជំទាវ Ambassador Katherine Tai  និងគណៈប្រតិភូអាមេរិក ដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមកិច្ចប្រជុំរវាងរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR)។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្រ្តីក៏បានថ្លែងអំណរគុណជូនចំពោះប្រជាជន និងរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានបរិចា្ចគវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ប្រមាណជាង៣លានដូស ដែលរួមមានវ៉ាក់សាំង Johnson & Johnson និង Pfizer តាមរយៈយន្ដការកូវ៉ាក់ ដៃគូសហការជាមួយអង្គារ UNICEF និង WHO ដល់ប្រជាជនកម្ពុជា និងរដ្ឋាភិបាលកម្ពុជា នាពេលកន្លងមក។

ជំនួបទ្វេភាគីនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋ  អាមេរិក ព្រមទាំងប្តេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗមួយចំនួន ជាពិសេស វិស័យសេដ្ឋកិច្ចឌីជីថល ដែលភាគីទាំងពីរកំពុងតែអនុវត្តស្ថិតក្រោមកិច្ចព្រមព្រៀងក្របខណ្ឌវិនិយោគ និងពាណិជ្ជកម្ម (TIFA) រវាងរដ្ឋាភិបាលព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាមេរិក។ ភាគីទាំងពីរប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការ និងជំរុញពាណិជ្ជកម្ម រវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។  

ជាការឆ្លើយតប លោកជំទាវ Ambassador Katherine Tai  បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនកម្ពុជា ជាពិសេសជូនចំពោះ ឯកឧត្តមរដ្ឋមន្រ្តី ក្នុងការផ្ដល់នូវគារវកិច្ចយ៉ាងកក់ក្ដៅជូនចំពោះលោកជំទាវ និងគណៈប្រតិភូអាមេរិក ព្រមទាំងបង្ករលក្ខណៈងាយស្រួលក្នុងការរៀបចំកិច្ចប្រជុំពិគ្រោះយោបល់រវាងអាស៊ាន និងអាមេរិក ឱ្យទទួលបាននូវលទ្ធផលយ៉ាងត្រចះត្រចង់៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ