លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋបេឡារុស

ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ម៉ោង ១០:៤៨ នាទី ព្រឹក

👁 1

Thumbnail (ក្រសួងពាណិជ្ជកម្ម)

 

(ភំ្នពេញ)៖ នារសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ នៅទីស្តីការក្រសួងពាណិជ្ជកម្ម តាមប្រព័ន្ធវីដេអូ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Uladzimir Baravikou ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពតែងតាំងថ្មីនៃសាធារណរដ្ឋបេឡារុស ប្រចំាព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាលើការបន្តលើកកម្ពស់ និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ជាពិសេសសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។

ជាកិច្ចស្វាគមន៍ លោកជំទាវរដ្ឋលេខាធិការ បានអបអរសាទរឯកឧត្តមឯកអគ្គរដ្ឋទូតដែលទទួលបានការតែងតាំងថ្មី និងបង្ហាញពីសុទិដ្ឋិនិយមចំពោះបេសកកម្មការទូតដ៏មានអត្ថន័យនេះ ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមោះមុត ក្នុងការបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធដែលប្រកបដោយផ្លែផ្កាលើគ្រប់វិស័យ ជាពិសេសក្រោមក្របខណ្ឌគណៈកម្មាធិការចម្រុះសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងកម្ពុជា-បេឡារុស ដែលគ្រោងនឹងរៀបចំនាពេលឆាប់ៗ បន្ទាប់ពីអាក់ខានក្នុងបរិការណ៍កូវីដ-១៩។

ភាគីកម្ពុជា ត្រៀមខ្លួនរួចជាស្រេចក្នុងការជួយសម្របសម្រួលដល់ប្រតិបត្តិការសេដ្ឋកិច្ច ធុរកិច្ច និងវិនិយោគរបស់ធុរជន និងវិយោគិនបេឡារុស តាមរយៈកិច្ចខិតខំប្រឹងប្រែងក្នុងការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ប្រកបដោយជោគជ័យ និងសមិទ្ធផលសំខាន់ៗដែលសម្រេចបានក្រោមក្របខណ្ឌពាណិជ្ជកម្មសេរីពហុភាគី កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(អាសិប) អាស៊ាន និងទ្វេភាគីកម្ពុជា-ចិន កម្ពុជា-កូរ៉េ។

ជាកិច្ចឆ្លើយតប ឯកឧត្តមឯកអគ្គរដ្ឋទូត បានកោតសរសើរនិងថ្លែងអំណរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្តៅដោយលោកជំទាវរដ្ឋលេខាធិការ និងបង្ហាញពីឆន្ទៈក្នុងការបង្កើនកម្រិតនៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។  

សូមបញ្ជាក់ថា៖ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងបេឡារុស សម្រេចបានប្រមាណ ៤ លានដុល្លារអាមេរិក នៅឆ្នាំ២០២១ ជាមួយនឹងកំណើនប្រមាណ ១៥៨% បើធៀបនឹងឆ្នាំ២០២០។ ក្នុងនោះ កម្ពុជា បាននាំចេញទៅបេឡារុសនូវផលិតផលវាយនភណ្ឌ កៅស៊ូ អង្ករ និងសម្ភារៈធ្វើដំណើរ និងនាំចូលនូវជីកសិកម្ម ឧបករណ៍តន្រ្តី គ្រឿងសង្ហារឹម។ល។ បើទោះបីជាទំហំពាណិជ្ជកម្មទ្វេភាគីនៅមានកម្រិត ប្រទេសទាំងពីរមានសក្តានុពលផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មគួរឱ្យកត់សម្គាល់ ដែលអាចបំពេញឱ្យគ្នាទៅវិញទៅមក និងផ្តល់នូវកាលានុវត្តភាពក្នុងការជំរុញទំហំពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីឱ្យកាន់តែប្រសើរឡើង នាពេលអនាគត៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ