ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសមាគមន៍អ្នកនាំចូលកូរ៉េ

ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ម៉ោង ១០:៥៩ នាទី ព្រឹក

👁 2

Thumbnail (ក្រសួងពាណិជ្ជកម្ម)

 

(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២, ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការ ក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញទទួលជួបគណៈប្រតិភូសមាគមន៍អ្នកនាំចូលកូរ៉េ (Korea Importers Association - KOIMA) ដឹកនាំដោយ លោក KIM Byung Kwan, ប្រធានសមាគមន៍អ្នកនាំចូលកូរ៉េ និងជាប្រធានអគ្គនាយកក្រុមហ៊ុន Bronte Family Ltd.  នៅទីស្តីការក្រសួងពាណិជ្ជកម្ម ដើម្បីពិភាក្សាស្វែងយល់ពីឱកាសពាណិជ្ជកម្ម និងធុរកិច្ចនៅកម្ពុជា។

ថ្លែងក្នុងមតិស្វាមគមន៍ ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការ បានគូសបញ្ជាក់ថា ទស្សនកិច្ចរបស់គណៈប្រតិភូសមាគមន៍អ្នកនាំចូលកូរ៉េនាពេលនេះគឺមានសារសំខាន់ណាស់ និងចំពេលដែលក្រសួងពាណិជ្ជកម្មត្រូវបានទទួលភារកិច្ចជាប្រវត្តិសាស្រ្តទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ នៅខេត្តសៀមរាប ដែលទើបបានបញ្ជប់ទៅដោយជោគជ័យកាលពីម្សិលមិញ។ ឯកឧត្តមបន្តថា ក្នុងនាម ឯកឧត្តមរដ្ឋមន្ត្រី  និងក្នុងនាមឯកឧត្តមផ្ទាល់ ឯកឧត្តមសូមស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះការអញ្ជើញមកទស្សនកិច្ចស្វែងយល់ និងចាប់យកនូវកាលានុវត្តភាពសេដ្ឋកិច្ច និងពាណិជ្ជកម្ម របស់ លោក Kim Byung Kwan ប្រធានសមាគមអ្នកនាំចូលកូរ៉េ និងគណៈប្រតិភូ នៅព្រះរាជាណាចក្រកម្ពុជា និយាយជារួម និងនិយាយដោយឡែក នៅទីស្តីការក្រសួងពាណិជ្ជកម្ម។ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ សង្ឃឹមថាតាមរយៈដំណើរទស្សនកិច្ចនេះ នឹងជួយឱ្យ លោកប្រធាន និងគណៈប្រតិភូ ជ្រាបច្បាស់ថែមទៀតពីសក្តានុពលរបស់កម្ពុជា នាពេលបច្ចុប្បន្ន។

បន្ថែមលើនេះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានជម្រាបគណៈប្រតិភូថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កម្ពុជាបានដាក់ចេញនូវវិធានការមុតស្រួចដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជម្ងឺកូវីដ១៩ បានដោយជោគជ័យ ដោយបច្ចុប្បន្នអត្រាអ្នកឆ្លងកាន់តែថយចុះគួឱ្យកត់សម្គាល់ខណៈដែលអត្រាអ្នកបានចាក់វាំងសាំងកូវីដ១៩កើនដល់ជិត ៩៥% ធៀបនឹងប្រជាជនសរុប១៦ លាននាក់  និងបានប្រកាសបើកសេដ្ឋកិច្ចឡើងវិញលើគ្រប់វិស័យផងដែរ។ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ក៏បានជម្រាបអំពីការព្យាករណ៍ពីកំណើនសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជា ដែលសម្រេចបានក្នុងឆមាសទី១នេះផងដែរ។

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បន្តជម្រាបជូនគណៈប្រតិភូថា ក្រសួងពាណិជ្ជកម្មបានធ្វើកំណែទម្រង់ការផ្តល់សេវាសាធារណៈ និងបានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្មក្នុងការផ្តល់វិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ ការចុះបញ្ជីក្រុមហ៊ុន និងការចុះបញ្ជីម៉ាក ឱ្យកាន់តែមានភាពងាយស្រួល មានតម្លាភាព និងប្រសិទ្ធភាព។ ឯកឧត្តមលើកទឹកចិត្តដល់គណៈប្រតិភូសមាគមន៍អ្នកនាំចូលកូរ៉េ ប្រើប្រាស់នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតំបន់ និងដៃគូសេដ្ឋកិច្ច ដែលកម្ពុជាជាសមាជិក ជាពិសេស កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ RCEP, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កូរ៉េ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ (CKFTA) ជាដើម។

លោក KIM Byung Kwan, ប្រធានសមាគមន៍អ្នកនាំចូលកូរ៉េ បានសម្តែងនូវក្តីសោមនស្ប និងសូមអរគុណដល់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចំពោះការស្វាគមន៍យ៉ាងកក់ក្តៅចំពោះរូបលោក និងគណៈប្រតិភូ។ លោកប្រធានសមាគមន៍ បានជម្រាបជូនថា សមាគមន៍អ្នកនាំចូលកូរ៉េ បង្កើតឡើងនៅឆ្នាំ១៩៧២ គិតមកទល់ពេលនេះមានអាយុកាល៥២ ឆ្នាំ ហើយមានក្រុមហ៊ុនជាសមាជិកចំនួន ៨៣០០ ក្រុមហ៊ុន ដែលកំពុងធ្វើប្រតិបត្តិការអាជីវកម្មលើវិស័យចំណីអាហារ គ្រឿងបន្លាស់ Software គ្រឿងសម្អាង វត្ថុធាតុដើម វាយភ័ណ្ឌ កសិកម្ម និងសេវាកម្មជាដើម។ សមាគមន៍អ្នកនាំចូលកូរ៉េ ក៏បានប្រទេសជាដៃគូចំនួន ៦៩ និងមានទំនាក់ទំនងជិតស្និទជាមួយស្ថាទូតនៃប្រទេសនានាប្រចាំសាធារណរដ្ឋកូរ៉េ ចំនួន១០៤ ផងដែរ៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ