ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ ម៉ោង ១១:១៩ នាទី ថ្ងៃត្រង់
👁 2
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម មាស សេង ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាតំណាង ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូ ក្រុមហ៊ុន Double Door ដែលមានមូលដ្ឋាននៅសហរដ្ឋអាម៉េរិក ដឹកនាំដោយលោកស្រី Amy Kwan ស្ថាបនិករបស់ក្រុមហ៊ុន ក្រោមកិច្ចសម្របសម្រួលរបស់ឯកឧត្តម ហួត គីមឆា អគ្គកុងស៊ុលកិត្តិយសនៃស្ថានទូតកម្ពុជា ប្រចាំទីក្រុង Long Beach សហរដ្ឋអាម៉េរិក ដើម្បីទទួលបាននូវបច្ចុប្បន្នភាពព័ត៌មានទាក់ទងនឹងវិស័យពាណិជ្ជកម្ម និងការវិនិយោគក្នុងវិស័យអចលនទ្រព្យ នៅកម្ពុជា។
លោកស្រី Amy Kwan បានសំដែងការចាប់អាម្មណ៍យ៉ាងខ្លាំងចំពោះវិស័យអចលនទ្រព្យនៅកម្ពុជា ដោយសារសម្លឹងឃើញសក្តានុពល និងកាលានុវត្តភាពខ្ពស់ ពិសេសគឺការប្រើប្រាស់វិស័យបច្ចេកវិទ្យាសម្រាប់ដោះស្រាយបញ្ហានានាក្នុងវិស័យអចលនទ្រព្យ។ លោកស្រីបានលើកឡើងថា កម្ពុជាគឺជាប្រទេសទី១ ដែលលោកស្រីបានជ្រើសរើសធ្វើដំណើរទស្សនកិច្ច ក្នុងចំណោមប្រទេសនានានៅទ្វីបអាស៊ី ដោយសារកម្ពុជាជាប្រទេសដែលមានភាពទាក់ទាញខ្លាំង ហើយប្រទេសពីរទៀតគឺ វៀតណាម និងឥណ្ឌា។ លោកស្រីបានមានប្រសាសន៍ថា ខេត្តនៅកម្ពុជាដែលគួរឲ្យចាប់អារម្មណ៍ជាងគេ ហើយដែលលោកស្រីបានធ្វើទស្សនៈកិច្ចរួចរាល់ហើយនោះ គឺរាជធានីភ្នំពេញ ខេត្តកំពត ខេត្តព្រះសីហនុ ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប។ លោកស្រីបានសម្លឹងឃើញថា ទីផ្សារអចលនទ្រព្យនៅសហរដ្ឋអាម៉េរិក ហាក់មានសភាពជាប់គាំង ជាហេតុធ្វើឲ្យពលរដ្ឋអាម៉េរិកជាច្រើន កំពុងសម្លឹងរកកាលានុវត្តភាពវិនិយោគក្នុងវិស័យអចលនទ្រព្យនៅក្រៅប្រទេស។ លោកស្រីមានឆន្ទៈរួមចំណែកក្នុងការកៀងគរអ្នកដែលមានលទ្ធភាពទិញអចលទ្រព្យ ពីសហរដ្ឋអាម៉េរិកមកកម្ពុជា ព្រមទាំងធ្វើឲ្យកម្ពុជាក្លាយជាទីផ្សារអចលនទ្រព្យដែលកាន់តែមានភាពទាក់ទាញសម្រាប់ពលរដ្ឋអាម៉េរិក។
ជាការឆ្លើយតប ឯកឧត្តម មាស សេង បានថ្លែងមតិស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់លោកស្រី Amy Kwan ក៏ដូចជាក្រុមហ៊ុន Double Door នៅកម្ពុជា។ ឯកឧត្តម ក៏បានពន្យល់ និងផ្តល់ជាអនុសាសន៍ដល់លោកស្រី ពាក់ព័ន្ធនឹងការចាប់ផ្តើមអាជីវកម្មនៅកម្ពុជា ដោយបានចង្អុលបង្ហាញឲ្យលោកស្រីបានស្គាល់អំពីជនបង្គោល តួរអង្គសំខាន់ៗ និងស្ថាប័នពាក់ព័ន្ធនានា ដើម្បីស្នើសុំចុះបញ្ជីពាណិជ្ជកម្ម ចុះបញ្ជីពន្ធដារ ស្នើសុំអាជ្ញាប័ណ្ណអចលនវត្ថុ ព្រមទាំងស្វែងយល់ឲ្យកាន់តែលម្អិតបន្ថែមទៀត អំពីវិស័យអចលនទ្រព្យនៅកម្ពុជា។ ឯកឧត្តម ក៏បានបញ្ជាក់ជូនលោកស្រី ផងដែរថា ក្រសួងពាណិជ្ជកម្មកម្ពុជា តែងតែរៀបចំពិព័រណ៍ពាណិជ្ជកម្មនានាជាប្រចាំ ទាំងក្នុងនិងក្រៅប្រទេស ដើម្បីបង្ករលក្ខណៈងាយស្រួលដល់វិនិយោគិនជាតិ និងអន្តរជាតិ ក្នុងការចាប់ដៃគូរអាជីវកម្ម និងបង្កើតឲ្យមានកាលានុវត្តភាពក្នុងការវិនិយោគរួមគ្នា។
គួររលឹកផងដែរថា ក្រុមហ៊ុន Double Door ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៧ នៅសហរដ្ឋអាម៉េរិក ដែលជាក្រុមហ៊ុនឈានមុខគេក្នុងការប្រើប្រាស់បច្ចេកវិទ្យាក្នុងការដោះស្រាយបញ្ហានានាក្នុងវិស័យអចលនទ្រព្យ។ Double Door គឺជាក្រុមហ៊ុនដែលផ្តោតតែលើទីផ្សារអចលនទ្រព្យនៅក្រៅសហរដ្ឋអាម៉េរិក ដោយមិនផ្តោតលើអចលនទ្រព្យក្នុងទីផ្សារសហរដ្ឋអាម៉េរិកឡើយ៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣