ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ម៉ោង ០៥:២៥ នាទី ល្ងាច
👁 1
ទីស្តីការក្រសួងពាណិជ្ជកម្ម៖ នៅព្រឹក ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ក្រុមការងារចម្រុះរៀបចំគោលនយោបាយស្វាយចន្ទីកម្ពុជា បានរៀបចំកិច្ចប្រជុំត្រៀមរៀបចំសន្និបាតកំណើតដំបូង “សហព័ន្ធស្វាយចន្ទីកម្ពុជា” ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានក្រុមការងារចម្រុះ និងមានការចូលរួមពីថ្នាក់ដឹកនាំជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា ក្រសួង លោកអគ្គនាយករងជំរុញពាណិជ្ជកម្ម លោក-លោកស្រីតំណាងនាយកដ្ឋានគោលនយោបាយពាណិជ្ជកម្ម នាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងតំណាងវិស័យឯកជនពាក់ព័ន្ធ។
ក្នុងកិច្ចប្រជុំ ឯកឧត្តមប្រធានអង្គប្រជុំ បានថ្លែងចំណាប់អារម្មណ៍ថា សមាគមសហព័ន្ធស្វាយចន្ទី គឺជាផ្នែកមួយតំណាងសំឡេងវិស័យឯកជនដ៏សំខាន់ក្នុងវិស័យស្វាយចន្ទី ដូចមានចែងក្នុងសេចក្តីព្រាងគោលនយោបាយជាតិស្តីពីស្វាយចន្ទី និងជាកម្លាំងចលករសំខាន់ក្នុងការអនុវត្តគោលនយោបាយឱ្យកាន់តែមានប្រសិទ្ធភាពឆ្លើយតបនឹងតម្រូវការទីផ្សារក្នុងស្រុកនិងពិភពលោក។ ដូចនេះ ទើបក្រសួងត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការដឹកនាំកិច្ចប្រជុំ ដើមី្បពិនិត្យសេចក្ដីព្រាងលក្ខន្តិកៈសហព័ន្ធ នីតិវិធីបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាលនិងដំណើរការត្រៀមរៀបចំសន្និបាតដែលគ្រោងធ្វើឡើងនៅខែតុលាខាងមុខ និង ប្រឹក្សាសម្របសម្រួលអំពីនីតិវិធីចុះបញ្ជីសហព័ន្ធនៅក្រសួងមហាផ្ទៃ។
បន្ទាប់មកកិច្ចប្រជុំបានទទួលស្តាប់នូវបទបង្ហាញដែលធ្វើឡើងដោយតំណាងវិទ្យាស្ថានCIRD និងនាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន អំពីសារបាន ការរៀបចំសេចក្តីព្រាងលក្ខន្តិកៈសហព័ន្ធ នីតិវិធីនៃការរៀបចំបោះឆ្នោតជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំសហព័ន្ធ និងដំណើរការចុះបញ្ជីនៅក្រសួងមហាផ្ទៃ។ល។ បន្ទាប់មកកិច្ចប្រជុំ បានបើកកិច្ចពិភាក្សាយ៉ាងផុលផុស លើចំណុចសំខាន់ៗតាមរបៀបវារៈ និងបានពិនិត្យលម្អិតលើសេចក្តីព្រាងលក្ខន្តិកៈដែលបានរៀបចំដោយតំណាងដៃគូអភិវឌ្ឍន៍។
មុននឹងបញ្ចប់ កិច្ចប្រជុំបានស្នើឱ្យដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធបន្តសហការជាមួយនឹងក្រសួងពាណិជ្ជកម្ម និងសង្ឃឹមយ៉ាងមុតមាំថាក្រោយបង្កើតសហព័ន្ធស្វាយចន្ទីកម្ពុជានឹងដើរតួនាទីប្រកបដោយបុរេសកម្ម និងច្នៃប្រឌិត រួមចំណែកលើកកម្ពស់ធនធានមនុស្សនិងបច្ចេកទេស និងបន្តទាក់ទាញដៃគូជាតិនិងអន្តរជាតិ ដើមី្បអភិវឌ្ឍន៍វិស័យស្វាយចន្ទីកម្ពុជា បំពេញតម្រូវការទីផ្សារបញ្ជាទិញក្រៅប្រទេសបន្ថែមទៀត៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣