ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ ម៉ោង ០៨:៤៨ នាទី ព្រឹក
👁 3
(ទីក្រុងបាលី, ឥណ្ឌូនេស៊ី)៖ នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមកិច្ចពិគ្រោះយោបល់ក្រៅផ្លូវការថ្នាក់រដ្ឋមន្រ្តី ស្ដីពីកំណែទម្រង់ប្រព័ន្ធដោះស្រាយវិវាទ របស់អង្គការពាណិជ្ជកម្មពិភពលោក ដែលត្រូវបានរៀបចំឡើងដោយ លោកជំទាវអគ្គរដ្ឋទូត Katherine Tai តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR)។
ជាកិច្ចចាប់ផ្ដើម អង្គវេទិកាបានជម្រាបថា កិច្ចពិគ្រោះយោបល់ក្រៅផ្លូវការនេះ គឺជាព្រឹត្តិការណ៍អមមួយរបស់កិច្ចប្រជុំរដ្ឋមន្រ្តីពាណិជ្ជកម្ម វិនិយោគ និងឧស្សាហកម្មរបស់ក្រុមទេស G20 នៅទីក្រុងបាលី ប្រទេសឥណ្ឌូនេស៊ី ហើយត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីចែករំលែកទស្សនាទានល្អៗរបស់បណ្ដារដ្ឋមន្រ្តីពាណិជ្ជកម្ម ទៅលើការកែទម្រង់ប្រព័ន្ធដោះស្រាយវិវាទរបស់អង្គការពាណិជ្ជកម្មពិភពលោក សំដៅធ្វើយ៉ាងណាឱ្យប្រព័ន្ធដោះស្រាយវិវាទនេះ មានលក្ខណៈកាន់តែមានប្រសិទ្ធភាព និងប្រកបដោយបរិយាប័ន្ន។
នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ទោះបីជាប្រទេសកម្ពុជា ជាប្រទេសអភិវឌ្ឍតិចតួចដែលមិនធ្លាប់មានវិវាទ ក៏ដោយ ក៏កម្ពុជាមានគោលបំណងឱ្យសមាជិកអង្គការពាណិជ្ជកម្មពិភពលោក ផ្តល់សំទ្បេងឱ្យក្រុមប្រទេសអភិវឌ្ឍតិចតួច (LDCs) នៅក្នុងដំណើរការក្ដីផ្សេងៗនៅក្នុងប្រព័ន្ធនេះ។ លើសនេះពីនេះទៀត ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ផងដែរថា ដើម្បីឱ្យប្រព័ន្ធនេះដំណើរការប្រកបដោយប្រសិទ្ធភាព គឺចាំបាច់ត្រូវជៀសវាងការបង្កើតនូវរាល់នីតិវិធី និងវិធានដែលមានលក្ខណៈស្មុគ្រស្មាញ និងថ្លៃចំណាយខ្ពស់ ដែលអាចបង្ករជារបាំងផ្នែករដ្ឋបាល ហើយប៉ះពាល់ដល់ការចូលរួមដំណើរការក្ដីរបស់ក្រុមប្រទេសអភិវឌ្ឍតិចតួច ឬប្រទេសផ្សេងទៀត។
ឯកឧត្តមរដ្ឋមន្រ្តី បានបន្តថា ជំនួយបច្ចេកទេស និងដំបូន្មានផ្នែកច្បាប់ត្រូវតែផ្ដល់ជូនដល់ក្រុមប្រទេសអភិវឌ្ឍតិចតួច ដើម្បីជាជំនួយដល់ដំណើរការក្ដីផ្សេងៗដែលពាក់ព័ន្ធនឹងក្រុមប្រទេសនេះ។ បន្ថែមពីនេះ ឯកឧត្តមក៏បានលើកឡើងផងដែរថា គួរតែមានអ្នកកាត់ក្ដីដែលមិនលំអៀង និងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដែលមកពីគ្រប់តំបន់ និងយេនឌ័រ ហើយត្រូវជំរុញឱ្យមានចៅក្រមដែលមានសមត្ថភាពមកពីប្រទេសសមាជិកអភិវឌ្ឍតិចតួច ផងដែរ។
នៅកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមយ៉ាងសកម្មជាមួយគ្រប់បណ្ដាភាគីពាក់ព័ន្ធ នៅក្នុងកំណែទម្រង់ប្រព័ន្ធដោះស្រាយវិវាទរបស់អង្គការពាណិជ្ជកម្មពិភពលោក សំដៅធ្វើយ៉ាងណាធ្វើឱ្យប្រព័ន្ធនេះមានដំណើរការកាន់តែល្អប្រសើរបន្ថែមទៀត នាពេលអនាគត៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣