ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ ម៉ោង ០៧:០៧ នាទី យប់
👁 0
(រាជធានីភ្នំពេញ)៖ កាលពីរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ជាតំណាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក Hendry Predy នាយកគម្រោងជំនួយបច្ចេកទេស Canadian Trade and Investments Framework (CTIF) បានប្រជុំទ្វេភាគី និងពិភាក្សាក្នុងការស្វែងរកលទ្ធភាពទាក់ទងនឹងការផ្តល់ជំនួយបច្ចេកទេសមកក្រសួងពាណិជ្ជកម្ម។ ជាកិច្ចឆ្លើយផ្តើម ឯកឧត្តមរដ្ឋលេខាធិការ បានបង្ហាញពីស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា និងទំហំពាណិជ្ជកម្មកើនឡើងរវាងប្រទេសកម្ពុជា និងប្រទេសកាណាដានាពេលបច្ចុប្បន្ន។ ទីផ្សារប្រទេសកាណាដា គឺជាទីផ្សារសក្តានុពលខ្ពស់សម្រាប់ប្រទេសកម្ពុជានាពេលអនាគត។ លោកនាយកគម្រោង CTIF បានថ្លែងអំណរគុណក្រសួងពាណិជ្ជកម្ម ដែលបានទទួលជួបពិភាក្សាការងារ និងបានបង្ហាញពីទិដ្ឋភាពទូទៅពីវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ លោកនាយកគម្រោងបានបញ្ជាក់ថា ប្រទេសកម្ពុជា ជាពិសេស ក្រសួងពាណិជ្ជកម្ម គឺគោលដៅមួយសំខាន់ ដែល CTIF នឹងផ្តោតយកចិត្តទុកដាក់ និងផ្តល់ការគាំទ្រផ្នែកបច្ចេកទេស។
ក្នុងកិច្ចប្រជុំទ្វេភាគីនេះ ឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម សូមអរគុណដល់ក្រុមការងាររបស់ CTIF ដែលបានមកទស្សនៈកិច្ចការងារនៅប្រទេសកម្ពុជា និងបានបង្ហាញពីគម្រោងជំនួយបច្ចេកទេស CTIF បានយ៉ាងល្អ និងគ្រប់ជ្រុងជ្រោយ។ ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ថា ក្រសួងពាណិជ្ជកម្មសូមស្វាគមន៍ចំពោះគម្រោងជំនួយបច្ចេកទេស CTIF និងសូមចាត់តាំងនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិសម្រាប់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយ CTIF។ ជាកិច្ចឆ្លើយតប ក្រសួងពាណិជ្ជកម្មនឹងពិនិត្យនីតិវិធី និងផ្នែកស្នូលមួយចំនួន ដែលនឹងអាចដាក់ពាក្យស្នើទៅកាន់ CTIF ដើម្បីពិនិត្យ និងអនុម័តនាពេលដ៏ខ្លីខាងមុននេះ។ ផ្នែកស្នូលទាំងនោះ គឺរួមមាន ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ការបណ្តុះបណ្តាលលើកកម្ពស់ចំណេះដឹងផ្នែក ១)បច្ចេកវិទ្យាដល់សហគ្រាសធុនតូចនិងមធ្យម ២) កម្មសិទ្ធិបញ្ញានៅប្រទេសកម្ពុជា ៣)ការរៀបចំច្បាប់ និងគោលនយោបាយពាណិជ្ជកម្ម និង៤)ការលើកកម្ពស់ស្ត្រីនៅក្នុងវិស័យពាណិជ្ជកម្ម និងវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣