ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ ម៉ោង ០៥:៥៧ នាទី ល្ងាច
👁 2
(ទីក្រុងបាលី, ឥណ្ឌូនេស៊ី)៖ កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម James Duddridge រដ្ឋមន្រ្តីពាណិជ្ជកម្មអន្តរជាតិរបស់ចក្រភពអង់គ្លេស នៅអំឡុងពេលកិច្ចប្រជុំរដ្ឋមន្រ្តីពាណិជ្ជកម្ម វិនិយោគ និងឧស្សាហកម្មរបស់ក្រុមប្រទេស G20 នៅទីក្រុងបាលី ប្រទេសឥណ្ឌូនេស៊ី។
ជាកិច្ចចាប់ផ្ដើម ឯកឧត្តមរដ្ឋមន្រ្តី បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះឯកឧត្តម James Duddridge ដែលបានស្នើឡើងនូវជំនួបទ្វេភាគីនេះ។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលអង់គ្លេសដែលតែងតែផ្ដល់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរចំពោះកម្ពុជា នាពេលកន្លងមក ដែលក្នុងនោះរួមមានកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួន រួមមាន៖ ការផ្ដល់នូវប្រព័ន្ធអនុគ្រោះពន្ធសម្រាប់ការនាំចេញរបស់កម្ពុជា, ការផ្ដល់អាហាររូបករណ៍ដល់និស្សិតកម្ពុជា ការជួយពង្រឹងការនាំចេញវិស័យយានយន្ដ និងអេឡិចត្រូនិក និងការបរិច្ចាកវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ជាដើម ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានចូលរួមរំលែកមរណៈទុក្ខដ៏ក្រៀមក្រំជាមួយប្រទេសអង់គ្លេស និងប្រជាជនរបស់អង់គ្លេសទាំងអស់ ចំពោះការយាងសោយទីវង្គតរបស់ព្រះមហាក្សត្រីយានី អេលីហ្សាប៊ែតទី២ (Queen Elizabeth II) ផងដែរ។
ជាការឆ្លើយតប ឯកឧត្តម James Duddridge បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមរដ្ឋមន្រ្តីដែលបានឯកភាពឱ្យមាននូវជំនួបទ្វេភាគីនេះឡើង ក្នុងគោលបំណងដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការវិស័យពាណិជ្ជកម្ម ក៏ដូចជាដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងចក្រភពអង់គ្លេស។
ក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាពិនិត្យលទ្ធភាពក្នុងការរៀបចំឡើងវិញនូវកិច្ចប្រជុំពិគ្រោះយោបល់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន-អង់គ្លេស នៅពេលដ៏ខ្លីខាងមុខ បន្ទាប់ពីមានការពន្យាពេលក្នុងការរៀបចំកិច្ចប្រជុំនេះកន្លងមក ដោយសារភាគីអង់គ្លេសរវល់រៀបចំពិធីកាន់ទុក្ខនៃការយាងសោយទីវង្គតរបស់ព្រះមហាក្សត្រីយានី អេលីហ្សាប៊ែតទី២ (Queen Elizabeth II)។
នៅកិច្ចបញ្ចប់ ភាគីទាំងពីរបានប្ញេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការល្អប្រសើរនេះ ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី ជាពិសេសលើវិស័យពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យកាន់តែមានភាពល្អប្រសើរ និងរីកចម្រើនជាងនេះទៀត៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣