ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមជាអធិបតីនៅក្នុងវេទិកាធុរកិច្ចអាស៊ានស្តីពី “ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់” រៀបចំឡើងដោយសហភាពពាណិជ្ជកម្មកម្ពុជា

ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ ម៉ោង ១២:០៤ នាទី ថ្ងៃត្រង់

👁 2

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងការថ្លែងសុន្ទរកថាបើកវេទិកាធុរកិច្ចអាស៊ានស្តីពី “ ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់” តាមប្រព័ន្ធវីដេអូ។

វេទិកានេះ ត្រូវបានសហការរៀបចំឡើងដោយសភាពាណិជ្ជកម្មកម្ពុជា និងក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ក្នុងគោលបំណងដើម្បីផ្តល់ឱកាសជូនទៅដល់ វិស័យឯកជន និងភាគីពាក់ព័ន្ធ ដើម្បីស្វែងយល់ឱ្យកាន់តែស៊ីជម្រៅអំពីសារៈសំខាន់នៃភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុង ជ្រោយ តំបន់ដែលរួមមានធុរកិច្ចផ្សេងៗ និងនិន្នាការគន្លឹះថ្មីៗ ដែលធុរកិច្ចត្រូវយក ចិត្តទុកដាក់ តាមរយៈការទទួលស្តាប់ការបកស្រាយ និងចែករំលែកយ៉ាងក្បោះក្បាយពីវាគ្មិនអន្តរជាតិក្នុងវិស័យ សមាជិកក្រុមប្រឹក្សាពិគ្រោះយោបល់ ធុរកិច្ចអាស៊ាន តំណាងសហគមន៍ធុរកិច្ច ប្រទេសដៃគូអាស៊ាន ដៃគូអភិវឌ្ឍន៍ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ផងដែរ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងអំពីអត្ថប្រយោជន៍ និងសារៈសំខាន់នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ថាជាសញ្ញាណនៃការបង្ហាញការគាំទ្រប្រព័ន្ធពាណិជ្ជកម្មសេរីពហុភាគី ដែលផ្អែកលើគោលការណ៍ច្បាប់ និងប្រឆាំងនឹងការកើនឡើងនៃនិន្នាការគាំពារនិយម របស់ប្រទេសមហាអំណាចមួយចំនួន ដែលបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក។

ឯកឧត្តមរដ្ឋលេខាធិការ បន្តថាកិច្ចព្រមព្រៀង RCEP ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដល់ការជំរុញកំណើនសេដ្ឋកិច្ច និងការផ្លាស់ប្ដូរផ្នែករចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់កម្ពុជា នៅក្នុងការកសាង និងអភិវឌ្ឍសេដ្ឋកិច្ចតំបន់ និងសកល។

នៅកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានបញ្ជាក់ថា តាមរយៈការទាញយកអត្ថប្រយោជន៍ជាអតិបរិមានៃកិច្ចព្រមព្រៀង RCEP យើងនឹងអាចបង្កើតជាក្របខណ្ឌគតិយុត្តទំនើបថ្មី ដែលជំរុញការធ្វើកំណែទម្រង់ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធច្បាប់ គតិយុត្ត និងស្ថាប័ន ដើម្បីធានាស្តង់ដារខ្ពស់របស់ កម្ពុជានាពេលខាងមុខ ស្របពេលដែលកម្ពុជា អាចនឹងចាកចេញពីឋានៈប្រទេសអភិវឌ្ឍតិចតួច (LDC) នៅឆ្នាំ២០២៨ និងគ្រោងប្រែក្លាយជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ ប្រកបដោយ ប្រសិទ្ធភាព ផងដែរ៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ