លោកជំទាវ ចម និម្មល អញ្ជើញចូលរួមជាអធិបតីក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្មនិងស្រាវជ្រាវ និងក្រុមហ៊ុន ធីម ស៊ីនើជី រីសសស៍ ឯ.ក

ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ ម៉ោង ០១:៣៣ នាទី រសៀល

👁 2

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ លោកជំទាវ ចម និម្មល រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធិបតី និងបានថ្លែងសុន្ទរកថាបើក ក្នុងកម្មវិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្មនិងស្រាវជ្រាវ (TTRI) និងក្រុមហ៊ុន ធីម ស៊ីនើជី រីសសស៍ ឯ.ក (Team Synergy Co., Ltd) ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនៃក្រសួងពាណិជ្ជម្ម ថ្នាក់ដឹកនាំនិងមន្ត្រីវិទ្យាស្ថាន TTRI ព្រមទាំងប្រធាន និងសហការី នៃក្រុមហ៊ុន ធីម ស៊ីនើជី រីសសស៍ ឯ.ក ផងដែរ។

ថ្លែងក្នុងសន្ទរកថាបើក លោកជំទាវរដ្ឋលេខាធិការ បានលើកឡើងថា អនុស្សរណៈនៃការយោគយល់គ្នានេះមានសារៈសំខាន់ណាស់សម្រាប់វិទ្យាស្ថាន ដើម្បីពង្រឹងតួនាទីស្នូលឱ្យកាន់តែមានឧត្តមភាពខ្ពស់ សំដៅបន្តលើកកម្ពស់ចំណេះដឹងផ្នែកសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងនីតិវិធីផ្សេងៗទាក់ទងនឹងពាណិជ្ជកម្ម ដែលបម្រើដល់គោលនយោបាយជំរុញពាណិជ្ជកម្ម និងវិនិយោគ ដាក់ដោយរាជរដ្ឋាភិបាលកម្ពុជា។ លោកជំទាវបានសង្កត់ធ្ងន់ថា បន្ទាប់ពីកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន (AEM) និងកិច្ចប្រជុំពាក់ព័ន្ធ កាលពីថ្ងៃទី១១-១៨ ខែកញ្ញាថ្មីៗនេះ វិទ្យាស្ថានបានរៀបចំ និងដាក់ចេញបន្ថែមនូវកម្មវិធីថ្មីៗ ដើម្បីជំរុញការបណ្តុះបណ្តាល និងការផ្សព្វផ្សាយចំណេះដឹង និងវិធានបច្ចេកទេសពាក់ព័ន្ធវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម ជូនដល់សាធារណជន សិស្ស-និស្សិត និងបណ្តាវិស័យឯកជន ដែលជាតួអង្គគោលដៅក្នុងការលើកកម្ពស់កំណើនសេដ្ឋកិច្ច-ពាណិជ្ជកម្មកម្ពុជា និងជំរុញល្បឿននៃសមាហរណកម្មសេដ្ឋកិច្ចកម្ពុជាក្នុងតំបន់អាស៊ាន និងសកល។  

លោកជំទាវរដ្ឋលេខាធិការ បានគូសបញ្ជាក់ផងដែរថា អនុស្សរណៈនៃការយោគយល់គ្នានេះឈរលើគោលការណ៍នៃកិច្ចសហប្រតិបត្តិការស៊ីជម្រៅ ដែលក្នុងនោះ ក្រុមហ៊ុននឹងផ្តល់ការគាំទ្រដល់ការបណ្តុះបណ្តាលទាំងរយៈពេលខ្លី មធ្យម និងវែង និងការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកពាណិជ្ជកម្ម ជូនដល់បុគ្គលិកសហគ្រាសធុនតូចនិងមធ្យមកម្ពុជា និងបុគ្គលសាធារណៈផ្សេងទៀត ដែលមានគុណវុឌ្ឍិគ្រប់គ្រាន់ក្នុងការទទួលបានអាហារូបករណ៍លើការបណ្តុះបណ្តាលទាំងនេះ។ វិទ្យាស្ថាន និងក្រុមហ៊ុន ក៏បានប្តេជ្ញាធ្វើការរួមគ្នាលើកិច្ចការសិក្សាស្រាវជ្រាវ ការរៀបចំសិក្ខាសាលា ការរៀបចំទស្សនៈកិច្ចសិក្សា ការផ្លាស់ប្តូរសំណៅឯកសារមេរៀននិងការបោះពុម្ពផ្សាយនានា និងការផ្តល់ការប្រឹក្សាយោបល់លើបញ្ហាផ្សេងៗ ក្រោមក្របខណ្ឌនៃអនុស្សរណៈនេះ ។ ថ្នាក់ដឹកនាំភាគីក្រុមហ៊ុន បានសម្តែងអំណរគុណដល់ក្រសួងពាណិជ្ជកម្មកម្ពុជា ក្នុងការបង្កើតកិច្ចសហប្រតិបត្តិការនេះ ព្រមទាំងបង្ហាញការប្តេជ្ញាចិត្តខ្ពស់ក្នុងការអនុវត្តសកម្មភាពទាំងអស់ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ក្រោមក្របខណ្ឌដែលបានរៀបចំឡើងយ៉ាងច្បាស់លាស់នេះ។

មុននឹងបញ្ចប់ លោកជំទាវរដ្ឋលេខាធិការ បានថ្លែងអំណរគុណជូនចំពោះថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្មដែលពាក់ព័ន្ធ ក្រុមការងារវិទ្យាស្ថាន TTRI  និងក្រុមការងារក្រុមហ៊ុន ធីម ស៊ីនើជី រីសសស៍ ឯ.ក ដែលបានខិតខំប្រឹងប្រែងរហូតឈានដល់ការចុះអនុស្សរណៈនៃការយោគយល់គ្នានៅថ្ងៃនេះ។  

សូមបញ្ជាក់ថា ក្រុមហ៊ុន ធីម ស៊ីនើជី រីសសស៍ ឯ.ក គឺជាក្រុមហ៊ុនដែលបានទទួលសិទ្ធិក្នុងការបណ្តុះបណ្តាលកម្មវិធីសិក្សាពីសាកលវិទ្យាល័យម៉ាឡេស៊ី សម្រាប់កម្មវិធីរយៈពេលខ្លី មធ្យម និងវែង និងការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកពាណិជ្ជកម្ម៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ