កម្ពុជាចូលកាន់ដំណែងជាប្រធាននៃកិច្ចប្រជុំលើកទី៨៤ នៃក្រុមការងារស្ដីពីផែនការកម្មវិធី និងការត្រួតពិនិត្យកម្មវិធី នៃសន្និសីទសហប្រជាជាតិស្ដីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ (UNCTAD)

ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ ម៉ោង ០៨:៣៤ នាទី ព្រឹក

👁 3

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ហ្សឺណែវ ប្រទេសស្វីស)៖ នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ កម្ពុជាបានចូលទទួលយកដំណែងជាប្រធាននៃកិច្ចប្រជុំលើកទី៨៤ នៃក្រុមការងារស្ដីពីផែនការកម្មវិធី និងការត្រួតពិនិត្យកម្មវិធី (84th Working Party on Programme Plan and Program Performance) នៃសន្និសីទសហប្រជាជាតិស្ដីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ (UNCTAD) ដែលប្រព្រឹត្តទៅពីថ្ងៃទី៣-៧ ខែតុលា ឆ្នាំ២០២២។ កិច្ចប្រជុំនេះ ក៏មានការចូលរួមពីលោកស្រី Rebeca Grynspan អគ្គលេខាធិការនៃអង្គការ UNCTAD ក៏ដូចជាប្រទេសជាសមាជិកអង្គការ UNCTAD ជាច្រើនផងដែរ។  

ក្នុងមតិចាប់ផ្ដើមកិច្ចប្រជុំ អគ្គរាជទូត ឡុង កែមវិចិត្រ តំណាងអចិន្ត្រៃយ៍នៃកម្ពុជា និងជាប្រធានកិច្ចប្រជុំ បានសំដែងថា ការធ្វើជាប្រធានកិច្ចប្រជុំនេះ ជាកិត្តិយសមួយរបស់កម្ពុជា ហើយការងារនេះដែរ ក៏ជាការចូលរួមយ៉ាងសកម្មមួយរបស់កម្ពុជា ក្នុងដំណើរការនៃស្ថាប័នអង្គការសហប្រជាជាតិ ការកសាងពហុភាគីនិយម និងការអនុវត្តសកម្មភាពក្រោមសរសរស្ដម្ពទាំង៣ នៃអង្គការ UNCTAD គឺការស្រាវជ្រាវ និងវិភាគ ការកសាងកុងសង់ស៊ីស និងកិច្ចសហប្រតិបត្តិបច្ចេកទេស។  

ក្នុងកិច្ចប្រជុំនេះដែរ លោក គង់ សុខហេង អនុព័ន្ធពាណិជ្ជកម្មប្រចាំស្ថានបេសកកម្មកម្ពុជា ក៏បានថ្លែងសេចក្ដីថ្លែងការណ៍របស់កម្ពុជា ដោយបានសំដែងនូវការគាំទ្រដល់ការងាររបស់អង្គការ UNCTAD ក្នុងការជួយដល់ប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសអភិវឌ្ឍន៍តិចតួច ដោយប្រទេសទាំងនោះ នៅមានភាពខ្វះខាតជាច្រើនដូចជា ការប្រកួតប្រជែងនៅមានកម្រិត កង្វះខាតផលិតភាព និងការអភិវឌ្ឍន៍សមត្ថភាព និងកម្រិតទាបនៃឧស្សាហភាវូបនីយកម្ម។ ជាមួយនោះដែរ តំណាងកម្ពុជាក៏បានស្នើសុំឲ្យអង្គការ UNCTAD ផ្សារភ្ជាប់ការងាររបស់ខ្លួនជាមួយកិច្ចព្រមព្រៀងទីក្រុង Bridgetown ដែលជាឯកសារលទ្ធផលនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃអង្គការ UNCTAD និងផែនការសកម្មភាពទីក្រុងដូហារសម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច (DPOA) ២០២២-២០៣១។

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ