ឯកឧត្តម ប៊ុន ចន្ធី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ចូលរួមសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី៣ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចតំបន់និងសមាហរណកម្មក្នុងអាស៊ីនិងប៉ាស៊ីហ្វិក

ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ ម៉ោង ១២:១០ នាទី ថ្ងៃត្រង់

👁 5

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(បាងកក)៖ កាលពីថ្ងៃទី២៨-៣០ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ប៊ុន ចន្ធី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ចូលរួមសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី៣ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចតំបន់និង  

សមាហរណកម្មក្នុងអាស៊ីនិងប៉ាស៊ីហ្វិក ដែលបានប្រព្រឹត្តទៅនៅទីក្រុងបាងកក ប្រទេសថៃ។ សន្និសីទ នេះ មានការអញ្ជើញចូលរួមពីប្រទេសជាសមាជិក ESCAP ក៏ដូចជាអង្គការអន្តរជាតិពាក់ព័ន្ធសំខាន់ៗ ផងដែរ។  

សន្និសីទនេះ ផ្តោតសំខាន់លើការកសាងភាពធន់ឆ្លើយតបនឹងវិបត្តិតាមរយៈកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងសមាហរណកម្មសេដ្ឋកិច្ចក្នុងវិស័យឌីជីថលភាវូបនីយកម្ម ការធ្វើសមាហរណកម្មទីផ្សារ ខ្សែច្រវាក់តម្លៃពាណិជ្ជកម្ម និងការវិនិយោគ និងការតភ្ជាប់តាមរយៈការដឹកជញ្ជូន ថាមពល និង ICT ប្រកបដោយបរិយាប័ន្ន និងចីរភាព។ ក្នុងនោះ សមាជិកទាំងអស់បានពិនិត្យនិងពិភាក្សាលើរបៀបវារៈចំនួនបី គឺ ១) ការធ្វើឱ្យមានភាពធន់តាមរយៈពាណិជ្ជកម្ម និងការវិនិយោគសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពក្នុងគ្រាមានវិបត្តិ  ២) ការធ្វើឱ្យមានភាពធន់តាមរយៈការតភ្ជាប់ដោយរលូន និងចីរភាព និង៣) ដំណើរឆ្ពោះទៅអនាគតឌីជីថលប្រកបដោយបរិយាប័ន្ន ដោយក្នុងនោះសន្និសីទបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់ និងតួនាទីរបស់វិស័យពាណិជ្ជកម្ម និងការវិនិយោគក្នុងការជួយបង្កើតភាពធន់នៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ ការពង្រីកបណ្តាញវិនិយោគផ្ទាល់ពីបរទេសនៅអាស៊ីនិងប៉ាស៊ីហ្វិក សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ដែលអាចជួយឱ្យសម្រេចបាននូវអាទិភាព និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងពង្រឹងការត្រៀមខ្លួនសម្រាប់ការផ្លាស់ប្តូរឌីជីថល។  

ក្នុងសន្និសីទនេះផងដែរ សមាជិកទាំងអស់បានទទួលស្គាល់ពីសារៈសំខាន់ និងតួនាទីការតភ្ជាប់ឌីជីថលក្នុងការធ្វើឱ្យមានភាពធន់ឆ្លើយតបនឹងវិបត្តិ និងបានជំរុញឱ្យមានវិធានការនិងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅថ្នាក់តំបន់ដើម្បីលើកកម្ពស់ឌីជីថលភាវូបនីយកម្ម ការអភិវឌ្ឍសមត្ថភាពឌីជីថលសម្រាប់ការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលប្រកបដោយបរិយាប័ន្ន និងចីរភាព ជាពិសេសសម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ