ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ ម៉ោង ០២:២២ នាទី រសៀល
👁 0
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលដំណើរបេសកកម្មត្រួតពិនិត្យនៃការអនុវត្តគម្រោងក្រោមកម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្មពាណិជ្ជកម្ម (Enhanced Integrated Framework - EIF) ដែលមកទស្សនៈកិច្ចនៅកម្ពុជានៅថ្ងៃទី៣-៤ ខែតុលា ឆ្នាំ២០២២ និងបានអញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធីបើកនៃកិច្ចប្រជុំជាមួយអន្តរក្រសួងស្ថាប័ន និងដៃគូអនុវត្តន៍គម្រោង ដែលបានប្រព្រឹត្តិទៅនៅទីស្តីការក្រសួងពាណិជ្ជកម្ម។
គោលបំណងសំខាន់នៃបេសកកម្មត្រួតពិនិត្យនេះ គឺដើម្បីត្រួតពិនិត្យ និងវាយតម្លៃ ព្រមទាំងស្វែងយល់បន្ថែមពីលទ្ធផល និងសមិទិ្ធផលសំខាន់ៗជាក់ស្តែង ដែលដៃគូអនុវត្តន៍គម្រោងទទួលបានអត្ថប្រយោជន៍ពី EIF ចាប់តាំងការអនុវត្តគម្រោងពីឆ្នាំ២០១០ មកដល់បច្ចុប្បន្ននេះ ដើម្បីចែករំលែកជាបទពិសោធន៍ដល់ប្រទេសអភិវឌ្ឍន៍តិចតួចផ្សេងៗទៀត និងបង្ហាញពីភាពជោគជ័យពីកម្ពុជា។
គណៈប្រតិភូបេសកកម្មនេះ រួមមាន តំណាង EIF តំណាងក្រសួងការបរទេសនៃប្រទេសហ្វាំងឡង់ តំណាងភ្នាក់ងារអភិវឌ្ឍន៍នៃប្រទេសស៊ុយអែត តំណាងក្រសួងការបរទេស និងពាណិជ្ជកម្មរបស់ប្រទេសអូស្ត្រាលី តំណាងសហភាពអឺរ៉ុប តំណាងស្ថានបេសកកម្មអចិន្រ្តៃយ៍នៃចក្រភពអង់គ្លេស តំណាងក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មនៃប្រទេសឡាវ តំណាងក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មនៃប្រទេសហ្សាំប៊ី (Zambia)។
ឆ្លៀតក្នុងឱកាសបើកកម្មវិធីនេះ លោកជំទាវរដ្ឋលេខាធិការ បានស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណចំពោះគណៈប្រតិភូរបស់ EIF ដែលបានមកទស្សនៈកិច្ចការងារនៅកម្ពុជា និងដើម្បីស្វែងយល់លម្អិតពីសមិទិ្ធផលសំខាន់ៗ ដែលក្រសួងពាណិជ្ជកម្ម និងភ្នាក់ងារអនុវត្តគម្រោងបាន និងកំពុងអនុវត្តគម្រោង ដែលទទួលបានការគាំទ្រហិរញ្ញប្បទានពី EIF និងដៃគូអភិវឌ្ឍន៍នានា។
លោកជំទាវរដ្ឋលេខាធិការ បានលើកពីសារៈសំខាន់នៃការគាំទ្រហិរញ្ញប្បទានពី EIF និងទទួលបានសមិទិ្ធផលសំខាន់ៗដ៏ត្រចះត្រចង់ ដែលបានចូលរួមជួយដល់ការអភិវឌ្ឍវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ចនៃប្រទេសកម្ពុជា។ កម្ពុជា និង EIF ជាដៃគូសហការការងារយ៉ាងជិតស្និទ្ធបំផុតកន្លងមក កម្ពុជា គឺគំរូដ៏ល្អមួយក្នុងការអនុវត្តគម្រោង EIF ដែលប្រទេសអភិវឌ្ឍតិចតួចផ្សេងទៀតគួរយកគំរូ ហើយ EIF បាននិងកំពុងបន្តជួយគាំទ្រកម្ពុជាទាំងផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសរហូតដល់មានលទ្ធផលផ្លែផ្កាដល់បច្ចុប្បន្ន។
គណៈប្រតិភូបេសកកម្ម EIF អមដោយនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិបានទៅទស្សនៈកិច្ចការងារ និងចុះពិនិត្យមើលជាក់ស្តែងនៅ ១) វិទ្យាស្ថានម្ហូបអាហារកម្ពុជា (ACAC) ២) សមាគមសហគ្រិនវ័យក្មេងកម្ពុជា ៣) ក្រុមហ៊ុនអេមរុ រាយស៍ (AMRU Rice) ប្រកបដោយលទ្ធផលផ្លែផ្កា និងភាពស្និទ្ធស្នាលបំផុត។ បន្ទាប់មក នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិបានរៀបចំកិច្ចប្រជុំជាមួយដៃគូអភិវឌ្ឍន៍នានា ដែលបាន និងកំពុងអនុវត្តគម្រោងនានាពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្ម ដើម្បីធ្វើបច្ចុប្បន្នភាពលើគម្រោង និងគំនិតផ្តួចផ្តើមនានាពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្ម ដែលមានការចូលរួមពីតំណាងសហភាពអឺរ៉ុប ធនាគារពិភពលោក អង្គការ Swisscontact ភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់ និងអង្គការ UNIDO ផងដែរ។
ជាកិច្ចបញ្ចប់ ឯកឧត្តម សំហេង បូរ៉ា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងលោកជំទាវរដ្ឋលេខាធិការ និងឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណចំពោះវត្តមានរបស់គណៈប្រតិភូបេសកកម្មនេះ និងសូមស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការនានាពីដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្មនៅកម្ពុជា៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣