ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ ម៉ោង ០៧:៤១ នាទី យប់
👁 36
(ភ្នំពេញ)៖ យោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ តាមរយៈគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធររាជធានី ខេត្ត ឱ្យបើកយុទ្ធនាការចាក់វ៉ាក់សាំងជាលក្ខណៈទ្រុងទ្រោយធំទូទាំងប្រទេស ដោយពលរដ្ឋអាយុចាប់ពី១៨ឆ្នាំឡើងទៅ ដែលស្ថិតក្នុងក្រុមអាទិភាពនៃការចាក់វ៉ាក់សាំងចូលរួមទទួលវ៉ាក់សាំងតាមគោលការណ៍ស្ម័គ្រចិត្ត ដើម្បីការពារខ្លួន និងក្រុមគ្រួសារ កុំឱ្យឆ្លងជំងឺកូវីដ-១៩។
តាមរយៈនៃយុទ្ធនាការចាក់វ៉ាក់សាំងនេះ ឯកឧត្តមសាស្រ្តាចារ្យវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានចាត់បញ្ជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក មកចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនមន្រ្តីរាជការក្រសួងពាណិជ្ជកម្មចំនួន ១៣៦៤នាក់ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។
នាថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ ដែលជាថ្ងៃចុងក្រោយនៃយុទ្ធនាការចាក់វ៉ាក់សាំងលើកទី១នេះ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមពិធីបិទ យុទ្ធនាការចាក់វ៉ាក់សាំងការពារកូវីដ-១៩ (ស៊ីណូវ៉ាក់) លើកទី១ របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក ជូនមន្ត្រីរាជការក្រោមឱវាទក្រសួង ចំនួន ១៣៦៤នាក់ តាមគោលការណ៍ស្ម័គ្រចិត្ត ដើម្បីចូលរួមការពារ បង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាឧបករណ៍ថ្មីមួយបន្ថែមលើវិធានការសុខាភិបាលដែលមានស្រាប់ សម្រាប់ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងសង្រ្គោះជីវិតមនុស្សដែលជួយបុគ្គលមិនឱ្យឈឺធ្ងន់ធ្ងរនៅពេលឆ្លងជំងឺកូវីដ-១៩និងកាត់បន្ថយការព្យាបាលនៅមន្ទីរពេទ្យ។ វ៉ាក់សាំងកូវីដ-១៩ ដែលកំពុងប្រើប្រាស់នៅព្រះរាជាណាចក្រកម្ពុជា ជាវ៉ាក់សាំងដែលបានធ្វើតេស្តពីសុវត្ថិភាព និងប្រសិទ្ធភាពម៉ត់ចត់ និងកំពុងប្រើប្រាស់នៅតាមបណ្តាប្រទេសនានាក្នុងតំបន់ និងក្នុងពិភពលោក ដែលបណ្តាប្រទេសមួយចំនួន បាននិងកំពុងដំណើរការចាក់បានរាប់សិបលាននាក់ទៅហើយ។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាល ឯកឧត្តមសាស្រ្តាចារ្យវេជ្ជបណ្ឌិតរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ មន្ត្រីរាជការក្រសួងសុខាភិបាល និងក្រុមគ្រូពេទ្យជួរមុខ ជាពិសេសក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក ដែលបានយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ក្នុងរយៈពេល៤ថ្ងៃកន្លងមកនេះ ជូនមន្ត្រីរាជការក្រសួងពាណិជ្ជកម្ម ដើម្បីរួមចំណែកក្នុងការការពារ បង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺដ៏កាចសាហាវនេះ។
ឯកឧត្តមរដ្ឋមន្ត្រី បានក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ដែលបានទទួលវ៉ាក់សាំងរួចហើយ ត្រូវបន្តតាមដានពិនិត្យសុខភាព ត្រៀមលក្ខណៈដើម្បីចាក់លើកទី២ និងត្រូវបន្តអនុវត្តឱ្យបានត្រឹមត្រូវតាមអនុសាន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងវិធានការរបស់ក្រសួងសុខាភិបាល ក្នុងការពារការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសត្រូវបន្តអនុវត្តនូវវិធានការ បីកុំ គឺទី១៖ កុំចាប់ដៃគ្នាដោយងាកមកប្រើវប្បធម៌សំពះរបស់ខ្មែរយើងជាជំនួសវិញ ទី២៖ កុំទៅកន្លែងណា ដែលមានមនុស្សច្រើន និងទី៣៖ កុំនៅក្នុងបន្ទប់បិទជិត គ្មានខ្យល់ចេញចូល ជាពិសេសបន្ទប់ដែលមានម៉ាស៊ីនត្រជាក់។ និងបីការពារ គឺទី១៖ ត្រូវនាំគ្នាពាក់ម៉ាស់ឱ្យបានគ្រប់គ្នា និងគ្រប់ទីកន្លែង ជាពិសេសនៅតាមទីកន្លែងសាធារណៈ ទី២៖ ត្រូវលាងសម្អាតដៃជាមួយអាល់កុល ឬជែលជាប្រចាំ និងឱ្យបានញឹកញាប់ ជាពិសេសមុនពេលបរិភោគអាហារ និងក្រោយពេលបានប៉ះពាល់វត្ថុផ្សេងៗ និងទី៣៖ ត្រូវរក្សាគម្លាតសុវត្ថិភាពបុគ្គល ដោយត្រូវនៅឃ្លាតពីគ្នាយ៉ាងតិចមួយម៉ែត្រកន្លះ៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣