ឯកឧត្តម ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារទ្វេភាគីជាមួយ លោកជំទាវ Michelle Chan លេខាធិការរងទទួលបន្ទុកអាស៊ីអាគ្នេយ៍ និងដៃគូសាកល នៃក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី

ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ ម៉ោង ១០:៥៤ នាទី ព្រឹក

👁 0

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ភ្នំពេញ)៖ នារសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ទទួលជួបពិភាក្សាការងារទ្វេភាគីជាមួយ លោកជំទាវ Michelle Chan លេខាធិការរងទទួលបន្ទុកអាស៊ីអាគ្នេយ៍ និងដៃគូសាកល នៃក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី ឯកឧត្តម Pablo Kang ឯកអគ្គរាជទូតអូស្តា្រលី ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម  Will Nankervis ឯកអគ្គរាជទូតនៃស្ថានបេសកកម្មអូស្តា្រលីប្រចាំអាស៊ាន និងសហការី ដើម្បីពិភាក្សាការងារសំដៅជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី និងតំបន់ ពិសេសលើវិស័យពាណិជ្ជកម្ម និងវិនិយោគ។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តមរដ្ឋលេខាធិការ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណចំពោះភាគីអូស្រ្តាលី ដែលបានផ្តល់ការគាំទ្រដល់កម្ពុជា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ ជាពិសេសការគាំទ្រដល់សមិទ្ធផលអាទិភាពសេដ្ឋកិច្ច(PEDs) របស់កម្ពុជា និងកិច្ចសហការដ៏ល្អ ក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) រួមមាន ការចរចាដំទ្បើងកម្រិតកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-អូស្រ្តាលី-នូវែលសេទ្បង់ (AAZNFTA Upgrade Negotiations) និងការគាំទ្រដល់ការការអនុវត្តកិច្ចព្រមព្រៀងអាសិប (RCEP) ជាដើម។

ឯកឧត្តមរដ្ឋលេខាធិការ ក៏បានផ្លាស់ប្តូរយោបល់ លើកិច្ចសហប្រតិបត្តិការក្រោមក្របខ័ណ្ឌភាពជាដៃគូមេគង្គ-អូស្រ្តាលី ពាក់ព័ន្ធនឹងកិច្ចការប្រកួតប្រជែងនិងការការពារអ្នកប្រើប្រាស់ រវាងអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) នៃក្រសួងពាណិជ្ជកម្ម គណៈកម្មាធិការជាតិកិច្ចការពារអ្នកប្រើប្រាស់ (គ.ជ.ក.ប) និងគណៈកម្មាធិការកិច្ចការពារអ្នកប្រើប្រាស់និងការប្រកួតប្រជែងអូស្រ្តាលី (ACCC) រួមមាន ភាពជាដៃគូក្នុងកិច្ចការពារអ្នកប្រើប្រាស់កម្ពុជា-អូស្ត្រាលី (CACPP) ដែលទើបប្រកាសជាផ្លូវការ កាលពីខែកញ្ញា កន្លងទៅ។

ជាការឆ្លើយតប លោកជំទាវបានថ្លែងអំណរគុណ នូវការផ្តល់កិច្ចសហប្រតិបត្តិការបានយ៉ាងល្អរវាងក្រសួងពាណិជ្ជកម្មនិងភាគីអូស្ត្រាលី នាពេលកន្លងមក ហើយលោកជំទាវបានជំរុញឱ្យបន្តកិច្ចសហប្រតិបត្តិការនេះ ឱ្យមានការរីកចម្រើនបន្ថែមទៀត ដែលក្នុងនោះ លោកជំទាវបានជំរុញឱ្យក្រសួងពាណិជ្ជកម្ម លើកគម្រោងស្នើសុំជំនួយបច្ចេកទេស ក្រោមកិច្ចសហប្រតិបត្តិការតំបន់ សម្រាប់ការកសាងសមត្ថភាពមន្ត្រីនិងការពង្រឹងស្ថាប័ន ដែលស្ថិតនៅក្រោមគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ពាណិជ្ជកម្មតំបន់ ដែលមានទឹកប្រាក់សរុប ៤៦លានដុល្លារអូស្ត្រាលី។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានជម្រាបជូនអំពីលទ្ធផលសំខាន់ៗនៃកិច្ចប្រជុំពិគ្រោះយោបល់អាស៊ាន-អូស្ត្រាលី-នូវែលសេឡង់លើកទី២៧ និងកិច្ចប្រជុំរដ្ឋមន្ត្រីអាសិបលើកទី១ ដែលក្នុងនោះ ភាគីទាំងពីរបានបន្តពិភាក្សាអំពីជំហានបន្ទាប់ ក្នុងការសម្រេចបញ្ចប់ការចរចាដំឡើងកម្រិតកិច្ចព្រមព្រៀងAANZFTA ក្នុងឆ្នាំ២០២២ ក៏ដូចជាការប្តេជ្ញាចិត្ត ក្នុងការអនុវត្តកិច្ចព្រមព្រៀងអាសិបឱ្យបានពេញលេញ។ ទន្ទឹមនឹងនេះ លោកជំទាវបានសម្តែងការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងគ្រប់ភាគី ក្នុងការចរចាដំឡើងកម្រិតកិច្ចព្រមព្រៀងAANZFTA ដែលជាសមិទ្ធផលអាទិភាពមួយរបស់កម្ពុជា ក៏ដូចជាកិច្ចការអាទិភាពសម្រាប់កិច្ចសហប្រតិបត្តិការរវាងអាស៊ាន-អូស្ត្រាលី-នូវែលសេឡង់ ក្នុងឆ្នាំ២០២២។

ជាកិច្ចបញ្ចប់ ភាគីទាំងពីរបានគូសបញ្ជក់ជាថ្មីនូវការប្តេជ្ញាចិត្ត លើកកម្ពស់កិច្ចសហប្រតិបត្តិការវាងកម្ពុជា និងអូស្រ្តាលី ដើម្បីជំរុញវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ