ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ ម៉ោង ០៦:០៤ នាទី ល្ងាច
👁 0
ទីស្តីការក្រសួងពាណិជ្ជកម្ម៖ នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ គណៈកម្មការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាលសហព័ន្ធស្វាយចន្ទីកម្ពុជា បានរៀបចំកិច្ចប្រជុំ ដើម្បីពិនិត្យ និងតាមដានវឌ្ឍនភាពចុងក្រោយនៃការត្រៀមរៀបចំសន្និបាតកំណើតដំបូង “សហព័ន្ធស្វាយចន្ទីកម្ពុជា” ក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ ថូរ៉ា និងឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដោយមានការចូលរួមពី ថ្នាក់ដឹកនាំ ទីប្រឹក្សាក្រសួង តំណាងអគ្គនាយកដ្ឋាននិងនាយកដ្ឋានពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍និងវិស័យឯកជនពាក់ព័ន្ធ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម ម៉ៅ ថូរ៉ា ប្រធានអង្គប្រជុំ បានសម្តែងការស្វាគមន៍ ព្រមទាំងអនុញ្ញាតឱ្យក្រុមការងារនៃគណៈកម្មការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាលសហព័ន្ធស្វាយចន្ទីកម្ពុជា រាយការណ៍ពីវឌ្ឍនភាពនៃការងារត្រៀមរៀបចំបោះឆ្នោតជ្រើសរើសប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាលនៅក្នុងពិធីសន្និបាតកំណើតដំបូង “សហព័ន្ធស្វាយចន្ទីកម្ពុជា” ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ នៅសណ្ឋាគារហ៊ីម៉ាវារី រាជធានីភ្នំពេញ។
ក្នុងឱកាសនោះដែរ អង្គប្រជុំបានពិភាក្សាផ្លាស់ប្តូរយោបល់ពាក់ព័ន្ធនឹង ដំណើរការរៀបចំនីតិវិធីបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាល ប្រធាន និងអនុប្រធាន ដែលក្នុងនោះមានការលើកឡើងអំពី ការរៀបចំសន្លឹកឆ្នោត ការរៀបចំបញ្ជីឈ្មោះភ្ញៀវចូលរួមកម្មវិធី បញ្ជីឈ្មោះអ្នកចូលរួមបោះឆ្នោត និងបេក្ខភាពអ្នកឈរឈ្មោះបោះឆ្នោត ដែលមានសមាភាពមកពីតំណាងសមាគម សហគមន៍ ក្រុមហ៊ុននាំចេញ អ្នកផលិត និងអ្នកកែច្នៃ ក្នុងវិស័យស្វាយចន្ទី សំដៅធ្វើយ៉ាងណាឱ្យការបោះឆ្នោតប្រព្រឹត្តទៅប្រកបដោយសុក្រឹតភាពនិងតម្លាភាព។
ជាកិច្ចបញ្ចប់ អង្គប្រជុំបានឯកភាពលើការបែងចែកការងារ និងបានស្នើឱ្យដៃគូអភិវឌ្ឍន៍និងភាគីពាក់ព័ន្ធបន្តសហការឱ្យបានជិតស្និទ្ធជាមួយក្រសួងពាណិជ្ជកម្ម ដើម្បីឱ្យការរៀបចំការបោះឆ្នោតជ្រើសរើសប្រធាននិងសមាជិកក្រុមប្រឹក្សាភិបាល និងសន្និបាតកំណើតដំបូង “សហព័ន្ធស្វាយចន្ទីកម្ពុជា” ទទួលបានជោគជ័យតាមការគ្រោងទុក៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣