ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ម៉ោង ១០:១៧ នាទី យប់
👁 9
(កណ្ដាល)៖ នាថ្ងៃពុធ ២រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងទី១២ ខែតុលា ឆ្នាំ២០២២នេះ ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំក្រុមការងារដែលមានសមាសភាពចូលរួមពី លោកអគ្គនាយករងជំរុញពាណិជ្ជកម្ម លោកប្រធាន និងមន្ត្រីជំនាញនៃនាយកដ្ឋានគោលនយោបាយពាណិជ្ជកម្ម នាយកដ្ឋានកម្មសិទ្ធិបញ្ញា មន្ទីរពាណិជ្ជកម្មខេត្តកណ្តាល អាជ្ញាធរមូលដ្ឋាន ប្រធាន-អនុប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមសហព័ន្ធចម្លាក់ប្រាក់-ស្ពាន់កម្ពុជា ដើម្បីចុះពិនិត្យការរៀបចំមជ្ឈមណ្ឌលជំរុញអភិវឌ្ឍន៍វិស័យចម្លាក់ប្រាក់-ស្ពាន់កម្ពុជា ទីតាំងសម្រាប់ធ្វើជាទីស្នាក់ការរបស់សហព័ន្ធ និងសម្រាប់ដាក់តាំងស្នាដៃចម្លាក់
នៅឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល។
គោលបំណងនៃការចុះពិនិត្យនេះគឺដើមី្បពិភាក្សាលើចំណុចសំខាន់ចំនួន ៣រួមមាន ១- ពិនិត្យវឌ្ឍនភាពនៃការរៀបចំមជ្ឈមណ្ឌលជំរុញអភិវឌ្ឍន៍វិស័យចម្លាក់ប្រាក់-ស្ពាន់កម្ពុជា ២-ការចុះបញ្ជីសមាគមសហព័ន្ធចម្លាក់ប្រាក់-ស្ពាន់កម្ពុជា និង៣- ការចុះបញ្ជីម៉ាកសមូហភាព។
មានមតិបើកកិច្ចប្រជុំពិភាក្សាក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានស្នើសុំឱ្យសមាគមសហព័ន្ធពន្លឿនការសាងសង់ទីស្នាក់ការរបស់សមាគមសហព័ន្ធឱ្យបានឆាប់រហ័ស ដោយត្រូវសុំច្បាប់អនុញ្ញាតសាងសង់ពីស្ថាប័នពាក់ព័ន្ធ និងអជ្ញាធរដែនដី ជាពិសេស គួរសាងសង់តាមរចនាបទខ្មែរដើម្បីស្របទៅនឹងវិស័យចម្លាក់ប្រាក់-ស្ពាន់ ដែលជាកេរ្តិ៍តំណែលវប្បធម៌ និងបញ្ជាក់ពីអត្តសញ្ញាណភូមិសាស្ត្រដែលមានប្រវត្តិយូរលង់ ព្រមជាមួយនឹងការទាក់ទាញទេសចរណ៍ និងបង្កើតបរិយាកាសពាណិជ្ជកម្មលើវិស័យចម្លាក់ប្រាក់-ស្ពាន់ថែមទៀតផង។
ឯកឧត្តមរដ្ឋលេខាធិការ ក៍បានថ្លែងថា ដើមី្បឱ្យវិស័យចម្លាក់ប្រាក់-ស្ពាន់ មានដំណើរការប្រកបដោយនិរន្តរភាព ធានាបាននូវគុណភាព សមត្ថភាពផ្គត់ផ្គង់ ផលិតផលមានម៉ាកសញ្ញា និងការសម្គាល់អត្តសញ្ញាណភូមិសាស្ត្រ ចាំបាច់ត្រូវឱ្យតួអង្គពាក់ព័ន្ធជួយពន្លឿនការចុះបញ្ជីសមាគមសហព័ន្ធឱ្យបានឆាប់ ព្រោះក្រសួងពាណិជ្ជកម្មបានរៀបចំរួចជាស្រេចនូវម៉ាកសមូហភាព ដោយរងចាំការចុះបញ្ជីសមាគមសហព័ន្ធរួចរាល់ នឹងអាចឱ្យសមាជិកសមាគមសហព័ន្ធបានប្រើប្រាស់នូវម៉ាកសមូហភាពនេះ ដែលនឹងបម្រើផ្តល់ប្រយោជន៍ជូនសមាជិកសមាគមសហព័ន្ធ ដើមី្បជំរុញការប្រកួតប្រជែង ធានាទំនុកចិត្ត និងការទទួលស្គាល់ប្រភពដើមផលិតផលជូនពាណិជ្ជករ និងអ្នកប្រើប្រាស់។
ជាកិច្ចបន្ទាប់ ប្រតិភូក្រសួងពាណិជ្ជកម្ម បានអញ្ជើញចុះទស្សនកិច្ចការសាងសង់ ទីស្នាក់ការរបស់សមាគមសហព័ន្ធ និងសម្រាប់ដាក់តាំងបង្ហាញស្នាដៃចម្លាក់ ដើម្បីពិនិត្យពីស្ថានភាព និងគ្រោងរៀបចំអញ្ជើញថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្មចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់ ក្រោយការសាងសង់រួចរាល់ជាស្ថាពរ៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣